ធនាគារ ABA ជាធនាគារនាំមុខរបស់កម្ពុជា ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុឌីជីថល ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធី PayWay Mobile ។ កម្មវិធីននេះ បង្កើតឡើងដើម្បីគាំទ្រអាជីវកម្មក្នុងស្រុកគ្រប់ប្រភេទ ក្នុងការទទួលទូទាត់ភ្លាមៗ មិនប្រើសាច់ប្រាក់។
កម្មវិធី PayWay Mobile គឺជាដំណោះស្រាយម៉ាស៊ីនឆូតកាតចល័ត mPOS (ទីតាំងលក់ចល័ត) ដែលអនុញ្ញាតឲ្យអាជីវកម្មនានា ទទួលការទូទាត់ភ្លាមៗ ជាប្រាក់រៀល និងដុល្លារ តាមទូរស័ព្ទដៃរបស់ពួកគេដោយបង្កើតកូដ QR។
ជាមួយកម្មវិធី PayWay Mobile ពាណិជ្ជករ អាចពិនិត្យមើលបរិមាណការលក់របស់ពួកគេ តាមពេលវេលាជាក់ស្តែង តាមដានប្រវត្តិប្រតិបត្តិការ បង្វិលប្រាក់វិញនៅពេលចាំបាច់ ព្រមទាំងអាចផ្ញើវិក្កយបត្រអេឡិកត្រូនិក បានផងដែរ។
បន្ថែមលើនេះទៀត កម្មវិធី PayWay Mobile អនុញ្ញាតឲ្យអាជីវកម្មនានា ដែលមានទីតាំងលក់លើសពីមួយកន្លែង អាចគ្រប់គ្រងទីតាំងលក់របស់ពួកគេទាំងអស់ និងតាមដានប្រតិបត្តិការលក់របស់អ្នកគិតលុយ នៅតាមទីតាំងកំណត់នីមួយៗ។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ របស់ពាណិជ្ជករប្រភេទមីក្រូ និងតូចៗ ពាក់ព័ន្ធនឹងការកត់ត្រាបញ្ជីប្រតិបត្តិការលក់ និងកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់។
លោក Zokhir Rasulov នាយកឌីជីថលរបស់ធនាគារ ABA មានប្រសាសន៍អំពីការដាក់ឲ្យដំណើរការនេះថា៖«យើងមានសេចក្តីរីករាយជាខ្លាំង ក្នុងការដាក់ឲ្យប្រើប្រាស់ នូវផលិតផលបង្កើតថ្មីរបស់យើង គឺកម្មវិធី PayWay Mobile។ ការដាក់ឲ្យដំណើរការនូវកម្មវិធី PayWay Mobile ជាការបន្តអនុវត្តគំនិតផ្តួចផ្តើមផ្នែកឌីជីថលរបស់យើង ដែលបានចាប់ផ្តើមឡើងកាលពីប៉ុន្មានឆ្នាំកន្លងមកនេះ»។
តាមរយៈការបង្កើតផលិតផលនេះ យើងមានបំណងធ្វើឲ្យមានភាពងាយស្រួល នូវប្រតិបត្តិការរវាងពាណិជ្ជករ និងអ្នកទិញ។ ក្នុងពេលជាមួយគ្នា យើងបានធ្វើឲ្យពាណិជ្ជករជាច្រើន ទទួលបានសេវាកម្មនេះ ដែលអាចជួយក្នុងការជំរុញកំណើនប្រតិបត្តិការមិនប្រើសាច់ប្រាក់ និងធ្វើឲ្យការទូទាត់ជាប្រាក់រៀលកាន់តែពេញនិយម។
ឥឡូវនេះ ពាណិជ្ជករគ្រប់ប្រភេទអាចដំឡើងកម្មវិធីនេះ ដោយងាយស្រួលនៅលើទូរស័ព្ទដៃរបស់ខ្លួន និងចាប់ផ្តើមទទួលទូទាត់ជាប្រាក់រៀល ឬដុល្លារ ដោយមិនប្រើសាច់ប្រាក់ តាមរយៈកូដ QR សម្រាប់ទូទាត់ចូលក្នុងគណនី ABA របស់ខ្លួនបានភ្លាមៗ។
កម្មវិធី PayWay Mobile នេះ មាននៅលើ Google Play Store ហើយការបើកដំណើរការមានភាពងាយស្រួល នៅលើទូរស័ព្ទដៃ Android។ ដើម្បីចាប់ផ្តើមទទួលការទូទាត់ ដោយប្រើកូដ QR ដោយប្រើកម្មវិធី PayWay Mobile អ្នកចាំបាច់ត្រូវមាន គណនី ABA ដែលដំណើរការ។ អ្នកអាចទទួលបានព័ត៌មានបន្ថែមនៅទីនេះ
https://www.ababank.com/km/saving-account/ ។
(អត្ថបទពាណិជ្ជកម្ម)