សង្គមអន្តរជាតិ​
អន្តរជាតិ
ក្រុម​សិទ្ធិមនុស្ស ទទូច​ឲ្យ​បង់​ក្លា​ដែ​ស​បញ្ឈប់​ការបញ្ជូន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ទៅ​កោះដាច់​ស្រយាល​
04, Dec 2020 , 10:25 am        
រូបភាព
កន្លែងស្នាក់នៅលើកោះBhasan Char ដែលរៀបចំដោយរដ្ឋាភិបាលបង់ក្លាដេស។រូបភាព៖AFP
កន្លែងស្នាក់នៅលើកោះBhasan Char ដែលរៀបចំដោយរដ្ឋាភិបាលបង់ក្លាដេស។រូបភាព៖AFP
ដោយ:
​ក្រុម​អង្គការសិទ្ធិមនុស្ស នៅ​ថ្ងៃទី​៣ ខែធ្នូ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស បញ្ឈប់​ផែនការ​បញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ទៅកាន់​កោះដាច់​ស្រយាល​មួយ​។ ការស្នើ​នេះ ធ្វើឡើង​ខណៈ​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស បានចាប់ផ្តើម​បញ្ជូន​ជនភៀសខ្លួន​ចំនួន​៤០០​នាក់​តាម​នាវា​ទៅកាន់​កោះ​នោះ​។ ជនភាគតិច​រូ​ហ៊ីង​យ៉ា ជាង​១​លាន​នាក់ បាន​ភៀសខ្លួន​មក​រស់នៅ​បង់​ក្លា​ដែ​ស និង​ប្រទេស​ដទៃទៀត ដើម្បី​គេចចេញ​ពី​ការធ្វើ​បាប​របស់​ទាហាន​មី​យ៉ាន់​ម៉ា​។​

 
​ចាប់​តាំងតែ​ពី​ចុងឆ្នាំ​២០១៧​មក ជនភៀសខ្លួន​រូ​ហ៊ី​ន​យ៉ា ជាង​១​សែន​នាក់​បានមក​រស់នៅក្នុង​ជំរំ​ជនភៀសខ្លួន Cox’s Bazar ក្នុង​តំបន់ Ukhiya ទឹកដី​បង់​ក្លា​ដែ​ស ក្បែរ​ព្រំដែន​មី​យ៉ាន់​ម៉ា​។ នៅ​ថ្ងៃទី​៣ ធ្នូ​ន​រថយន្ត​ចំនួន​១០​គ្រឿង បាន​ដឹកជញ្ជូន​ពួកគេ​ចេញពី​ជំរំ​ទៅកាន់​កំពង់ផែ Chittagong ដើម្បី​បន្តដំណើរ​តាម​នាវា​សំដៅ​កោះ Bashan Char ដែលជា​កន្លែង​ប្រឈម​នឹង​ទឹកជំនន់ និង​ផុស​ពី​ទឹកសមុទ្រ​កាលពី​២០​ឆ្នាំមុន ដែលជា​ជម្រក​ថ្មី​របស់​ពួកគេ​។​
 
« ពួកគេ​នឹង​រស់នៅ​យ៉ាង​សុខ​សប្បាយ​នៅ​ទីនោះ​។ គ្មាន​អ្នកណា​ត្រូវបាន​បង្ខំ​ឡើយ​។ រដ្ឋាភិបាល​បាន​ចាត់ចែង​វិធានការ​ទប់ទល់​នឹង​គ្រោះមហន្តរាយ រួមមាន​ការរស់នៅ​ដោយ​ផាសុខភាព​»​។ នេះ​ជាការ​លើកឡើង​របស់លោក Mohammed Shamsud Douza មន្ត្រី​បង់​ក្លា​ដែ​ស​ទទួលបន្ទុក​ជនភៀសខ្លួន ដែល​ដកស្រង់​ដោយ​ភ្នាក់ងារ​សារព័ត៌មាន​Reuters​។​
 
​អង្គការសហប្រជាជាតិ អះអាងថា ខ្លួន​ពុំ​ទទួលបាន​ព័ត៌មាន​ពេញលេញ​ពី​ការ​បម្លាស់​ទីនេះ ហើយក៏​ពុំ​ប​ពាក់ព័ន្ធ​ក្នុង​ការរៀប​ចំឡើយ​។ ចំណែក​លោក Saad Hammadi មន្ត្រី​អង្គការ​លើកលែងទោស​អន្តរជាតិ ទាមទារ​ឲ្យ​បង់​ក្លា​ដែ​ស​បញ្ឈប់​ការផ្លាស់ប្តូរ​ទីកន្លែង​ជាបន្ទាន់​។ អង្គការ Refugees International និយាយថា ផែនការ​នេះ ជាការ​គិត​ខ្លី និង​អមនុស្សធម៌ ស្របពេល អង្គការ Fortify Rights Group បង្ហាញ​សេចក្តី​បារម្ភ​ថា ជនភៀសខ្លួន​អាច​នឹង​ត្រូវបាន​គំរាម និង​មិនមែនជា​ការស្ម័គ្រចិត្ត​ឡើយ​។​
 
​បង់​ក្លា​ដែ​ស​អះអាងថា ការបញ្ជូន​នេះ ធ្វើឡើង​សម្រាប់តែ​បុគ្គល​រូប​ណា​ដែល​ស្ម័គ្រចិត្ត​តែប៉ុណ្ណោះ និង​ក្នុង​បំណង​បន្ថយ​ការរស់នៅ​កកកុញ​ដែល​ក្លាយជា​បញ្ហា​ជាង​៣​ឆ្នាំ​មកហើយ​។ ចំណែក​មន្ត្រី​ក្រសួងការបរទេស​បន្ថែ​ម​ថា ជនភៀសខ្លួន​ដែល​ត្រូវបញ្ជូន​ទៅកាន់​កោះ​នោះ ជា​អ្នកមាន​ក្ដីសង្ឃឹម​តិចតួច​ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍​ទៅ​មី​យ៉ាន់​ម៉ា​។​
 
​មន្ត្រី​បង់​ក្លា​ដែ​ស អះអាងថា ជនភៀសខ្លួន​ចំនួន​៤០០ ទៅ​២,៥០០​នាក់ អាច​នឹងត្រូវ​ផ្លាស់​ទី​នៅ​ល្ងាច​ថ្ងៃទី​៣ ធ្នូ អាស្រ័យ​លើ​រលក​សមុទ្រ​។ ផ្ទះ​ចំនួន​១​សែន​ខ្នង​ត្រូវបាន​សាងសង់​នៅលើ​កោះ​នោះ ហើយ​អាជ្ញា​ធរមាន​គម្រោង​ក្នុងការ​ផ្លាស់​ទី​ជនភៀសខ្លួន​អំឡុង​ខែវិច្ឆិកា និង​មេសា ដែលជា​រដូវប្រាំង​។​
 
​លោក Omar Faruq ដែលជា​ជនភៀសខ្លួន​មួយរូប​ដែល​ធ្លាប់បាន​ទៅ​មើល​កោះ Bashan Char អះអាងថា កន្លែង​រស់នៅ​លើ​កោះ​នោះ​គឺ​ល្អ​ជាង ការរស់នៅ​លើ​ជំរុំ​ជនភៀសខ្លួន​ឆ្ងាយ​ណាស់ ដោយ​បញ្ជាក់ថា​លោក​ត្រៀមខ្លួន​នឹង​ទៅ​រស់នៅ​ទីនោះ​។ ចំណែក​លោក Nurul Amin ជនភៀសខ្លួន​មួយរូប​ទៀត លើកឡើងថា ពួកគាត់​ពុំ​ចង់​រស់នៅ​កន្លែង​ដាច់ស្រយាល​ដែល​ប្រៀបបាន​ដូចជា​គុក​នោះឡើយ​។​
 
​តាំងពី​ឆ្នាំ​២០១៧​មក ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ច្រើនជាង​៧​សែន​៣​ម៉ឺន​នាក់ បាន​ភៀសខ្លួន​ឆ្លង​ព្រំដែន​ចូល​ទឹកដី​បង់​ក្លា​ដែ​ស បន្ទាប់ពី​មានការ​គាបសង្កត់ និង​ធ្វើបាប​ពី​ទាហាន​មី​យ៉ាន់​ម៉ា​។ អង្គការសហប្រជាជាតិ ធ្លាប់បាន​លើកឡើងថា ការ​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នេះ ដោយមាន​បំណង​ប្រល័យពូជសាសន៍ ប៉ុន្តែ​ទាហាន​មី​យ៉ាន់​ម៉ា អះអាងថា​ខ្លួន​គ្រាន់តែ​បង្ក្រាប​ក្រុម​ឧទ្ទាម​តែប៉ុណ្ណោះ​។​
 
​ជុំវិញ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិ​រូ​ហ៊ី​ន​យ៉ា​នេះ ប្រទេស​ហ្កំ​ប៊ី​តាងនាម​ឲ្យ​អង្គការ​កិច្ចសហប្រតិបត្តិការ​ឥស្លាម (OIC) បាន​ប្តឹង​មី​យ៉ាន់​ម៉ា​ទៅ​តុលាកា​យុត្តិធម៌​អន្តរជាតិ ពីបទ​ប្រល័យពូជសាសន៍​(ICJ)​។ ការិយាល័យ​អយ្យការ​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បានទទួល​ការអនុញ្ញាត​ពី​តុលាការ​ក្នុងការ​ស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​៕
 

Tag:
 ​បង់​ក្លា​ដែ​ស​
  មី​យ៉ាន​ម៉ា​
  រូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com