កីឡាអន្តរជាតិ
អន្តរជាតិ
ស្តេច​ប្រដាល់ Pacquiao ក្លាយជា​ប្រធាន​បក្ស​កាន់អំណាច​ហ្វីលីពីន​
04, Dec 2020 , 9:31 am        
រូបភាព
Pacquiao ក្នុងកម្មវិធីឡើងកាន់តំណែងប្រធានបក្សកាន់អំណាចហ្វីលីពីន PDP-Lanban។ រូបភាពពី Rapler
Pacquiao ក្នុងកម្មវិធីឡើងកាន់តំណែងប្រធានបក្សកាន់អំណាចហ្វីលីពីន PDP-Lanban។ រូបភាពពី Rapler
​ស្តេច​ប្រដាល់​អាស៊ី Manny Pacquiao និង​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន បាន​ក្លាយជា​ប្រធាន​គណបក្សកាន់អំណាច​ហ្វីលីពីន PDP-Laban​។ ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ក៏​ជា​សមាជិក​បក្ស PDP-Laban ដែរ ហើយ​បក្ស​នេះ​ធ្លាប់​ឈ្នះ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ថ្នាក់ក្រោម​ជាតិ​កាលពី​ឆ្នាំ ២០១៩​។​



​ការជាប់ឆ្នោត​ជា​ប្រធាន​គណបក្សកាន់អំណាច​មួយ​នេះ ត្រូវបាន​គេ​ជឿជាក់ថា ជា​ជំហាន​មួយទៀត​របស់ Pacquiao ក្នុងការ​ក្លាយជា​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន​នៅ​ឆ្នាំ ២០២២ មិន​ខាន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី​៣ ខែធ្នូ​។​
 
​អ្នក​ប្រដា​ល់វ័យ ៤១​ឆ្នាំ ដែល​បច្ចុប្បន្ន​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​ស្រាប់​នោះ ក៏ត្រូវ​គេ​ជឿថា អាច​កាន់កាប់​តំណែង​ជា​អ្នកដឹកនាំ​ប្រទេស​កំណើត​របស់ខ្លួន ខណៈ​រូបគេ​ត្រូវបាន​ប្រជាជន​ចាត់ទុកថា​ជា​វីរបុរស​របស់​ជាតិ​ទៅហើយ។​
 
​ពី​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន Pacquiao បាន​និយាយ​បន្ទាប់ពី​ឡើងកាន់តំណែង​នេះ​នៅ​ថ្ងៃទី​២ ខែធ្នូ​ថា​៖ «​ទទួលបាន​ឱកាស​ដ៏​កម្រ​ក្នុងការ​ដឹកនាំ PDP-Laban ជា​កិត្តិយស និង​ការទទួលខុសត្រូវ​ដ៏​ធំធេង​។ ខ្ញុំ​សូម​អរគុណ​ដល់​ព្រះ ហើយ​ខ្ញុំ​នឹងមិន​ខ្ជះខ្ជាយ​ពេលវេលា​សម្រាប់​តួនាទី​ដែល​អ្នក​បានប្រគល់​ឲ្យ​ខ្ញុំ​ឡើយ​»​។​
 
​ការរំពឹងទុក​ពី​បំណង​របស់​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​៦​ស្ថាប័ន​ក្នុងការ​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ហ្វីលីពីន​ហាក់​កើន​សន្ទុះ​ខ្លាំង​កាលពី​ខែមិថុនា នៅពេលដែល​អតីត​ភ្នាក់ងារ​ប្រដាល់​របស់ Pacquiao លោក Bob Arum បានប្រកាស​នៅក្នុង​បទ​សម្ភាស​មួយ​ថា​អ្នក​ប្រដា​ល់វ័យ ៤១ ឆ្នាំ​រូបនេះ​បាន​ប្រាប់​លោក​ថា​នឹង​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២២​។​
 
​ជុំវិញ​ការលើកឡើង​ខាងលើ ទាំង Pacquiao និង​អ្នក​ជិតស្និទ្ធ​របស់គេ​មិនបាន​បញ្ជាក់ ឬ​បដិសេធ​ព័ត៌មាន​នេះឡើយ​។ យ៉ាងណាក៏ដោយ Pacquiao ដែលជា​មិត្ត​ជិតស្និទ្ធ​របស់លោក Duterte ប្រធានាធិបតី​ហ្វីលីពីន​បច្ចុប្បន្ន បែ​ជា​ប្រាប់​អ្នកការ​សែត​កុំ​និយាយ​ពី​រឿង​នយោបាយ​ទៅវិញអំឡុងពេលបង្ហាញខ្លួន​សម្រាប់តំណែងប្រធានបក្ស។ «​យើង​គួរ​ផ្តោតលើ​ការជួយ​ដល់​ប្រទេស​ក្រីក្រ អ្នកក្រីក្រ​របស់ និង​អ្នក​ដែល​គ្មាន​ទី​ជំរក​របស់​យើង​វិញ​។ ការបោះឆ្នោត​នៅមាន​រយៈពេល​វែងឆ្ងាយ​ទៀត កុំ​និយាយ​ពី​វា​អី​!»​។ ស្ដេច​ប្រដាល់​អាស៊ី​បញ្ជាក់​បែបនេះ​។​
 
Pacquiao ដែលមាន​ប្រវត្តិ​ប្រកួត ៧១​ដង ឈ្នះ​៦២ ចាញ់​៧ និង​ស្មើ​២ ក្នុងនោះ​ផ្តួល​ដៃគូ​មិន​ឲ្យ​តដៃ​រួច​ចំនួន​៣៩​លើក បាន​ចូលរួម​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​ចាប់តាំងពី​ឆ្នាំ ២០១៦​មក​។ សម្រាប់​តំណែង អនុប្រធាន PDP-Laban គឺ​លោក Lord Allan Velasco ដែលជា​ប្រធានសភា​ហ្វីលីពីន​បច្ចុប្បន្ន​៕
 

Tag:
 Manny Pacquiao
  PDP-Laban
© រក្សាសិទ្ធិដោយ thmeythmey.com