អ្នកចាំទី អោម ឧត្តម របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ត្រូវបានផ្ទេរទៅកាន់ក្លិបបាល់ទាត់វិសាខា។ ចំណែកខ្សែការពារ នេន សុធារ័ត្ន បានផ្លាស់ទៅចូលរួមជាមួយក្លិបបាល់ទាត់ណាហ្គាវើលដ៍ សម្រាប់រដូវកាលឆ្នាំ២០២១-២០២២។
ក្រោយចែកផ្លូវជាបន្តបន្ទាប់ជាមួយកីឡាករ ឈិន ឈឿន និង ណុប តុលា ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការផ្ទេរអ្នកចាំទី អោម ឧត្តម ទៅកាន់ក្លិបបាល់ទាត់វិសាខា។ បើតាមការបញ្ជាក់របស់ក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងលើទំព័រហ្វេសប៊ុក ការផ្ទេរនេះ គឺធ្វើឡើងក្រោមលក្ខខណ្ឌខ្ចីជើង។
យ៉ាងណាមិញ យើងមិនដឹងមូលហេតុច្បាស់ថា ហេតុអ្វីក្លិបនេះយល់ព្រមផ្ទេរអ្នកចាំទីរូបនេះទៅឲ្យក្លិបវិសាខានោះទេ។ ប៉ុន្តែយើងសង្កេតឃើញថា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមជើងឯកលីគកំពូលឆ្នាំ២០១៩ មួយនេះ បានចុះកិច្ចសន្យានាំចូលអ្នកចាំទីខ្មែរ-បារាំង Alex You អតីតអ្នកចាំទីរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន និងបឹងកេត។
មួយថ្ងៃមុនការផ្ទេរកីឡាករ អោម ឧត្តម ក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនពីការចែកផ្លូវជាមួយខ្សែការពារ នេន សុធារ័ត្ន ដែលក្លិបដំឡើងមកពីក្រុមយុវជន។ ខ្សែការពារវ័យ២៤ឆ្នាំរូបនេះ បានចូលប្រឡូកក្នុងវិស័យកីឡាបាល់ទាត់តាំងពីអាយុ១៦ឆ្នាំ ដោយធ្វើជាយុវជនរបស់ក្លិបព្រះខ័នរាជស្វាយរៀង។
កីឡាករមានស្រុកកំណើតនៅរាជធានីភ្នំពេញរូបនេះបានក្លាយជាសមាជិកក្រុមជម្រើសជាតិអាយុក្រោម២១ឆ្នាំនៅឆ្នាំ២០១២ និងក្លាយជាសមាជិកក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំក្នុងឆ្នាំ២០១៤។ ពេលនោះរូបគេ ក៏ជាសមាជិកក្រុមជម្រើសជាតិផងដែរ។
ក្រោយចំណាយពេលរួមរស់ចំនួន៩ឆ្នាំ កីឡាករកម្ពស់១.៧៣ម៉ែត្ររូបនេះ បានរួមចំណែកជួយឲ្យក្លិបព្រះខ័នរាជស្វាយរៀងគ្រងជើងឯកលីគកំពូលពីរដូវកាល គឺនៅឆ្នាំ២០១៣ និង ២០១៩ និងជួយឲ្យក្លិបនេះលើកពានសម្តេច ហ៊ុន សែន បានចំនួន៤លើក គឺនៅឆ្នាំ២០១១, ២០១២, ២០១៥ និង ២០១៧។
បើតាមក្លិបព្រះខ័នរាជស្វាយរៀង កីឡាករ នេន សុធារ័ត្ន នឹងទៅចូលរួមជាមួយក្លិបបាល់ទាត់ណាហ្គាវើលដ៍ សម្រាប់រដូវកាលឆ្នាំ២០២១-២០២២។ ប៉ុន្តែមកទល់ពេលនេះ យើងពុំទាន់ឃើញក្លិបណាហ្គាវើលដ៍ប្រកាសពីការចុះកិច្ចសន្យាជាមួយខ្សែការពាររូបនេះជាផ្លូវការនៅឡើយទេ។
ទន្ទឹមនឹងការចាកចេញរបស់កីឡាករ ក្លិបនេះ ក៏បានប្រកាសពីការបន្តកិច្ចសន្យាជាមួយកីឡាករចំនួន៦រូប រួមមានកីឡាករ ឃៀង ម៉េងហួរ, នី សុខរី, ត្រាយ វិចិត្រ, សួន សុវណ្ណ, មិន រតនៈ និងកីឡាករ គឹម សុខយុទ្ធ៕