សង្គមអន្តរជាតិ​
អន្តរជាតិ
អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ទទួលមរណភាព នៅ​វ័យ ៧៦​ឆ្នាំ​
04, Dec 2020 , 7:29 pm        
រូបភាព
លោក Zafarullah Khan Jamali អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន។ រូបភាព៖ Getty Image
លោក Zafarullah Khan Jamali អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន។ រូបភាព៖ Getty Image
​អ្នកនយោបាយ​ជើងចាស់ និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក Zafarullah Khan Jamali បានទទួល​មរណភាព នៅ​ថ្ងៃទី​២ ខែធ្នូ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​Rawalpindi ដោយសារ​ជំងឺ​ប្រចាំកាយ​។

 
​លោក Zafarullah Khan Jamali គឺជា​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​មួយរូប ដែល​បាន​កាន់តំណែង​ពី​ឆ្នាំ ២០០២ ដល់​ឆ្នាំ ២០០៤ ក្រោម​អាណត្តិ​ប្រធានាធិបតី Pervez Musharraf ដែល​កំពុង​និរទេស​ខ្លួន​នៅ​ទីក្រុង​ឌូ​បៃ អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។ លោក Jamali បានទទួល​មរណភាព​នៅ​វ័យ ៧៦​ឆ្នាំ បន្ទាប់ពី​មាន​ជំងឺ​គាំងបេះដូង​ជាច្រើន​ថ្ងៃ​។​
 
​លោក Jimali បានកើត​នៅក្នុង​ឆ្នាំ ១៩៤៤ នៅ​ខេត្ត​ភាគខាងត្បូង Baluchistan​។ បុរស​រូបនេះ បាន​ឈាន​ជើង​ចូល​នយោបាយ នៅក្នុង​ឆ្នាំ ១៩៦០ រហូតដល់​ប៉ុន្មាន​ខែ​មុននេះ​ប៉ុណ្ណោះ ដែល​លោក​បាន​ឈាន​ជើង​ចេញ ដោយសារតែ​ជំងឺ​របស់លោក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Arab News​។ 
 
​បន្ទាប់ពី​ទទួលមរណភាព លោកនាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន Imran Khan និង​អ្នកនយោបាយ​ផ្សេងទៀត ក៏បាន​ចូលរួម​រំលែក​ទុក្ខ និង​សម្តែង​ការសោកស្តាយ​ផងដែរ​។​
 
​សូមបញ្ជាក់ថា លោក Jamali បាន​លាលែង​ពី​នាយករដ្ឋមន្ត្រី​នៅក្នុង​ឆ្នាំ ២០០៤ ដោយសារ​ការខ្វែងគំនិត​គ្នា​ជាមួយ​ប្រធានាធិបតី​លើ​បញ្ហានយោបាយ​មួយចំនួន​។ បន្ទាប់ពី​លោក Musharraf លាលែង​ចេញពី​តំណែង​ប្រធានាធិបតី​នៅក្នុង​ឆ្នាំ​២០០៨ លោក Jamali មិនដែល​និយាយ​ប្រឆាំង ឬ​រិះគន់​លោក​Musharraf ម្តងណា​ឡើយ​៕ 

Tag:
 ប៉ា​គី​ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com