អ្នកចាំទី អោម ឧ​ត្ត​ម ត្រូវបាន​ផ្ទេរ​ទៅកាន់​ក្លិប​វិសាខា រីឯ នេន សុធា​រ័ត្ន ចូលរួម​ជាមួយ​ណាហ្គា​
កីឡាជាតិ
ជាតិ
អ្នកចាំទី អោម ឧ​ត្ត​ម ត្រូវបាន​ផ្ទេរ​ទៅកាន់​ក្លិប​វិសាខា រីឯ នេន សុធា​រ័ត្ន ចូលរួម​ជាមួយ​ណាហ្គា​
03, Dec 2020 , 10:29 pm        
រូបភាព
រាប់ពីឆ្វេងទៅស្តាំកីឡាករ_នេន_សុធារ័ត្ន_និងអ្នកចាំទី_អោម_ឧត្តម
រាប់ពីឆ្វេងទៅស្តាំកីឡាករ_នេន_សុធារ័ត្ន_និងអ្នកចាំទី_អោម_ឧត្តម
​អ្នកចាំទី អោម ឧ​ត្ត​ម របស់​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវបាន​ផ្ទេរ​ទៅកាន់​ក្លិប​បាល់ទាត់​វិសាខា​។ ចំណែក​ខ្សែការពារ នេន សុធា​រ័ត្ន បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប​បាល់ទាត់​ណាហ្គា​វើ​លដ៍ សម្រាប់​រដូវ​កាល​ឆ្នាំ​២០២១-២០២២​។

 
 
​ក្រោយ​ចែកផ្លូវ​ជា​បន្តបន្ទាប់​ជាមួយ​កីឡាករ ឈិន ឈឿន និង ណុប តុលា ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ បានប្រកាស​ពី​ការផ្ទេរ​អ្នកចាំទី អោម ឧ​ត្ត​ម ទៅកាន់​ក្លិប​បាល់ទាត់​វិសាខា​។ បើតាម​ការបញ្ជា​ក់រប​ស់​ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ការផ្ទេរ​នេះ គឺធ្វើឡើង​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​។​
 
​យ៉ាងណាមិញ យើង​មិនដឹង​មូលហេតុ​ច្បាស់​ថា ហេតុអ្វី​ក្លិប​នេះ​យល់ព្រម​ផ្ទេរ​អ្នកចាំទី​រូបនេះ​ទៅ​ឲ្យ​ក្លិប​វិសាខា​នោះទេ​។ ប៉ុន្តែ​យើង​សង្កេតឃើញថា កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុម​ជើងឯក​លី​គ​កំពូល​ឆ្នាំ​២០១៩ មួយ​នេះ បាន​ចុះកិច្ចសន្យា​នាំចូល​អ្នកចាំទី​ខ្មែរ​-​បារាំង Alex You អតីត​អ្នកចាំទី​របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន និង​បឹងកេត​។ 
 
​មួយ​ថ្ងៃមុន​ការផ្ទេរ​កីឡាករ អោម ឧ​ត្ត​ម ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​មួយ​នេះ បានប្រកាស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ពី​ការចែក​ផ្លូវ​ជាមួយ​ខ្សែការពារ នេន សុធា​រ័ត្ន ដែល​ក្លិប​ដំឡើង​មកពី​ក្រុមយុវជន​។ ខ្សែការពារ​វ័យ​២៤​ឆ្នាំ​រូបនេះ បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​តាំងពី​អាយុ​១៦​ឆ្នាំ ដោយ​ធ្វើជា​យុវជន​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​។ 
 
​កីឡាករ​មានស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ​រូបនេះ​បាន​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២១​ឆ្នាំ​នៅ​ឆ្នាំ​២០១២ និង​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​ក្នុង​ឆ្នាំ​២០១៤​។ ពេលនោះ​រូបគេ ក៏​ជា​សមាជិក​ក្រុម​ជម្រើសជាតិ​ផងដែរ​។ 
 
​ក្រោយ​ចំណាយពេល​រួមរស់​ចំនួន​៩​ឆ្នាំ កីឡាករ​កម្ពស់​១.៧៣​ម៉ែត្រ​រូបនេះ បានរួម​ចំណែក​ជួយ​ឲ្យ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​គ្រង​ជើងឯក​លី​គ​កំពូល​ពី​រដូវ​កាល គឺ​នៅ​ឆ្នាំ​២០១៣ និង ២០១៩ និង​ជួយ​ឲ្យ​ក្លិប​នេះ​លើក​ពាន​សម្តេច ហ៊ុន សែន បាន​ចំនួន​៤​លើក គឺ​នៅ​ឆ្នាំ​២០១១, ២០១២, ២០១៥ និង ២០១៧​។ 
 
​បើតាម​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង កីឡាករ នេន សុធា​រ័ត្ន នឹង​ទៅ​ចូលរួម​ជាមួយ​ក្លិប​បាល់ទាត់​ណាហ្គា​វើ​លដ៍ សម្រាប់​រដូវ​កាល​ឆ្នាំ​២០២១-២០២២​។ ប៉ុន្តែ​មកទល់ពេលនេះ យើង​ពុំទាន់​ឃើញ​ក្លិប​ណាហ្គា​វើ​លដ៍​ប្រកាស​ពី​ការចុះកិច្ចសន្យា​ជាមួយ​ខ្សែការពារ​រូបនេះ​ជា​ផ្លូវការ​នៅឡើយ​ទេ​។ 
 
​ទន្ទឹមនឹង​ការចាកចេញ​របស់​កីឡាករ ក្លិប​នេះ ក៏បាន​ប្រកាស​ពី​ការបន្ត​កិច្ចសន្យា​ជាមួយ​កីឡាករ​ចំនួន​៦​រូប រួមមាន​កីឡាករ ឃៀង ម៉េង​ហួរ​, នី សុខ​រី​, ត្រាយ វិចិត្រ​, សួន សុវណ្ណ​, មិន រតនៈ និង​កីឡាករ គឹម សុខ​យុទ្ធ​៕  
 
 

Tag:
 បាល់ទាត់​
  អោម ឧ​ត្ត​ម​
  នេន សុធា​រ័ត្ន​
  វិសាខា​
  ណាហ្គា​វើ​លដ៍
© រក្សាសិទ្ធិដោយ thmeythmey.com