COVID-19
ជាតិ
ថ្លែង​ទៅកាន់​UN សម្ដេច ហ៊ុន សែន ទទូច​មិន​ឲ្យ​ពួក​មហាអំណាច យក​បញ្ហា​កូ​វីដ​-១៩ ធ្វើជា​ភូមិសាស្ត្រ​នយោបាយ​
04, Dec 2020 , 10:11 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​ទទូច​មិន​ឲ្យ​ពួក​មហាអំណាច​យក​បញ្ហា​កូ​វីដ​-១៩ ធ្វើជា​ចំណាប់ខ្មាំង នៅក្នុង​ភូមិសាស្ត្រ​នយោបាយ​របស់​ពួកគេ​ឡើយ​។ សម្ដេច​ថ្លែង​បែបនេះ នៅក្នុង​សម័យប្រជុំ​ពិសេស លើក​ទី ៣១ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ស្ដីពី «​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩» ថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ ២០២០​។​



​ថ្លែង​ពី​ទីក្រុង​ភ្នំពេញ ទៅកាន់​អង្គការសហប្រជាជាតិ តាមរយៈ​ប្រព័ន្ធ​វីដេអូ សម្ដេច ហ៊ុន សែន ចាត់ទុក​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​- ១៩ ជា​រឿង​ចាំបាច់​បំផុត ដោយ​មិនគួរ​ប្រទេស​ណាមួយ​ឆ្លៀត​យកមកអនុវត្ត​ជា​របៀបវារៈ​ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន​នោះឡើយ ។ 
 
​តាមរយៈ​សន្ទរកថា នៅក្នុង​វីដេអូ​ជាង​៥​នាទី​នោះ នាយករដ្ឋមន្ត្រី​កម្ពុជា បានលើកឡើង​ដូច្នេះ​ថា​៖« ខណៈដែល​ជីវិត​មនុស្ស​រាប់លាន​នាក់ នៅ​ទូទាំង​ពិភពលោក​កំពុងស្ថិត​នៅក្នុង​ហានិភ័យ ការធ្វើ​នយោបាយ​របស់​ប្រទេស​ណាមួយ​លើ​បញ្ហា​សុខភាព​សាធារណៈ និង​បរិហារ​របស់​ពួកគេ លើ​សមត្ថភាព​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង គឺ​មិនមាន​ប្រយោជន៍​អ្វី​ដល់​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​នេះឡើយ ។ ផ្ទុយទៅវិញ សាមគ្គីភាព និង​ឯកភាពគ្នា​ក្នុង​តំបន់ និង​ជាស​កល គឺជា​ធាតុ​សកម្ម​មិនអាច​ខ្វះ​បាន នៅក្នុង​អំឡុងពេល​នៃ​វិបត្តិ​បែបនេះ​»​។​
 
​បើតាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​ជា​លក្ខណៈ​សកល​បែបនេះ ទាមទារ​នូវ​ការសម្រេចចិត្ត​រួមគ្នា ប្រកបដោយ​ភាព​ហ្មត់ចត់ ក្រោម​យន្តការ​ពហុភាគី​និយម និង​ការគោរព​ច្បាប់​អន្តរជាតិ​។ ជាពិសេស​គោរព​អធិបតេយ្យភាព​របស់រ​ដ្ឋ​នីមួយៗ ទោះបីជា​រដ្ឋ​នោះ​ធំ ឬ តូច​, មាន ឬ ក្រ ក៏ដោយ ព្រោះ​មាន​អង្គការសហប្រជាជាតិ និង​អង្គការ​សុខភាព​ពិភពលោក​ជា​ស្នូល ។ 
 
«​ខ្ញុំ​សូម​គូសបញ្ជាក់​នូវ​ការគាំទ្រ​យ៉ាង​មុតមាំ​របស់​កម្ពុជា ចំពោះ​តួនាទី​របស់ អសប​(UN) និង អង្គការ​សុខភាព​ពិភពលោក ក្នុង​កិច្ចប្រឹងប្រែង​ជាស​កល ចំពោះ​ការឆ្លើយតប និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​ស្នើ​ឲ្យ​មានការ​ធានាថា វ៉ាក់សាំង​ដែល​ត្រូវបាន​រកឃើញ គឺជា​ទំនិញ​សាធារណៈ និង​មាន​ចរិត​សកល ដែល​នឹង​ត្រូវបាន​ផ្គត់ផ្គង់ និង​ចែកចាយ ក្នុង​ស្មារតី​មនុស្សធម៌ ទៅដល់​គ្រប់​ប្រទេស​ទាំងអស់ ជាពិសេស​​ប្រទេស​ដែល​ងាយ​រងគ្រោះ​បំផុត​។​
 
​បន្ថែម​ពីនេះ នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​ប្រកាស​គាំទ្រ​នូវ​គំនិត​ផ្តួចផ្តើម​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ ចំពោះ​ការបង្កើត​មូលនិធិ សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩ និង​ការរៀបចំ​ស្ដារ​សម្បទា​សេដ្ឋកិច្ច​ឡើងវិញ ដែល​បាន​ដាក់ចេញ​កាលពីដើមឆ្នាំ​២០២០​នេះ ។ «​ជាការ​ពិត ជំនួយ​អាចជា​ចំណែក​តូច​មួយ​នៃ​ការស្តារ​នេះ ក៏ប៉ុន្តែ​កត្តា ដែល​សំខាន់​មិនអាច​ខ្វះ​បាន​គឺ​ការបន្ត​រក្សាបាន​នូវ​យន្តការ​ពហុភាគី​និយម​, សកលភាវូបនីយកម្ម​និយម​, ពាណិជ្ជ​សរី​ភាវូបនីយកម្ម​, ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​តំបន់ និង ពិភពលោក​, ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​, ការវិនិយោគ​, ទេសចរណ៍​អន្តរជាតិ និង ការធ្វើដំណើរ​ជាទូទៅ​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។​
 
​គិត​ត្រឹម​ម៉ោង​១០​ព្រឹក ថ្ងៃទី​៤ ធ្នូ​នេះ អ្នកជំងឺ​កូ​វីដ​-១៩ ទូទាំង​ពិភពលោក មាន​ជាង​៦៥,៥ លាន​នាក់​ហើយ ក្នុង​ជាសះស្បើយ​ជាង​៤៥,៣ លាន​នាក់ និង​ស្លាប់​១,៥​លាន​នាក់​។ ដោយឡែក​នៅ​កម្ពុជា មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៣៣៥​នាក់ ដោយ​ជាសះស្បើយ​៣០៤​នាក់​។ ចំណែក​អ្នកជំងឺ​២៦​នាក់​កំពុង​ព្យាបាល​នៅ​ពេទ្យ​ខ្មែរ​សូ​វៀត និង​៥​នាក់​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​៕

Tag:
 ហ៊ុន សែន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com