កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ Brexit, ក្លិប​អង់គ្លេស​ទាំងអស់ មិនអាច​ទិញ​កីឡាករ​ពី​ក្រៅ​ស្រួលៗ​ទៀតឡើយ​
03, Dec 2020 , 9:43 am        
រូបភាព
​ក្លិប​នៅ Premier League នឹងមិន​អនុញ្ញាត​ឲ្យ​ទិញ​កីឡាករ​ពី​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប (EU) ដោយ​គ្មាន​លិខិតអនុញ្ញាត​ការងារ (GBE) ដូច​មុន​ទៀតឡើយ​។ កីឡាករ​បរទេស​ក្រោម​អាយុ​១៨​ឆ្នាំ​ក៏​មិនអាច​ទិញ​ចូល​ដែរ ក្រោម​បទ​ប្បញ្ញត្តិ ក្រោយ​អង់គ្លេស​ចាកចេញ​ពី​អឺរ៉ុប (Brexit)​។ នេះ​បើតាម​ការប្រកាស​របស់​លី​គ​កំពូល​អង់គ្លេស​នៅ​ថ្ងៃទី​១ ខែធ្នូ​។​



​នៅក្នុង​សេចក្តីប្រកាស​រួមមួយ​រវាង​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) និង​លី​គ​បាល់ទាត់​អង់គ្លេស (EFL) ច្បាប់​ថ្មី នឹង​ចូល​ជា​ធរមាន​ក្នុងអំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​លើក​ទី​ពីរ​ដែល​បើក​ដំណើរការ​នៅ​ខែមករា ឆ្នាំ​២០២១​។​
 
​ចក្រភព​អង់គ្លេស នឹង​ចាក​ចេញពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ បន្ទាប់ពី​ពន្យារពេល​ជាច្រើនលើក​ច្រើនសារ​ចាប់តាំងពី​ប្រជាជន​អង់គ្លេស​សម្រេចចិត្ត​ចែកផ្លូវ​ពី​អឺរ៉ុប​ក្នុង​ការធ្វើប្រជាមតិ​ឆ្នាំ​២០១៦​មក​។​ ​ដោយសារ​ការចាកចេញ​នេះ ស្ថាប័ន​គ្រប់គ្រង​លី​គ​កំពូល​អង់គ្លេស​ក៏បាន​កំណត់​ច្បាប់​ថ្មី​លើ​ការទិញ​ដូរ​កីឡាករ​ទាំង​ក្នុងប្រទេស​សហភាព​អឺរ៉ុប និង​កីឡាករ​បរទេស​ក្រោម​អាយុ​១៨​ឆ្នាំ​ចាប់ពី​ដើមឆ្នាំ​២០២១​តទៅ​។​
 
«​ក្រោយ Brexit ក្លិប​នៅ Premier League នឹង​មិនអាច​ចុះហត្ថលេខា​នាំយក​កីឡាករ​ដោយ​សេរី​ពី​សហភាព​អឺរ៉ុប​ដូច​មុន​ទៀតឡើយ​។ កីឡា​ករពី EU ដែល​ចង់​លេង​នៅ​លី​គ​កំពូល​អង់គ្លេស ឬ EFL តម្រូវ​ឲ្យ​ទទួលបាន GBE ជាមុនសិន ស្រដៀង​គ្នា​នឹង​ច្បាប់​កំណត់​លើ​កីឡាករ​បរទេស​ដែល​គ្មាន​សិទ្ធិ​ធ្វើការ​នៅ​ចក្រភព​អង់គ្លេស​»​។​
 
​ការយល់ព្រម​ពី​ស្ថាប័ន​រដ្ឋបាល ឬ GBE មានន័យថា ជាការ​យល់ព្រម​ដែល​ចេញ​ដោយ FA ទៅកាន់​ក្លិប​សម្រាប់​កីឡាករ​មាន​ទេពកោសល្យ​ដែល​មិន​ស្ថិតក្នុង​សហគមន៍​អឺរ៉ុប​/​តំបន់​សេដ្ឋកិច្ច​អឺរ៉ុប​។ GBE បង្កើត​ឡើងជា​អន្តរជាតិ​ក្នុង​កម្រិត​ខ្ពស់បំផុត​ដែល​ការងារ​នេះ​ធ្វើការ​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍ​បាល់ទាត់​ក្នុង​កម្រិត​ខ្ពស់បំផុត​នៅ​អង់គ្លេស​។​
 
​ដូច្នេះ​ច្បាប់​ថ្មី​នេះ នឹង​មើល​លើ​កីឡាករ EU ដែលមាន​សមត្ថភាព​ក​ម្រិ​ត​ខ្ពស់​ទើប​អាច​អនុញ្ញាត​ឲ្យ​ទិញ​ចូល​ទៅលេង​ក្នុង​ក្លិប​នៅ​អង់គ្លេស ក្រោយ Brexit ។ លក្ខណៈវិនិច្ឆ័យ​លើ​កីឡាករ ពឹង​ផ្អែកលើ​ការបង្ហាញ​ខ្លួន​សម្រាប់​ក្រុម​ជម្រើសជាតិ ការបង្ហាញ​ខ្លួន​តាម​ក្លិប ក៏ដូចជា​គុណភាព​ក្លិប​ដែល​កីឡាករ​ទាំងនោះ​ប្រកប​អាជីព​។​
 
​សម្រាប់​កីឡាករ​បរទេស​ក្រោម​អាយុ​១៨​ឆ្នាំ FA ក៏​មិន​អនុញ្ញាត​ឲ្យ​ក្លិប​នៅ Premier League ទិញ​ចូល​ដូច​មុន​ទៀត​ដែរ​។ យ៉ាងណាក៏ដោយ ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​នេះ បានអនុញ្ញាត​ឲ្យ​ទិញ​ចូល​កីឡាករ​ក្រោម​អាយុ​២១​ឆ្នាំ​ច្រើន​បំផុត​៣​នាក់​នៅ​ទីផ្សារ​ដោះដូ​ខែមករា​ខាង​មុន ហើយ​ត្រូវ​កំណត់​ត្រឹម​ចំនួន​៦​រូប​ប៉ុណ្ណោះ​ក្នុង​មួយ​រដូវ​កាល​៕

Tag:
 Premier League
  Brexit
  EU
© រក្សាសិទ្ធិដោយ thmeythmey.com