អន្តរជាតិ
សេដ្ឋី​ហុងកុង Jimmy Lai ត្រូវ​ប៉ូលិស​ឃុំខ្លួន​ជាថ្មី​ពាក់ព័ន្ធ​ការ​ក្លែងបន្លំ​កិច្ចសន្យារ​ជួល​អគារ​
03, Dec 2020 , 5:16 pm        
រូបភាព
លោក Jimmy Lai សេដ្ឋីហុងកុង។ រូបភាព៖ AP
លោក Jimmy Lai សេដ្ឋីហុងកុង។ រូបភាព៖ AP
​សេដ្ឋី​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុង លោក Jimmy Lai  នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ត្រូវបាន​តុលាការ​ហុងកុង​ចោទ​ពីបទ​ក្លែងបន្លំ ហើយ​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន ដោយ​រង់ចាំ​ការកាត់ទោស​រហូតដល់​ខែមេសា ឆ្នាំ​២០២១​។ ការចោទប្រកាន់​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ​ហុងកុង ទើបតែ​កាត់ទោស​សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ចំនួន ៣​រូប​ឲ្យ​ជាប់ពន្ធនាគារ​ពី ៧​ខែ ដល់​ជាង ១៣​ខែ​។


​លោក Jimmy Lai សេដ្ឋី​ហុងកុង​វ័យ ៧៣​ឆ្នាំ ជា​ស្ថាបនិក​ក្រុមហ៊ុន Next Digital​។ បុរស​រូបនេះ ជាមួយនឹង​បុគ្គលិក​ប្រតិបត្តិ​ជាន់ខ្ពស់​ពីររូប​ទៀត ត្រូវបាន​ប៉ូលិស​ហុងកុង​ចាប់ខ្លួន​នៅ​យប់​ថ្ងៃទី​២ ខែធ្នូ​។ នៅ​ថ្ងៃទី​៣ ខែធ្នូ តុលាការ​បាន​ចោទ អ្នក​ទាំងបី​រូប ពីបទ​ល្មើស​ទាក់ទិន​នឹង​ការប្រើប្រាស់​ដោយ​ខុសច្បាប់​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន​ដោយ​ចេតនា ដែល​មិន​បានចែង​ក្នុង​កិច្ចសន្យាជួល​។​
 
​តាម​ការចុះផ្សាយ​របស់​កាសែត Apple Daily ដែល​ផ្នែក​មួយ​របស់​ក្រុមហ៊ុន Next Digital និង​ជា​កាសែត​រិះ​ខ្លាំង​លើ​រដ្ឋាភិបាល​ហុងកុង ចៅក្រម​ដែល​ដឹកនាំ​សវនាការ​លើ​លោក Lai នេះ ជា​ចៅក្រម​ម្នាក់ ដែល​លោកស្រី​ការី ឡាំ ប្រធាន​ប្រតិបត្តិ​ក្រុង​ហុងកុង តែងតាំង​ឲ្យ​កាន់​រឿងក្តី​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​។ 
 
​ក្នុង​អង្គជំនុំជម្រះ​នេះ បុគ្គល​ពីររូប ត្រូវបាន​តុលាការ​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​សិន ខណៈ​សេដ្ឋី​ហុងកុង ត្រូវ​តុលាការ​បដិសេធ​ឲ្យ​នៅក្រៅ​ឃុំ ដោយ​សំអាងថា លោក​អាច​នឹង​គេចខ្លួន​ពី​ការកាត់ទោស​។ 
 
​ការចោទប្រកាន់​នេះ ត្រូវបាន​មើលឃើញថា មាន​លក្ខណៈ​នយោបាយ ដោយសារតែ​កន្លងមក Apple Daily ដែល​កាសែត​របស់លោក Lai បាន​រិះគន់​ខ្លាំងៗ​លើ​រដ្ឋាភិបាល​ហុងកុង​។ ការចោទប្រកាន់​នេះ ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​តុលាការ​ទើបតែ​កាត់ទោស សកម្មជន​គាំទ្រ​ប្រជាធិបតេយ្យ​ចំនួន ៣​រូប​ពី ៧​ខែ ដល់​ជាង ១៣​ខែ​។ ក្នុងនោះ​មានដូចជា លោក Joshua Wong, កញ្ញា​, កញ្ញា​Agnes Chow និង​លោក Ivan Lam​។ 
 
​កន្លងទៅ លោក Lai ក៏ត្រូវ​បាន​ប៉ូលិស​ហុងកុង​ចាប់ខ្លួន​ផងដែរ​ពីបទ​គប់គិត​ជាមួយ​កម្លាំង​បរទេស ដែលជា​បទល្មើស​មួយ​នៅក្នុង​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​។ ចំណែក  ការិយាល័យ​កាសែត Apple Daily នៅ​ជាយ​ទីក្រុង​ហុងកុង ក៏ត្រូវ​បាន​ប៉ូលិស​ចូល​ឆែកឆេរ​ផងដែរ​។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក សេដ្ឋី​ហុងកុង​រូបនេះ ត្រូវបាន​តុលាការ​អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ​វិញ ដោយ​បង់ថ្លៃ​ចេញ​ក្រៅ​ឃុំ​ប្រមាណ​ជាង​៣,៨​ម៉ឺន​ដុល្លារ ហើយ​បូក​ទាំង​ប្រាក់​ធានា​ជាង ២,៥​ម៉ឺន​ដុល្លារ​បន្ថែមទៀត​៕ 

Tag:
 ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com