កីឡាអន្តរជាតិ
តារាល្បីៗ
អន្តរជាតិ
Ronaldo ស៊ុត​ចូល​គ្រាប់​ទី​៧៥០ ក្នុងជំនួប​ដែលមាន​អាជ្ញាកណ្តាល​ស្ត្រី​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​
03, Dec 2020 , 4:29 pm        
រូបភាព
Cristiano Ronaldo រក​គ្រាប់​បាល់​ទី ៧៥០ ក្នុង​អាជីព​របស់ខ្លួន នា​ជ័យជម្នះ​របស់ Juventus លើ​ក្រុម Dynamo Kyiv ដោយ​លទ្ធផល ៣-០ ក្នុងការ​ប្រកួត Champions League ដែលមាន​អាជ្ញាកណ្តាល​ជា​ស្ត្រី​។ លោកស្រី Stephanie Frappart បាន​បង្កើត​ប្រវត្តិសាស្ត្រ​ដោយ​កាត់ក្តី​ការប្រកួត​បុរស​ជា​លើកដំបូង​បំផុត​របស់​ក្របខណ្ឌ​លី​គ​កំពូល​អឺរ៉ុប​។​


​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៥​ឆ្នាំ ជា​អ្នក​ស៊ុត​បាល់​គ្រាប់​ទី​២​ឲ្យ​ក្រុម​យក្ស​អ៊ីតាលី បន្ទាប់ពី Federico Chiesa សម្រេច​គ្រាប់​ដំបូង​។ ខ្សែប្រយុទ្ធ Alvaro Morata បន្ថែម​គ្រាប់​ទី​៣ ដើម្បី​ជួយ​ក្រុម​ឈ្នះ Dynamo Kyiv ៣-០ បើ​ទោះ Juventus បាន​កៅអី​ទៅ​វគ្គ​១៦​ក្រុម​ហើយ​ក្តី​។ ក្រោយ​ការប្រកួត​៥​លើក Juventus ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​២ ពូ​ល G មាន​១២​ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Barcelona ៣​ពិន្ទុ តែ​នាំ​មុន​ក្រុម​លេខ​៣ និង​លេខ​៤ ចំនួន​១១​ពិន្ទុ​។​
  


​គ្រាប់​បាល់​ទាំង​៧៥០​គ្រាប់​របស់ Ronaldo ធ្វើបាន​ពី​ការលេង​ឲ្យ​ក្លិប​បាល់ទាត់​ចំនួន​៤ និង​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​។ ក្លិប​ដែល​រូបគេ​រក​គ្រាប់​បាន​ច្រើន​គឺ Real Madrid ចំនួន ៤៥០​គ្រាប់ Manchester United ចំនួន​១១៨​គ្រាប់ ជម្រើសជាតិ ១០២​គ្រាប់ Juventus ៧៥​គ្រាប់ និង Sporting Lisbon ចំនួន ៥​គ្រាប់​។​
 
​ជំនួប​ដែល​ធ្វើ​ឲ្យ​ម្ចាស់​ពាន Ballon D’or ៥​សម័យ សម្រេច​គ្រាប់​ទី​៧៥០​ក្នុង​អាជីព ក៏​ជាការ​បង្ហាញខ្លួន​លើកដំបូង​របស់​អាជ្ញាក​ណ្តា​ល​ស្ត្រី​ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​នេះ​ផងដែរ​។ 
​អ្នកស្រី Frappart វ័យ​៣៦​ឆ្នាំ​ដែល​កាត់ក្តី​ក្នុងជំនួប Juventus- Dynamo Kyiv នេះ​បាន​ក្លាយជា​អាជ្ញាកណ្តាល​ស្ត្រី​ដែល​កាត់ក្តី​លើ​ទីលាន​បាល់ទាត់ Champions League បុរស​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។​
 
​មុន​ឈានទៅ​កាន់​ក្របខណ្ឌ​កំពូល​អឺរ៉ុប អ្នកស្រី​អាជ្ញាកណ្តាល​សញ្ជាតិ​បារាំង Frappart បាន​ចូលរួម​កាត់ក្តី​ក្នុងការ​ប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​បារាំង Ligue 1 ចាប់តាំងពី​រដូវ​កាល​មុន​។ ក្រៅពីនោះ អ្នកស្រី ក៏​ចូលរួម​កាត់ក្តី​ក្នុង​ព្រឹត្តិការណ៍ World Cup ស្ត្រី និង​ទទួលបន្ទុក​លើ​ការប្រកួត​រវាង Liverpool ជាមួយ Chelsea ក្នុង​ព្រឹត្តិការណ៍​ផ្តាច់ព្រ័ត្រ UEFA Super Cup កាលពី​ឆ្នាំ​២០១៩​ផងដែរ​៕
 

Tag:
 Cristiano Ronaldo
  Stephanie Frappart
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com