សង្គមអន្តរជាតិ​
អន្តរជាតិ
សភា​អូស្ត្រាលី អនុម័ត​ច្បាប់​ផ្ដល់​សិទ្ធិ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​បដិសេធ​កិច្ចព្រមព្រៀង​ជាមួយ​បរទេស​
03, Dec 2020 , 9:59 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីស្កុត ម៉ូរីសុន និយាយក្នុងសភា។ រូបភាព៖AFP
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីស្កុត ម៉ូរីសុន និយាយក្នុងសភា។ រូបភាព៖AFP
ដោយ:
​រដ្ឋសភា​អូស្ត្រាលី នៅ​ថ្ងៃទី​៣ ធ្នូ អនុម័ត​ច្បាប់​ដែល​ផ្តល់​សិទ្ធិ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​ជំទាស់​កិច្ចព្រមព្រៀង​ទាំងឡាយណា​ដែល​រដ្ឋ និង​ស្ថាប័ន ក៏ដូចជា​សាកលវិទ្យាល័យ​របស់​អូស្ត្រាលី បាន​ចុះហត្ថលេខា​រួចហើយ​ជាមួយ​រដ្ឋាភិបាល​បរទេស​។ ការអនុម័ត​ច្បាប់​នេះ ត្រូវបាន​មើលឃើញថា ជាការ​សំដៅលើ​ចិន​តែម្ដង ខណៈ​ចិន​មាន​កិច្ចព្រមព្រៀង​ជាមួយ​ជាមួយ​បណ្ដា​រដ្ឋ គ្រឹះស្ថាន និង​សាកលវិទ្យាល័យ​នានា​របស់​អូស្ត្រាលី​។​

 
​ច្បាប់​ដែល​អនុម័ត​ដោយ​សភា​អូស្ត្រាលី នឹង​ផ្តល់​សិទ្ធិ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​ជំទាស់ និង​រាំងខ្ទប់​កិច្ចព្រមព្រៀង​ទាំងឡាយណា​ដែល​រដ្ឋ គ្រឹះស្ថាន សាកលវិទ្យាល័យ និង​ក្រុមប្រឹក្សា​នានា​របស់​អូស្ត្រាលី​មាន​ជាមួយ​រដ្ឋាភិបាល​បរទេស​។ អូស្ត្រាលី ជា​រដ្ឋ​សហព័ន្ធ​មាន​រដ្ឋ​ចំណុះ​ចំនួន​៦ ដែលមាន​សិទ្ធិ​សម្រេចចិត្ត​លើ​កិច្ចការ​មួយចំនួន​ក្នុង​រដ្ឋ​ពួកគេ​ផ្ទាល់​។​
 
​ក្រោម​ច្បាប់​ថ្មី​នេះ រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​មាន​សិទ្ធិ​ជំទាស់​កិច្ចព្រមព្រៀង​ទាំងឡាយណា​ជាមួយ​រដ្ឋាភិបាល​បរទេស បើសិនជា​យល់ឃើញថា កិច្ចព្រមព្រៀង​នោះ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទំនាក់ទំនង​ការបរទេស និង​មិន​សមស្រប​ជាមួយ​គោលនយោបាយ​ការបរទេស​របស់​រដ្ឋា​ភិ​បាល​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ ច្បាប់​ថ្មី​នេះ ក៏​គ្របដណ្ដប់​លើ​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​កន្លងមក​ដែរ​។​
 
​ខណៈ​អូស្ត្រាលី​មិន​និយាយ​ឲ្យ​ច្បាស់លាស់​នោះ គេ​នៅតែ​អាច​យល់បាន​ថា ចិន​ជា​គោលដៅ​ចម្បង​។ កន្លងទៅ​ចិន​បាន​ចុះ​កិច្ចព្រមព្រៀង​មួយចំនួន​ជាមួយ​ស្ថាប័ន​ថ្នាក់ក្រោម​ជាតិ​របស់​អូស្ត្រាលី​។ ជា​ឧទាហរណ៍ រដ្ឋ Victoria របស់​អូស្ត្រាលី​មាន​កិច្ចព្រមព្រៀង​ជាមួយ​ចិន​ក្នុងការ​ចូលរួម​គំនិត​ផ្តួចផ្តើម​ផ្លូវ និង​ខ្សែក្រវាត់​។ នាយករដ្ឋមន្ត្រី​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន ធ្លាប់​និយាយថា ការធ្វើ​បែបនេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមត្ថភាពរ​បស់​រដ្ឋាភិបាល​សហព័ន្ធ​ក្នុងការ​គ្រប់គ្រង​គោលនយោបាយ​ការបរទេស​។​
 
​បន្ថែម​ពីនេះ សាកលវិទ្យាល័យ​អូស្ត្រាលី រកប្រាក់​ចំណូល​រាប់ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​ដោយសារតែ​ការចុះឈ្មោះ​ចូលរៀន​របស់​និស្សិត​ចិន​។ សាកលវិទ្យាល័យ​មួយចំនួន ក៏មាន​ផងដែរ​កិច្ចព្រមព្រៀង​ជាមួយ​ស្ថាប័ន​របស់​ចិន​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋ​។ នៅពេល​ច្បាប់​ថ្មី​នេះ​ចូល​ជា​ធរមាន កិច្ចព្រមព្រៀង​ទាំងអស់នោះ​អាច​នឹងត្រូវ​យកមក​ពិនិត្យឡើងវិញ​។​
 
​ច្បាប់​អូស្ត្រាលី អនុញ្ញាត​ឲ្យ​រដ្ឋ​ចំណុះ​មាន​សិទ្ធិ​មួយចំនួន​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​អន្តរជាតិ ក្នុង​វិស័យ​ជំនួញ និង​វប្ប​ធ​ម៍ ហើយ​កិច្ចព្រមព្រៀង​នោះ​ត្រូវមាន​ឋានៈ​ទាប​ជាង​សន្ធិសញ្ញា និង​ស្ថិតក្នុង​ទម្រង់​នៃ​អនុសារណៈ​យោគយល់​។​
 
«​ច្បាប់ និង​ផែនការ​របស់​អូស្ត្រាលី ដែល​យើង​បានរៀបចំ ធ្វើឡើង​ស្របតាម​តម្រូវការ និង​ប្រយោជន៍​របស់​ប្រជាជន​អូស្ត្រាលី​»​។ នេះ​ជាការ​លើកឡើង​របស់លោក ម៉ូ​រី​សុន ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​៣ ខែធ្នូ ។ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​រូបនេះ សង្កត់ធ្ងន់ថា ច្បាប់​នេះ​មិន​សំដៅ​ទៅលើ​ប្រទេស​ណា​ឡើយ​។ យ៉ាងណាក្តី​អ្នកវិភាគ​អះអាងថា​ច្បាប់​នេះ គឺ​សំដៅ​ទៅលើ​ចិន​តែម្តង​។​
 
​ខណៈ​ចិន ជា​គោលដៅ​នាំចេញ​ដ៏​ធំ​បំផុត​របស់​អូស្ត្រាលី ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​ចាប់ផ្តើម​មើលមុខ​គ្នា​មិន​ចំ ក្រោយពេល​រដ្ឋាភិបាល​អូស្ត្រាលី​ទាមទារ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​(WHO) ស៊ើបអង្កេត​ពី​ប្រភព​នៃ​ជំងឺ​រាតត្បាត​សាកល​កូ​វីដ​-១៩​។ អូស្ត្រាលី ក៏បាន​ហាម​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei មិន​ឲ្យ​វិនិយោគ​ក្នុងប្រទេស​ខ្លួន ហើយ​ចេញ​ច្បាប់​ដាក់ទោស​ចំពោះ​ការ​លូកលាន់​ពី​បរទេស​ចំពោះ​ការ​នយោបាយ​ក្នុងស្រុក​ទៀតផង​។ 
 
​ចាប់តាំងពី​ពេលនោះ​មក ចិន​បាន​រាំងខ្ទប់​ការ​នាំចូល​បង្កង និង​ស្រា​អូស្ត្រាលី​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​។ មិនតែប៉ុណ្ណោះ​ចិន​ថែមទាំង​បាន​បដិសេធ​មិន​ព្រម​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​រដ្ឋមន្ត្រី​អូស្ត្រាលី ដើម្បី​ជជែក​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​ថែមទៀត​។ ការប៉ះទង្គិច​ពាក្យសម្ដី​កើតជា​ថ្មី ក្រោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បង្ហោះ​សារ និង​គំនូរ​លើ Twitter ដែល​បង្ហាញ​ទាហាន​អូស្ត្រាលី​ដាក់​កាំបិត​លើក កុមា​រអា​ហ្វ​ហ្កា​នី​ស្ថាន​។ អូស្ត្រាលី ទាមទារ​ការសុំ​ទោស តែ​ចិន​បដិសេធ​៕
 

Tag:
 អូស្ត្រាលី​
 ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com