លោក ប៉ុ​ម​ប៉េ​អូ ប៉ះទង្គិច​សម្ដី​ជាមួយ​ប្រមុខ​ការទូត​តួ​ក​គី​ក្នុងជំនួប​ណា​តូ
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ប៉ុ​ម​ប៉េ​អូ ប៉ះទង្គិច​សម្ដី​ជាមួយ​ប្រមុខ​ការទូត​តួ​ក​គី​ក្នុងជំនួប​ណា​តូ
03, Dec 2020 , 11:58 pm        
រូបភាព
(ស្ដាំ) រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ចាប់ដៃជាមួយសមភាគីងតួកគី Mevlut Cavusoglu  កាលពីដើមឆ្នាំ២០២០ ។ រូបពី AFP
(ស្ដាំ) រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ចាប់ដៃជាមួយសមភាគីងតួកគី Mevlut Cavusoglu កាលពីដើមឆ្នាំ២០២០ ។ រូបពី AFP
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃទី​២ ខែធ្នូ បាន​រិះគន់​ខ្លាំងៗ​លើ​តួ​ក​គី​នៅ​ជំនួប​រដ្ឋមន្ត្រី​របស់​អង្គការ​ណា​តូ​។ ការប៉ះទង្គិច​សម្ដី​គ្នា ត្រូវបាន​មន្ត្រីជាន់ខ្ពស់​ចូលរួម​ជំនួប​នេះ​ចាត់ទុកថា ក្តៅគគុក​។

 
​តួ​ក​គី បាន​ប្រឈម​ការរិះគន់​ជុំវិញ​ជំហរ​ខ្លួន​ក្នុង​បញ្ហា​ជម្លោះដែនសមុទ្រ​ប្រទេស​ក្រិ​ក ដែលជា​សមាជិក​អង្គការ​ណា​តូ​ដែរ ក៏ដូចជា​ការគាំទ្រ​រប​ស់​រដ្ឋាភិបាល​តួ​ក​គី ចំពោះ​ប្រទេស​អា​ស៊ែ​ប៉ែ​ហ្ស​ង់​ក្នុង​ជម្លោះ​ដែនដី​កាលពី​ថ្មីៗ​នេះ​ជាមួយ​អា​មេ​នី​។ បណ្ដា​សមាជិក​អង្គការ​ណា​តូ និង​សហភាព​អឺរ៉ុប​ខ្លះ ដោយ​លើកលែងតែ​បារាំង​ចេញ មាន​ភាព​ប្រយ័ត្នប្រយែង​មុន​រិះគន់​រដ្ឋាភិបាល​ប្រធានាធិបតី Recep Tayyip Erdogan ដោយ​ខ្លាចក្រែង​ថា នឹង​បង្កើន​ភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​លើស​ដើម​។ 
 
​យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ដែល​ចូលរួម​កិច្ចប្រជុំ​ណា​តូ​លើកចុងក្រោយ​នោះ ខណៈ​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹង​អស់​អាណត្តិ​នា​ខែក្រោយ ពុំ​រអែង​ក្នុង​ប៉ះ​សម្តី​គ្នា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​តួ​ក​គី Mevlut Cavusoglu នោះឡើយ​។ 
 
​មន្ត្រីជាន់ខ្ពស់​ដែល​ចូលរួម​ក្នុងជំនួប​ណា​តូ​ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​អន​ឡាញ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា លោក ប៉ុ​ម​ប៉េ​អូ បាន​ចោទ​តួ​ក​គី​ថា បាន​រុញច្រាន​អង្គការ​ណា​តូ​ឲ្យ​ធ្លាក់​ចូលក្នុង​ដៃ​សត្រូវ តាមរយៈ​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400 របស់​រុស្ស៊ី ហើយ​លោក​ក៏បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា រៀបចំខ្លួន​ឲ្យ​សមជា​សម្ព័ន្ធមិត្ត​មួយ​របស់​អង្គការ​ណា​តូ ។ 
 
«​ការធ្វើអន្តរាគមន៍រ​ប​ស់លោក ខ្លី តែ​ខ្លឹម​»​។ មន្ត្រីជាន់ខ្ពស់​ម្នាក់ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP បែបនេះ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ដ្បិត​កិច្ចប្រជុំ​ណា​តូ​នេះ​ជា​កិច្ចប្រជុំ​ការទូត​បិទទ្វារ​។ ប្រភព​មួយទៀត​ដែល​ដឹង​រឿងនេះ បាន​ចាត់ទុកថា​ការប៉ះទង្គិច​សម្ដី​រវាង​លោក​ប៉ុ​ម​ប៉េ​អូ និង​លោក Cavusoglu ថា​ជា​រឿង​ក្ដៅគគុក​។ 
 
​ទោះបីជា​បែបនេះ អ្នកនាំពាក្យ​ក្រសួង​បរទេស​អាមេរិក ពុំបាន​បដិសេធ ឬ​ទទួលស្គាល់​ការអះអាង​របស់​ក្រុម​អ្នកចូលរួម​ក្នុង​កិច្ចប្រជុំ​ណា​តូ​ទាំង​នេះឡើយ​។ 
 
​គួរ​រម្លឹក​ដែរ​ថា លោក ប៉ុ​ម​ប៉េ​អូ  ដែល​បានធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉ារីស កាលពី​ខែ​មុន បាន​ប្រាប់​កាសែត​ក្នុងស្រុក​បារាំង​មួយ​ថា លោក​បាន​ជជែក​ជាមួយ​ប្រធានាធិបតី អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ហើយ​បាន​យល់ស្រប​គ្នា​ថា សកម្មភាព​តួ​ក​គី​នៅក្នុង​ជម្លោះ​អា​ស៊ែ​ប៉ែ​ហ្ស​ង់​-​អា​មេ​នី ជា​ទង្វើ​ដ៏​គឃ្លើន​បំផុត​មួយ ។​
 
​កាលពី​ជំនួប​កំពូល​ណា​តូ កាលពី​ខែធ្នូ ឆ្នាំ​២០១៩ ក្នុង​ទីក្រុង​ឡុង​ដ៍ ប្រធានាធិបតី​បារាំង ក៏បាន​ប៉ះទង្គិច​ពាក្យសម្ដី​ជាមួយ​លោក Erdogan ផងដែរ ក៏ប៉ុន្តែ​មេដឹកនាំ​តួ​ក​គី​រូបនេះ ត្រូវបាន​រាយការណ៍​ថា​ត្រូវបាន​ចេញមុខ​ការពារ​ពី​សំណាក់​លោក ត្រាំ​៕
 

Tag:
 អាមេរិក​
  តួ​គ​កី​
  ណា​តូ
© រក្សាសិទ្ធិដោយ thmeythmey.com