COVID-19
ជាតិ
ព្រះមហាក្សត្រ ចូលរួម​អំពាវនាវ​ឲ្យ​ផ្អាក​ការជួបជុំ​
03, Dec 2020 , 11:29 pm        
រូបភាព
​ព្រះ​ករុណ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ទ្រង់​បានចេញ​ព្រះរាជសារ​អបអរសាទរ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២២ និង​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី​៣៨ នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០​នេះ​។ ក្រៅពី​មានប​ន្ទួ​ល​ពាក់ព័ន្ធ​នឹង​ជនពិការ ព្រះអង្គ ក៏មាន​បន្ទូល​អំពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​ដែរ​។


​កម្ពុជា តែង​រៀបចំ​ពិធី​ប្រារព្ធ​ទិវា​ជន​មាន​ពិការ​ភាពជា​រៀងរាល់ឆ្នាំ​។ តែ​ដោយសារតែ​បារម្ភ​នឹង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ពិធី​រម្លឹក​ទិវា​ជន​មាន​ពិការភាព មិន​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​កម្ពុជា​ឡើយ សម្រាប់​ឆ្នាំ​២០២០​នេះ​។​
 
​ព្រះករុណា​ជា​ម្ចាស់ជីវិត​លើ​ត្បួ​ង អំពាវនាវ​ថា​៖«​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ កំពុង​រីក​រាល​ជា​សាកល ខ្ញុំព្រះករុណា ខ្ញុំ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ជនរួមជាតិ ពិសេស​ជន​មាន​ពិការភាព​ទាំងអស់ ផ្អាក​ការជួបជុំ​តាម​ការណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែលមាន​ភាព​ប៉ិនប្រសប់​ឈ្លាសវៃ​ក្នុងការ​បង្ការ​និង​ការទប់ស្កាត់​នៃ​មេរោគ​កូ​វីដ​-១៩​នេះ​»​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ផ្អាក​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​និង​គ្រប់ការ​ជួបជុំ​ដែលមាន​មនុស្ស​ចាប់ពី​២០​ឡើងទៅ ក្នុង​រយៈពេល​កន្លះ​ខែ​សិន ដោយ​គិត​ចាប់តាំងពី​ថ្ងៃទី​១ ខែធ្នូ​ទៅ រហូតដល់​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០២០​។ ការអំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​ជួប​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ដែល​មានន័យថា ជំងឺ​កូ​វីដ​-១៩ ចាប់ផ្តើម​ឆ្លង​ចូល​សហគមន៍​ក្នុងប្រទេស​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​។ 
 
​មាន​ព្រះរាជឱង្ការ​ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​រួចហើយ ព្រះរាជា ក៏​បន្ត​មាន​ព្រះរាជឱង្ការ​ពី​ជនពិការ​។ ព្រះអង្គ ទត​ឃើញថា សុខុមាលភាព​របស់​ជ​ន​ពិការ ត្រូវបាន​យកចិត្តទុកដាក់ ហើយ​ក្លាយជា​កម្មវត្ថុ​អាទិភាព​ក្នុង​ការធ្វើអន្តរាគមន៍​និង​សង្គ្រោះបន្ទាន់​ពី​គ្រោះ​ហានិភ័យ​ប្រកបដោយ​សុវត្ថិភាព​។ ជាមួយគ្នានេះ ព្រះអង្គ បាន​សម្តែង​ព្រះ​ហឫទ័យ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា ដែល​ឆន្ទៈ​ខ្ពស់​ក្នុងការ​លើកកម្ពស់​សុខុមាល​ភាព​ជន​ងាយ​រងគ្រោះ ពិសេស​ជនពិការ​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធានកិត្តិយស​នៃ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ ក៏​បានចេញ​សារលិខិត​អបអរសាទរ​ទិវា​ជន​មាន​ពិការ​ដែរ​។ ក្នុង​សារលិខិត​នោះ ប្រមុខ​រដ្ឋាភិបាល ជំរុញ​ឲ្យ​ស្ថាប័នរដ្ឋ​និង​ឯកជន បន្ត​លើកទឹកចិត្ត​ដល់​ជនពិការ និង​ទទួលយក​ពួកគេ ចូល​បម្រើ​ការងារ ដោយ​គ្មាន​ការរើសអើង​៕  
 

Tag:
 COVID-19
  ជនពិការ​
  ព្រះមហាក្សត្រ​
  ផ្អាក​ការជួបជុំ
© រក្សាសិទ្ធិដោយ thmeythmey.com