អន្តរជាតិ
ប្រទេស​បុ​ត​ស្វា​ណា​នឹង​បញ្ជូន​ដំរី​ត្រឡប់​ទៅ​អង់​ហ្គោ​ឡា​វិញ​ដើម្បី​បន្ថយ​ចំនួន​ដ៏​លើសលប់​ក្នុងប្រទេស​ខ្លួន​
03, Dec 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ ដំរី​ឈ្មោះ​អាហ្វ្រិក​កំពុង​ធ្វើ​សកម្មភាព​នានា​នៅតាម​ដង​ទន្លេ Boteti ប្រទេស​បុ​ត​ស្វា​ណា ឆ្នាំ​២០១៦​។​
​រូប​ឯកសារ​៖ ដំរី​ឈ្មោះ​អាហ្វ្រិក​កំពុង​ធ្វើ​សកម្មភាព​នានា​នៅតាម​ដង​ទន្លេ Boteti ប្រទេស​បុ​ត​ស្វា​ណា ឆ្នាំ​២០១៦​។​
​សត្វ​ដំរី​ច្រើនជាង​១៣០.០០០​ក្បាល​រស់នៅក្នុង​ប្រទេស​បុ​ត​ស្វា​ណា​ដែលជា​ចំនួន​ច្រើនជាងគេ​បំផុត​ក្នុង​ពិភពលោក​។​

 
​ប៉ុន្តែ​ដំរី​រាប់ម៉ឺន​ក្បាល​គឺជា​ដំរី​ដែល​ភៀសខ្លួន​ចេញពី​សង្គ្រាមស៊ីវិល​ជាច្រើន​ទសវត្សរ៍​ក្នុងប្រទេស​អង់​ហ្គោ​ឡា​ដែល​បានបញ្ចប់​កាលពី​ឆ្នាំ​២០០២​។​
 
​អ្នក​អភិរក្ស​ដូចជា​លោក Mike Chase នៃ​អង្គការ​ដំរី​គ្មាន​ព្រំដែន (Elephants Without Borders)​និយាយថា ចំនួន​ដំរី​ក្នុងប្រទេស​បុ​ត​ស្វា​ណា​បាន​កើនឡើង​ច្រើនពេក​បង្ក​ឲ្យ​មាន​ជម្លោះ​ជាមួយ​កសិករ​និង​មាន​កង្វះ​អាហារ​និង​ទឹក​។​
 
​លោក Chase ថ្លែងថា​៖«​ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គឺ​ត្រូវបញ្ជូន​ដំរី​ទាំងនេះ​ទៅកាន់​ទី​ដែលមាន​សុវត្ថិភាព ទី​ដែល​ពួកគេ​អាច​រស់នៅ​បង្កើតកូន​បង្កើត​ចៅ និង​អាច​តាំង​ទីលំនៅ​ឡើងវិញ​ក្នុង​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អង់​ហ្គោ​ឡា ដែល​មិនសូវមាន​សត្វ​ដំរី​»​។​
 
​ដើម្បី​ធ្វើ​បែប​នោះបាន ប្រទេស​អង់​ហ្គោ​ឡា​បាន​យល់ព្រម​សម្អាត​មីន​ពី​សង្គ្រាម ហើយ​ប្រទេស​បុ​ត​ស្វា​ណា​នឹង​ដក​របង​រារាំង​ការធ្វើ​ចំណាកស្រុក​របស់​សត្វ​ដំរី​។​
 
​អ្នកជំនាញ​ផ្នែក​គ្រប់គ្រង​សត្វព្រៃ​លោក Erik Verreynne និយាយថា ការធ្វើដំណើរ​របស់​ស​ត្វ​នៅ​ទាប​នៅឡើយ​។​
 
«​យើង​នៅតែ​ទទួលបាន​ការរាយការណ៍​ពី​ការ​ប្រមាញ់​សត្វ​ក្នុងប្រទេស​អង់​ហ្គោ​ឡា​។ យើង​ដឹងថា​គ្រាប់មីន​នៅតែ​ជា​បញ្ហា ទោះបីជា​ពួកគេ​កំពុង​ព្យាយាម​យក​វា​ចេញ​។ ខ្ញុំ​មិនដឹង​ទេ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​ដឹង​នៅពេលនេះ​គឺថា​វា​សំខាន់​ក្នុង​ការបើក​ច្រកព្រំដែន​ឲ្យ​ដំរី​ធ្វើដំណើរ​»​។​
 
​ប្រទេស​បុ​ត​ស្វា​ណា​ជា​ផ្នែក​មួយ​ក្នុង​តំបន់​អភិរក្ស Kavango-Zambezi Trans-frontier ដែលមាន​ប្រាំ​ប្រទេស​ជា​ដៃគូ​ក្នុងការ​អភិរក្ស​ធនធាន​ធម្មជាតិ​រួមគ្នា​។​
 
​នាយក​ប្រតិបត្តិ​នៃ​ក្រុម​នោះ​គឺ​លោក Nyambe Nyambe និយាយថា គោលដៅ​ក្នុង​ភាពជា​ដៃគូ​គឺ​ដើម្បី​ឲ្យ​សត្វព្រៃ​ធ្វើ​ចលនា​ដោយ​សេរី​ក្នុង​តំបន់​។​
 
«​ការរស់រាន​រយៈពេល​វែង​របស់​សត្វ​ដំរី​ពឹង​លើ​ការធានា​ឲ្យ​បាន​ថា​យើង​រក្សា​សន្តិសុខ​និង​ភ្ជាប់​ឡើងវិញ​នូវ​ច្រក​សម្រាប់​សត្វព្រៃ​ឆ្លង​ព្រំដែន​។ នៅពេលដែល​យើង​និយាយ​អំពី​អ្វីដែល​ប្រទេស​ជា​ដៃគូ​កំពុង​ធ្វើ​ដើម្បី​គាំទ្រ​ប្រទេស​អង់​ហ្គោ​ឡា​ជាពិសេស គ្រប់គ្នា​កំពុង​រួមចំណែក​ក្នុង​ដំណើរការ​នេះ​»​។​
 
​ប្រធានាធិបតី​ប្រទេស​បុ​ត​ស្វា​ណា​លោក Mokgweetsi Masisi បាន​និយាយថា រដ្ឋាភិបាល​របស់លោក​ពិត​ជាមាន​ឆន្ទៈ​យ៉ាងខ្លាំង​ក្នុងការ​សហការ​ជាមួយ​ប្រទេសជិតខាង ដើម្បី​បើក​ច្រកព្រំដែន​សម្រាប់​ការ​ចំណាកស្រុក​របស់​សត្វ​ដំរី​និង​គ្រប់គ្រង​ចំនួន​សត្វ​ដំរី​បាន​ប្រសើរ​ជាង​មុន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com