អន្តរជាតិ
​ក្មេងស្រី​ហ្វីលីពីន​ម្នាក់​ចុច​ទិញ​អាហារ​តាម App ដដែលៗ រហូតដល់​មាន​អ្នក​ដឹកជញ្ជូន​៤២​នាក់​ទៅដល់​ផ្ទះ​
05, Dec 2020 , 8:29 am        
រូបភាព
ដោយ: ធីតា
​ក្មេងស្រី​ហ្វីលីពីន​ម្នាក់​រស់នៅ​ក្រុង Cebu បាន​បញ្ជា​ទិញ​ម្ហូបអាហារ​តាម App ដើម្បី​ញ៉ាំ​ជា​អាហារ​ថ្ងៃត្រង់​ជាមួយ​ជីដូន​របស់ខ្លួន​។ ដោយសារ​អ៊ី​ន​ធ័​រ​ណិ​ត​យឺត នាង​បាន​ចុច​កុម្ម៉ង់​ម្តង​ហើយ​ម្តងទៀត ហើយ​ទីបំផុត​អ្នក​ជញ្ជូន​ដល់​ទៅ​៤២​នាក់ បាន​យក​អាហារ​ទៅដល់​ផ្ទះ​របស់​នាង​។​

 
​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា  អ្នកស្រុក​នៅ​តំបន់ Mabolo ក្រុង Cebu មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយ​អ្នក​ដឹកជញ្ជូន​ម្ហូប​ដល់​ទៅ​ជាង​៤០​នាក់​បាន​ទៅដល់​បន្តបន្ទាប់​គ្នា​នៅមុខ​ផ្ទះ​របស់​គ្រួសារ​មួយ​។ 
 
​ក្រោយ​សាកសួរ ម៉ូតូ​នីមួយៗ​សុទ្ធតែ​ដឹក​សាច់មាន់​បំពង​ពីរ​ប្រអប់​ដូចៗ​គ្នា ដោយ​អ្នកបញ្ជា​ទិញ​គឺជា​ក្មេងស្រី​ម្នាក់​។ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Dann Kayne Suarez ដែលជា​អ្នកជិតខាង​បាន​រៀបរាប់ថា តាមពិត​ក្មេងស្រី​នោះ ចង់​ទិញ​តែ​សាច់មាន់​បំពង​ពីរ​ប្រអប់​ប៉ុណ្ណោះ ដើម្បី​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ជាមួយ​ជីដូន ប៉ុន្តែ​អ៊ី​ន​ធ័​រ​ណិ​ត​យឺត ដោយ​នាង​ស្មាន​តែមាន​បញ្ហា ទើប​បន្ត​ចុច​កុម្ម៉ង់​សារជាថ្មី​ម្តង​ហើយ​ម្តងទៀត​។​
 
​កុមារី បាន​ស្រែកយំ ដោយ​អះអាងថា នាង​គ្មាន​បំណង​ធ្វើបែបនេះ​នោះឡើយ ព្រោះ​នាង​កុម្ម៉ង់​ទិញ​មាន់​បំពង​តែ​ក្នុង​ថវិកា​ប្រមាណ​៤​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​បច្ចេកទេស នាង​ត្រូវ​ចំណាយ​រហូតដល់​ទៅ​ជាង​១៦៥​ដុល្លារ ជា​ចំនួន​មួយ​ដែល​នាង​មិនអាច​ដោះស្រាយ​ទេ​ព្រោះ​ឪពុកម្តាយ​នាង​ទុក​លុយ​ឲ្យ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ The Sun Star Cebu​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ លោក Suarez បាន​អះអាងថា អ្នកជិតខាង រួមទាំង​លោក​បាននាំគ្នា​ជួយ​ទិញ​អាហារ​ទាំងនោះ ខណៈ​អ្នក​ដឹកជញ្ជូន​មួយចំនួន​សុខចិត្ត​មិន​យកលុយ ហើយ​ចេញទៅ​ដឹក​ម្ហូប​ឲ្យ​អ្នក​ផ្សេងទៀត​៕
 
 

Tag:
 App អាហារ
© រក្សាសិទ្ធិដោយ thmeythmey.com