COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ពូ​ទីន បញ្ជា​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដោយ​ពេទ្យ​និង​គ្រូបង្រៀន​ជា​អាទិភាព​
03, Dec 2020 , 3:43 pm        
រូបភាព
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ។ រូបពី AFP
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ។ រូបពី AFP
ដោយ:
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បញ្ជា​ឲ្យ​បើក​ដំណើរការ​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដោយ​ស្ម័គ្រចិត្ត​ទ្រង់ទ្រាយ​ធំ ចាប់ពី​សប្ដាហ៍​ក្រោយ​ទៅ នៅ​ទូទាំងប្រទេស​រុស្ស៊ី ។ បើតាម​មេដឹកនាំ​រូបនេះ គ្រូបង្រៀន និង​វេជ្ជបណ្ឌិត គួរ​ជា​ក្រុមមនុស្ស​អាទិភាព​ដើម្បី​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ផលិត​ដោយ​រុស្ស៊ី​ផ្ទាល់​។

 
​ថ្នាំ​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ «Sputnik V» ជា​វ៉ាក់សាំង​មួយ​ក្នុងចំណោម​ដែល​ផលិត​ដោយ​រុស្ស៊ី​ចំនួន​២ ទទួលបាន​ការអនុម័ត​ក្នុងស្រុក ទោះបីជា​ការពិសោធ (Clinical Trails) ពុំទាន់​បញ្ចប់​ជោគជ័យ​នៅឡើយ​ក្តី​។ ចំណែក បេក្ខភាព​វ៉ាក់សាំង​ទី ៣ របស់​រុស្ស៊ី ក៏​កំពុង​ស្ថិតក្នុង​ដំណើរការ​ផងដែរ​ក្នុង​សប្ដាហ៍​នេះ ។ 
 
​យោងតាម​និយមន័យ​ដែល​ផ្ដល់​ឲ្យ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ការពិសោធន៍​ខាងលើ សំដៅលើ​ប្រភេទ​នៃ​កិច្ចការ​ស្រាវជ្រាវ ដែល​សិក្សា​លើ​ការធ្វើ​ពិសោធន៍ និង​ការព្យាបាល​ថ្មី និង​វាយតម្លៃ​លើ​ប្រសិទ្ធភាព​ពួកវា​លើ​សុខភាព​មនុស្ស​។ 
 
​រដ្ឋាភិបាល​រុស្ស៊ី ធ្លាប់​អះអាង​កាលពី​ខែ​មុន​ថា យោងតាម​លទ្ធផល​បឋម វ៉ាក់សាំង «Sputnik V» មាន​ប្រសិទ្ធភាព​បង្ការ​កូ​វីដ​-១៩ រហូតដល់ ៩២​ភាគរយ​។ ក្នុងជំនួប​តាម​អន​ឡាញ​ជាមួយ​រដ្ឋមន្ត្រី​លោក​នៅ​ថ្ងៃទី ២ ខែវិច្ឆិកា លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន អះអាងថា រុស្ស៊ី នឹង​ផលិត​ថ្នាំ​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​នេះ ចំនួន​២​លាន​ដូ​ស​ក្នុងពេល​២​ឬ​៣​ថ្ងៃ​ខាងមុខនេះ​។ 
 
​លោក ពូ​ទីន បានដាក់​ចេញ​បញ្ជា​ទៅដល់​ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី អ្នកស្រី Tatiana Golikova ឲ្យ​ត្រៀមលក្ខណៈ​ចាប់ផ្ដើម​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ទ្រង់ទ្រាយ​ធំ ចាប់ពី​សប្ដាហ៍​ក្រោយ​ទៅ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ទន្ទឹមនេះ លោក ពូ​ទីន ទទួលស្គាល់ថា លោក​ក៏មាន​ការប្រុងប្រយ័ត្ន​ចំពោះ​សុវត្ថិភាព​នៃ​វ៉ាក់សាំង​នេះ​ផងដែរ ក៏ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា ពលរដ្ឋ​រុស្ស៊ី ជាទូទៅ ត្រៀមខ្លួន​រួចរាល់​សម្រាប់​ទទួលយក​ការចាក់​វ៉ាក់សាំង​ផលិត​ក្នុងស្រុក​នេះ​។   
 
​អំឡុង​បទ​បង្ហាញ​ដាច់ដោយឡែក​មួយ​ទៅកាន់​អង្គការសហប្រជាជាតិ​ស្តីពី​ថ្នាំ​វ៉ាក់សាំង «Sputnik V» រដ្ឋមន្ត្រី​សុខាភិបាល​រុស្ស៊ី លោក Mikhail Murashko បាន​បញ្ជាក់ថា រុស្ស៊ី​បាន​ចាក់​វ៉ា​ក់​សាំ​បង្ការ​កូ​វីដ​-១៩​ឲ្យ​មនុស្ស​ដែល​ប្រឈម​ហានិភ័យ​ខ្ពស់ជាង​១០​ម៉ឺន​នាក់​រួចរាល់​ហើយ​។ ចំណែក មនុស្ស​ជាង​៤៥០០០​នាក់​ផ្សេងទៀត ក៏​កំពុង​ចូលរួម​ការសាកល្បង​ថ្នាំ​វ៉ាក់សាំង «Sputnik V» នេះ​នៅ​ទូទាំង​ពិភពលោក​ផងដែរ​។ 
 
​គួរ​បញ្ជាក់ដែរថា រដ្ឋាភិបាល​រុស្ស៊ី នាពេល​ថ្មីៗ​នេះ បានប្រកាសថា ពលរដ្ឋ​រុស្ស៊ី នឹងត្រូវ​ផ្ដល់​អាទិភាព​ចាក់​វ៉ាក់សាំង ខណៈ​ក្រុង​មូ​ស្គូ ក៏​កំពុង​ពិភាក្សា​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​វ៉ាក់សាំង​ខ្លួន​ជាមួយ​ប្រទេស​ដទៃ​ផងដែរ​។ 
 
​គិត​ត្រឹម​ថ្ងៃទី ៣ ខែធ្នូ រុស្ស៊ី​មាន​ករណី​កូ​វីដ​-១៩​សរុប ២,៣៥​លាន​ករណី ខណៈ​អ្នក​ស្លាប់មាន​៤១ ០៥៣​។ ដើម្បី​បង្ការ​ការឆ្លង​រាលដាល ទីតាំង​កម្សាន្ត ដូចជា រោងភាពយន្ត សារមន្ទីរ និង​ហាង​លក់​ស្រា ជាដើម នឹងត្រូវ​បិទទ្វារ​ក្នុង​ទីក្រុង​ធំៗ ដូចជា St Petersburg និង មូ​ស្គូ​អំឡុង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​របស់​រុស្ស៊ី ពីថ្ងៃ​ទី ៣០ ធ្នូ និង​ថ្ងៃទី ១០ ខែមករា​៕ 
 
 

Tag:
 រុស្ស៊ី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  វ៉ាក់សាំង​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com