ជាតិ
១១​ខែ​នេះ កម្ពុជា​រកចំណូលបាន​៤១៥​លាន​ដុល្លារ ពី​ការនាំ​អង្ករ​ចេញ​៦០​ម៉ឺន​តោន
03, Dec 2020 , 7:29 pm        
រូបភាព
​ភ្នំពេញ​៖ ទោះបី​ជួប​បញ្ហា​កូ​វីដ​-១៩ ក្តី តែ​កម្ពុជា នៅតែ​អាច​នាំ​អង្ករ​ចេញ​បាន​៦០១, ០៤៥ តោន គិត​ត្រឹម​១១​ខែ ឆ្នាំ​២០២០​នេះ ដែល​កើនឡើង​១៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៩​។ នេះ​បើតាម​របាយការណ៍ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។​


​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានបញ្ជាក់​ទៀតថា ការនាំចេញ​អង្ករ​៦០​ម៉ឺន​តោន​នេះ ជួយ​ឲ្យ​កម្ពុជា​រកចំណូលបាន​៤១៥​លាន​ដុល្លារ ដែល​កើនឡើង​ជិត​១២​ភាគរយ បើ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​ក្នុង ឆ្នាំ​២០១៩ ដែល​បាន​នាំចេញ​ក្នុង​ទំហំ​ទឹកប្រាក់ ៣៧២​លាន​ដុល្លារ​។​
 
​សម្រាប់​ការនាំចេញ​អង្ករ រយៈពេល​១១​ខែ​នេះ កម្ពុជា​បាន​នាំចេញ អង្ករ​ក្រអូប ៤៨១,២០០​តោន ឬ​ស្មើនឹង​៨០​ភាគរយ នៃ​បរិមាណ​នាំចេញ​សរុប ដែល​ក្នុងនោះ អង្ករ​ក្រអូប​ប្រណិត ប្រភេទ​ម្លិះ​អង្គរ ត្រូវបាន​នាំចេញ​ចំនួន ៥៥​ភាគរយ អង្ករ​សែន​ក្រអូប​ចំនួន ២៥​ភាគរយ​។​នេះ​បើតាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។​
 
​បើ​និយាយ​ដោយឡែក​ពី​ការនាំចេញ​អង្ករ​នៅក្នុង​ខែវិច្ឆិកា​កន្លង​មកវិញ កម្ពុជា​សម្រេចបាន​បរិ​មាណ ៦៤ ,៧៤០ តោន គិត​ជា​ទឹកប្រាក់​ចំនួន ៤៨,៦៥​លាន​ដុល្លារ​។ ដ្បិត​បរិមាណ​នាំចេញ​អង្ករ​នៅ​ខែវិច្ឆិកា កើនឡើង​ជាង​១៥​ភាគរយ​ក្តី ប៉ុន្តែ​ចំណូល​នៃ​ការនាំចេញ​វិញ គឺមាន​ការធ្លាក់ចុះ ១៣,២៦​ភាគរយ ដោយសារ​តម្លៃ​លើ​ទីផ្សារ​អង្ករ​ក្រអូប មានការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។ ចំពោះ​ទីផ្សារ​នាំចេញ​វិញ គឺ​កម្ពុជា​នាំទៅ​ចិន ៦១​ភាគរយ និង​ទីផ្សារ​ទីក្រុង​ហុងកុង ២​ភាគរយ ដែល​គិត​ជា​បរិមាណ​៤០,៤៨៩​តោន ក្នុង​ទំហំ​ទឹកប្រាក់​៤៩​លាន​ដុល្លារ​។ នេះ​បើតាម​សហព័ន្ធ​ស្រូវ​អង្ករ​ដដែល​។​
 
​រដ្ឋាភិបាល បានដាក់​គោលដៅ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​១​លាន​តោន​។ ប៉ុន្តែ​ផែនការ​នេះ មិនទាន់បាន​ជោគជ័យ​នៅឡើយ​ទេ​។ តែ​យ៉ាងណា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លោក សុង សារ៉ន ធ្លាប់បាន​បញ្ជាក់ថា ការនាំចេញ​អង្ករ​១​លាន​តោន​នេះ គឺ​វា​អាស្រ័យ​លើ​ការបញ្ជាទិញ​ពី​ប្រទេស​ចិន ខណៈ​បច្ចុប្បន្ន​ប្រទេស​មហាអំណាច​មួយ​នេះ ជាទី​ផ្សារ​អង្ករ​ធំ​លំដាប់​ទី​១​របស់​កម្ពុជា​។ បើតាម​លោក សុង សារ៉ន ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ចិន​នាំ​អង្ករ​ចូល​ពី​កម្ពុជា មាន​កំណើន​ពី​១០​ទៅ​១៥​ភាគរយ ឬ​លើសពីនេះ​។   
 
​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រូបនេះ ជឿជាក់ថា កម្ពុជា​នឹង​សម្រេច​ការនាំ​អង្ករ​ចេញ​បាន​១​លាន​តោន​នៅក្នុង​ឆ្នាំ​២០២១ ស្របតាម​គោលដៅ​របស់​រដ្ឋាភិបាល ដែល​បានកំណត់​តាំង​២០១៥​មក តាមរយៈ​ការចរចារ​ទីផ្សារ នយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច រវាង​ប្រទេស​ចិន​និង​កម្ពុជា​៕
Relate 94108
 

Tag:
 អង្ករ​
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com