សង្គមអន្តរជាតិ​
អន្តរជាតិ
លោក បៃ​ឌិន និង​អតីត​ប្រធានាធិបតី​៣​នាក់ សន្យា​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅមុខ​កាមេរ៉ា
04, Dec 2020 , 2:18 pm        
រូបភាព
ឆ្វេងទៅស្ដាំ៖ លោក បារ៉ាក់ អូបាម៉ា_លោក ចូ បៃឌិន និងលោក ប៊ីល គ្លីនតុន ។ រូបពី AFP
ឆ្វេងទៅស្ដាំ៖ លោក បារ៉ាក់ អូបាម៉ា_លោក ចូ បៃឌិន និងលោក ប៊ីល គ្លីនតុន ។ រូបពី AFP
ដោយ:
​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ឌិន និង​អតីត​ប្រធានាធិបតី​អាមេរិក​បីនាក់​ទៀត​មាន បា​រ៉ា​ក់ អូ​បា​ម៉ា​, លោក ច​ច ដាប់​ប៊​ល​យូ ប៊ូ​ស និង​លោក ប៊ី​ល គ្លី​ន​តុ​ន ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅមុខ​កា​ម៉ា​រ៉ា ដើម្បី​ជួយ​បង្កើន​ទំនុកចិត្ត​ក្នុងចំណោម​សាធារណជន​។ 

 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​អាមេរិក​មួយ​នៅ​ថ្ងៃទី​៣ ខែធ្នូ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បញ្ជាក់ថា លោក​នឹង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ប្រសិនបើ​អ្នកជំនាញ​ជំងឺឆ្លង​ជាន់ខ្ពស់​អាមេរិក វេជ្ជបណ្ឌិត Anthony Fauci អនុញ្ញាត​។ 
 
«​ប្រសិនបើ​លោក​វេជ្ជបណ្ឌិត Anthony Fauci ប្រាប់​ខ្ញុំ​ថា វ៉ាក់សាំង​នេះ មាន​សុវត្ថិភាព ហើយ​អាច​ចាក់​បង្ការ​កូ​វីដ​-១៩​បាន​នោះ […] ច្បាស់​ណាស់ ខ្ញុំ​នឹង​ចាក់​វា​»​។ លោក អូ​បា​ម៉ា និយាយ​បែបនេះ មុននឹង​សន្យាថា លោក​អាច​ចាក់​វ៉ាក់សាំង​នេះ​លើ​កញ្ចក់​ទូរទស្សន៍ ឬថ​តវា​ទុក ដើម្បី​បញ្ជាក់ថា លោក​ជឿជាក់​លើ​វិទ្យាសាស្ត្រ​។ 
 
​ចំណែក លោក Freddy Ford អ្នកនាំពាក្យ​លោក ច​ច ដាប់​ប៊​ល​យូ ប៊ូ​ស បាន​ប្រាប់​ទូរទស្សន៍​អាមេរិក CNN ថា លោក​អតីត​ប្រធានាធិបតី ក៏​ចង់​ជួយ​ជំរុញ​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​។  ត្រង់ចំណុច​នេះ លោក​អះអាង​ដូច្នេះ​ថា ជាបឋម វ៉ាក់សាំង​នេះ ត្រូវតែ​បញ្ជា​ក់មាន​សុវត្ថិភាព ហើយ​ចាត់ចែង​សម្រាប់​ក្រុមមនុស្ស​អាទិភាព​។ ក្រោយមក លោក ប៊ូ​ស នឹង​តម្រង់​ជួរ​រង់ចាំ​ដល់​វេន​លោក ហើយនឹង​រីករាយ​ធ្វើ​វា​នៅមុខ​កា​ម៉ា​រ៉ា​។ 
 
​ដូចគ្នានេះដែរ លោក Angel Urena លេខាធិការ​ព័ត៌មាន​របស់លោក ប៊ី​ល គ្លី​ន​តុ​ន ក៏បាន​ប្រាប់​ទូរទស្សន៍ CNN ថា លោក​អតីត​ប្រធានាធិបតី ក៏​នឹង​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ នៅមុខ​កញ្ចក់​ទូរទស្សន៍​ផងដែរ​។ 
 
​មិន​ខុសគ្នា​នឹង​អតីត​ប្រធានាធិបតី​អាមេរិក​ទាំង​៣ ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ឌិន បាន​ប្រាប់​ទូរទស្សន៍ CNN ក្នុង​កិច្ច​សម្ភាស​មួយ​ថា លោក នឹង​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​នៅមុខ​សាធារណជន បន្ទាប់ពី​រដ្ឋាភិបាល​អ​នុ​ម័ត​ប្រើប្រាស់​វ៉ាក់សាំង ជាពិសេស ក្រោយ​លោក​វេជ្ជបណ្ឌិត Fauci ប្រកាសថា វា​មាន​សុវត្ថិភាព​។ អនាគត​ប្រធានាធិបតី​វ័យ​៧៨​រូបនេះ បញ្ជាក់ថា វា​ចាំបាច់​ក្នុងការ​ប្រាប់​ទៅកាន់​ពល​ដ្ឋ​អាមេរិក​ថា វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ មាន​សុវត្ថិភាព​។ លោក​ក៏បាន​សរសើរ​អតីត​ប្រធានាធិបតី​ទាំងបី​សម្រាប់​ការតាំង​ចិត្ត​របស់​ពួកគេ និង​ធ្វើជា​គំរូ​សម្រាប់​ពលរដ្ឋ​អាមេរិក​។ 
 
​សូមបញ្ជាក់ថា វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​អាមេរិក Pfizer និង​អាល្លឺម៉ង់ BioNTech  និង​វ៉ាក់សាំង​ក្រុមហ៊ុន​អាមេរិក Moderna រំពឹង​នឹងត្រូវ​អនុម័ត​ឲ្យ​ប្រើប្រាស់​ដោយ​អាជ្ញាធរ​អាមេរិក​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ មន្ត្រីជាន់ខ្ពស់​អាមេរិក​ម្នាក់ បាន​អះអាង​នៅ​ថ្ងៃទី ២ ខែធ្នូ​ថា សហរដ្ឋអាមេរិក សង្ឃឹមថា នឹង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ដល់​មនុស្ស​១០០​លាន​នាក់ ត្រឹម​ចុងខែ​កុម្ភៈ ឆ្នាំ​២០២១៕ 

Tag:
 សហរដ្ឋអាមេរិក​
  ចូ បៃ​ឌិន​
  វ៉ាក់សាំង​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com