តំណែងនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ នៅគង់ ក្រោយឈ្នះក្តីរឿងប្រើប្រាស់ផ្ទះយោធា
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តំណែងនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ នៅគង់ ក្រោយឈ្នះក្តីរឿងប្រើប្រាស់ផ្ទះយោធា
03, Dec 2020 , 6:29 am        
រូបភាព
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ត្រូវបានតុលាការធម្មនុញ្ញថៃរកឃើញថា គ្មានទោសកំហុស ដែលលោករស់នៅផ្ទះសម្រាប់យោធា ខណៈកាន់តំណែងជានាយករដ្ឋមន្ត្រី។ ការណ៍ដែលលោកឈ្នះក្តីនេះ មានន័យថាតំណែងនាយករដ្ឋមន្រ្តីនេះ នៅគង់សម្រាប់លោកដដែល។



ក្នុងសាលក្រមដែលអាននៅតុលាការធម្មនុញ្ញក្នុងទីក្រុងបាងកក នៅរសៀលថ្ងៃទី ២ ខែធ្នូ ការចូលកាន់កាប់ផ្ទះសម្រាប់យោធារបស់លោក ប្រាយុទ្ធ ត្រូវបានអនុញ្ញាតក្រោមបទបញ្ញត្តិយោធាឆ្នាំ២០០៥ មួយ ដែលបើកផ្លូវឲ្យថ្នាក់ដឹកនាំកំពូលយោធារបស់ថៃអាចបន្តស្នាក់នៅបន្ទាយ ក្រោយពួកគេចូលនិវត្តន៍ ប្រសិនបើពួកគេបន្តធ្វើការបម្រើប្រទេសបានល្អនោះ។

តាមការចុះផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍ តុលាការធម្មនុញ្ញថៃ បញ្ជាក់ថា បទបញ្ញាត្តិនេះ បានចូលជាធរមាន មុនពេលលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ កាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោកថៃ ហើយអតីតថ្នាក់ដឹកនាំកំពូលកងទ័ពថៃផ្សេងទៀត ក៏ទទួលបានផលប្រយោជន៍ដូចគ្នានេះ។

តុលាការថៃ អះអាងទៀតថា លោក ប្រាយុទ្ធ បានបម្រើប្រទេសបានល្អកាលកាន់តំណែងជាមេទ័ពជើងគោកថៃ ដូច្នេះហើយទើបបទបញ្ញត្តិរបស់យោធាថៃនេះ បានអនុញ្ញាតឲ្យអតីតមេទ័ពរូបនេះបន្តប្រើប្រាស់បន្ទាយទាំងនេះសម្រាប់ស្នាក់នៅ ដោយគ្រាន់តែបង់ថ្លៃភ្លើង និងទឹកតែប៉ុណ្ណោះ។

សាលក្រមតុលាការថៃ លើកឡើងទៀតថា នាយករដ្ឋមន្ត្រីជាតួនាទីដ៏សំខាន់ និងសន្តិសុខសម្រាប់លោកនិងក្រុមគ្រួសារលោក ក៏សំខាន់ដែរ ដូច្នេះរដ្ឋត្រូវតែផ្ដល់សន្តិសុខចាំបាច់ និងការស្នាក់នៅ ដែលមានសុវត្ថិភាព ហើយផ្ដល់ឯកជនភាពដែលអនុញ្ញាតឲ្យលោកប្រព្រឹត្តកាពត្វកិច្ចពេញលេញសម្រាប់ប្រយោជន៍សាធារណៈ។

ការទទួលបានសេវាទឹកនិងភ្លើងដោយឥតគិតថ្លៃ ក៏ពុំត្រូវចាត់ទុកជា ទំនាស់ផលប្រយោជន៍ ដ្បិតពួកវាជាផ្នែកមួយនៃសុខុមាលភាពដែលមកភ្ជាប់ជាមួយផ្ទះ។ សម្រាប់ហេតុផលនេះ តុលាការធម្មនុញ្ញថៃ កាត់សេចក្តីថា តំណែងនាយករដ្ឋមន្ត្រីប្រាយុទ្ធ ពុំត្រូវកាត់ផ្ដាច់ឡើយ ហើយលោកក៏មិនល្មើសក្រមសីលធម៌ធ្ងន់ធ្ងរ។

មែនទែនទៅ សាលក្រមនេះ គឺការកំណត់ជោគវាសនារបស់លោក ប្រាយុទ្ធ។ បើលោកចាញ់ក្តីនេះ លោកនឹងអស់តំណែងជានាយករដ្ឋមន្ត្រីតែម្ដង ហើយគណៈរដ្ឋមន្ត្រីលោកក៏នឹងត្រូវរំលាយចោលផងដែរ។ ហើយបើសិនជាតុលាការកាត់ក្តីថា លោកល្មើសក្រមសីលធម៌ធ្ងន់ធ្ងរ លោកក៏នឹងត្រូវហាមឃាត់ពីការធ្វើនយោបាយ២ឆ្នាំ។
 
សូមបញ្ជាក់ថា លោក ប្រាយុទ្ធ បានចូលនិវត្ត៍ជាមេទ័ពជើងគោកថៃកាលពីខែកញ្ញា ឆ្នាំ២០១៤ ដោយឡើងធ្វើជានាយករដ្ឋមន្ត្រីក្រោយរដ្ឋប្រហាររួច។ ការដាក់ពាក្យបណ្ដឹងប្រឆាំងលោកប្រាយុទ្ធពីសំណាក់បក្សប្រឆាំងថៃដ៏ធំនេះ គឺយោងតាម បទបញ្ញាត្តិផ្ទះសម្រាប់យោធា ដែលចែងថា «បុគ្គលណាដែលលែងកាន់កាតព្វកិច្ចទៀតហើយនោះ មិនខ្វល់ថាហេតុផលណាក៏ដោយក្តី ត្រូវចាកចេញពីផ្ទះសម្រាប់យោធា ក្នុងពេល១៨០ថ្ងៃ គិតចាប់តាំងពីថ្ងៃបុគ្គលរូបនេះដឹងបទបញ្ជាបែបនេះ»។

ទន្ទឹមនេះ បក្សភឿថៃ ដែលជាបក្សប្រឆាំងដ៏ធំរបស់ថៃ ក៏បានចោទប្រកាន់លោកប្រាយុទ្ធថាល្មើសច្បាប់ពុករលួយ ដែលហាមប្រាមមន្ត្រីរដ្ឋពីការទទួលយកផលប្រយោជន៍ ឬទ្រព្យសម្បត្តិ ដែលមានតម្លៃលើស ៣០០០ បាត ផងដែរ៕  



Tag:
 ថៃ
  ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com