COVID-19
ជាតិ
សុខភាព
ព្រះសង្ឃក្នុងវត្តអធ្វា ត្រូវធ្វើចត្ដាឡីស័ក ដោយសារប៉ះពាល់ប្រយោលជាមួយអ្នកសង្ស័យក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា រូបភាពផ្តល់ដោយ លោក យូ វង្ស
× សៀមរាប៖ ព្រះសង្ឃគង់នៅវត្តអធ្វា និងអ្នកពាក់ព័ន្ធមួយចំនួន កំពុងធ្វើចត្ដាឡីស័កក្នុងវត្តនេះ ក្រោយពេលប៉ះពាល់ដោយប្រយោលជាមួយអ្នកសង្ស័យក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆកា។ អ្នកភូមិម្នាក់ បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយកូនស្រីអគ្គនាយកពន្ធនាគារ ហើយរំលងមួយថ្ងៃ គាត់បានទៅធ្វើចង្កាន់ប្រគេនព្រះសង្ឃក្នុងវត្តអធ្វា។
លោកគ្រូសូត្រស្ដាំវត្តអធ្វា ព្រះនាម ភ្លឿន រ័ត្ន មានសង្ឃដីកាថា ព្រះសង្ឃ យាយជី លោកតា កូនសិស្សលោក រួមនឹងចុងភៅក្នុងវត្តទាំងអស់ តម្រូវឱ្យធ្វើចត្ដាឡីស័ក ចាប់តាំងពីថ្ងៃទី៣០ ខែវិច្ឆិកាមក។ ព្រះតេជគុណ បន្តថា ព្រះសង្ឃនិងគ្រហស្ថ ដែលត្រូវធ្វើចត្តាឡីស័ក រួមមាន ព្រះសង្ឃ២៦អង្គ យាយជី២នាក់ កូនសិស្សលោក២នាក់ បុរសវ័យចំណាស់ម្នាក់ (បម្រើព្រះសង្ឃក្នុងវត្ត) និងចុងភៅ២នាក់។ ព្រះអង្គ បញ្ជាក់ថា មកដល់ថ្ងៃទី៣ ខែធ្នូនេះ ព្រះសង្ឃនិងគ្រហស្ថខាងលើ មានសុខភាពជាធម្មតា។
ព្រះភិក្ខុ ភ្លឿន រ័ត្ន ដែលកំពុងធ្វើចត្ដាឡីស័កក្នុងវត្តដែរនោះ បន្ថែមថា លោកយាយម្នាក់អាយុ៧០ឆ្នាំ បានជួបកូនស្រីអគ្គនាយកពន្ធនាគារនៅផ្ទះគាត់ ស្ថិតនៅភូមិស្ពានជ្រាវ សង្កាត់សៀមរាប កាលពីថ្ងៃទី២៧ ខែវិច្ឆិកា លុះព្រឹកថ្ងៃទី២៨ គាត់ក៏បានទៅធ្វើចង្កាន់ប្រគេនព្រះសង្ឃ។ យ៉ាងណា ក្រោយយកសំណាកទៅពិនិត្យ លោកយាយដែលប៉ះពាល់ដោយប្រយោលនោះ មិនមានមេរោគកូវីដ-១៩ទេ តែកំពុងស្ថិតក្នុងការធ្វើចត្ដាឡីស័កបន្ដនៅផ្ទះ។
ព្រះគ្រូវិជ័យរង្សី ឡាច លាង ព្រះអនុគណក្រុងសៀមរាប ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ នៅរសៀលថ្ងៃទី៣ ខែធ្នូថា នៅក្រុងសៀមរាប មានវត្ត៤១វត្ត និងព្រះសង្ឃ១៥០០អង្គ។ ជាមួយគ្នានេះ ព្រះអង្គបានណែនាំឲ្យបណ្ដាវត្តទាំងអស់ចូលរួមគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការថែរក្សាអនាម័យ ពាក់ម៉ាស់ លាងដៃជាប្រចាំ ដើម្បីបង្ការជំងឺកូវីដ១៩។ ព្រះអង្គ អះអាងថា ចំពោះករណីនៅវត្តអធ្វា មកដល់ពេលនេះមិនទាន់មានករណីសង្ស័យណាមួយទេ ហើយការធ្វើចត្ដាឡីស័ក៕
Tag:
ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
កូវីដ
វត្តអធ្វា
© រក្សាសិទ្ធិដោយ thmeythmey.com