សហភាពអឺរ៉ុប បានរិះគន់ចក្រភពអង់គ្លេសថា យល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer នៅក្នុងប្រទេសលឿនពេក ខណៈការត្រួតពិនិត្យលើវ៉ាក់សាំង នៅមាននីតិវិធីជាច្រើនទៀត។ ជាការឆ្លើយតប អង់គ្លេសថា ខ្លួនមានរបៀបធ្វើការរបស់ខ្លួនដែលស្របតាមបទដ្ឋានអន្តរជាតិ។
អង់គ្លេស នៅថ្ងៃទី២ ខែធ្នូ បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer មុនដំបូងគេបំផុតនៅលើពិភពលោក តាមការណែនាំរបស់និយ័តករផលិតផលសុខភាព និងឱសថ (MHRA) ស្របពេលប្រទេសនៅតំបន់អឺរ៉ុបមួយនេះ កំពុងអុកឡុកដោយកូរ៉ូណាវីរុស។ តាមការប្រកាសរបស់រដ្ឋាភិបាល វ៉ាក់សាំងនឹងដាក់ឲ្យប្រើប្រាស់ចាប់ពីសប្តាហ៍ក្រោយទៅ។ ប៉ុន្តែចំណាត់ការដ៏លឿនបែបនេះ ត្រូវរងការរិះគន់ពីសហភាពអឺរ៉ុប។
តាមរយៈសេចក្តីថ្លែងការណ៍ថ្ងៃទី២ ខែធ្នូ ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) ដែលទទួលបន្ទុកចែកវ៉ាក់សាំងសម្រាប់សហភាពអឺរ៉ុប បានលើកឡើងថា សេចក្តីសម្រេចលើវ៉ាក់សាំងរបស់អង់គ្លេស ត្រូវបានធ្វើឡើងលឿងខ្លាំងពេក បន្ទាប់ពីអង់គ្លេស ពិនិត្យលើទិន្នន័យសាកល្បងក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ក្នុងន័យឌឺដងដាក់អង់គ្លេស សហភាពអឺរ៉ុប បានលើកឡើងទៀតថា នៅក្នុងនីតិវិធីផ្តល់អាជ្ញាប័ណ្ណលើវ៉ាក់សាំង គេចាំបាច់ត្រូវការរយៈពេលយូរ ដើម្បីយល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំង ដោយសារត្រូវការភស្តុតាង និងការត្រួតពិនិត្យជាច្រើនទៀត។ នៅថ្ងៃទី១ ខែធ្នូ សហភាពអឺរ៉ុបថា ខ្លួនអាចសម្រេចត្រឹមថ្ងៃទី២៩ ខែធ្នូ លើការយល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer។
ចំណែកអ្នកនាំពាក្យគណៈកម្មការអឺរ៉ុបវិញ បានលើកឡើងថា នីតិវិធីរបស់ទីភ្នាក់ងារឱសថអឺរ៉ុប មានគុណភាពខ្ពស់ ដើម្បីផ្តល់សុវត្ថិភាព និងវ៉ាក់សាំងមានប្រសិទ្ធភាពសម្រាប់ប្រជាជនអឺរ៉ុប។
ជាការឆ្លើយតបនឹងសហភាពអឺរ៉ុប លោកស្រី June Raine ប្រធាននិយ័តករផលិតផលសុខភាព និងឱសថអង់គ្លេស បានអះអាងថា ដំណើរការផ្តល់ការយល់ព្រមលើវ៉ាក់សាំងរបស់អង់គ្លេស ពឹងផ្អែកទាំងស្រុងលើទិន្នន័យដែលមាននៅក្នុងការត្រួតពិនិត្យវ៉ាក់សាំង ការវាយតម្លៃ និងយោបល់ដែលទទួលបាន។ បើតាមលោកស្រីប្រធាននិយ័តកររូបនេះ ផលិតផលសុខភាព និងថ្នាំពេទ្យអង់គ្លេស របៀបធ្វើការរបស់ទីភ្នាក់ងារមួយនេះ ស្របលក្ខណៈជាបទដ្ឋានអន្តរជាតិ។
តាមទីភ្នាក់ងារព័ត៌មាន Reuters ទីភ្នាក់ងារឱសថអឺរ៉ុប បានចាប់ផ្តើមត្រួតពិនិត្យលើទិន្នន័យបឋមពីការសាកល្បងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer តាំងពីថ្ងៃទី៦ ខែតុលា ដើម្បីជានីតិវិធីបន្ទាន់ ក្នុងគោលបំណងពន្លឿនការយល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំង ដែលជាធម្មតាត្រូវប្រើរយៈពេលរហូតដល់ ៧ខែឯណោះ។ រីឯអង់គ្លេសវិញ បានចាប់ផ្ដើមពិនិត្យទិន្នន័យបឋមរបស់ក្រុមហ៊ុន Pfizer នៅថ្ងៃទី៣០ ខែតុលាប៉ុណ្ណោះ។
សូមបញ្ជាក់ថា បន្ទាប់ពីអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុខ បានសាទរយ៉ាងខ្លាំង ស្របពេលលេខាធិការព័ត៌មាន លោកស្រី Allegra Stratton បានលើកឡើងពីលទ្ធភាពរបស់នាយករដ្ឋមន្ត្រីអាចចាក់វ៉ាក់សាំងលើកញ្ចក់ទូរទស្សន៍ ដើម្បីបង្កើនភាពទុកចិត្តសម្រាប់ប្រជាជន។ ប៉ុន្តែវ៉ាក់សាំងត្រូវផ្តល់ឲ្យជនងាយរងគ្រោះជាមុនសិន មុនចាក់ឲ្យលោកនាយករដ្ឋមន្ត្រី។
ទន្ទឹមនេះ រាជវាំងអង់គ្លេស ក៏កំពុងពិចារណាផងដែរ ថាតើគួរចាក់វ៉ាក់សាំងឲ្យមហាក្សត្រីអង់គ្លេស Elizabeth ដែលមានព្រះជន្ម ៩៤វស្សា ឬអត់?