ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ ហាម​ពលរដ្ឋ​ហាត់ប្រាណ និង​លេង​កីឡា​នៅ​ស្តា​ត​អូឡាំពិក មួយរយៈ​សិន​
04, Dec 2020 , 4:14 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ផ្អាក​ទៅ​ហាត់ប្រាណ និង​លេង​កីឡា​នៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១២ ខែធ្នូ​។ នោះ​ក៏​ព្រោះតែ​ក្រសួងសុខាភិបាល នឹង​យក​ទីតាំង​នោះ ធ្វើតេស្ត​សុខភាព​លើ​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។

 
​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​កាន់តែ​ច្រើនឡើង ក្រសួង​អប់រំ​ណែនាំ​បុគ្គលិក​ដែល​បម្រើការ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ទាំងអស់​បន្តធ្វើ​ការ​នៅផ្ទះ និង​តាម​អន​ឡាញ​វិញ​។ ចំពោះ​អ្នក​ដែល​ឧស្សាហ៍​មក​ហាត់ប្រាណ និង​លេង​កីឡា​នៅ​ទីនោះ ក៏ត្រូវ​ផ្អាក​សកម្ម​ភាពជា​បណ្តោះអាសន្ន​សិន​ដែរ​។​
 
​គិត​ត្រឹម​ថ្ងៃទី​៤ ខែធ្នូ នេះ ក្រសួងសុខាភិបាល ធ្វើតេស្ត​មនុស្ស​ចំនួន​៩,៧៩៣​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២៨ វិច្ឆិកា​ហើយ​។ ក្នុងចំណោម​អ្នក​ទាំងនោះ មាន​មនុស្ស ២៣​នាក់ បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ។ ចំពោះ​អ្នក​អវិជ្ជមាន​កូ​វីដ​-១៩​ទាំងនោះ នឹង​បន្ត​ធ្វើតេស្ត​ជា​លើក​ទី​២​នៅ​ថ្ងៃទី​៨ ខែធ្នូ និង​តេស្ត​លើក​ទី​៣ នៅ​ថ្ងៃទី​១២ ខែធ្នូ​។ 
 
​កន្លងមក​ក្រសួងសុខាភិបាល បានកំណត់​យក​ទីតាំង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត សម្រាប់​ឲ្យ​សិស្សានុសិស្ស និង​គ្រូបង្រៀន​ពិនិត្យ​សុខភាព រួមទាំង​ទីតាំង​ផ្សេងទៀត នៅតាម​បណ្ដា​ខេត្ត​នីមួយៗ​។ 
 
​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ក្រសួង​អប់រំ បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ផ្អាក​ហាត់ប្រាណ និង​លេង​កីឡា ដែលមាន​ការប្រមូលផ្តុំ​គ្នាច្រើន រយៈពេល​១៥​ថ្ងៃ​។ ប៉ុន្តែ​ការផ្អាក​នេះ គឺ​សម្រាប់តែ​ពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ និង​សៀមរាប​តែប៉ុណ្ណោះ​។ 
 
​នា​ថ្ងៃ​ដដែល សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ផ្អាក​ជួបជុំគ្នា រៀបចំ​កម្មវិធី អាពាហ៍ពិពាហ៍ និង​កម្មវិធី​ផ្សេងៗ​ផងដែរ​។ នា​ថ្ងៃនោះ សម្តេច​ក៏បាន​ប្រាប់​ទៅ​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី ឲ្យ​បិទ​សាលារៀន​ទាំងអស់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។​
 
​ចំណែក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏បាន​ប្រកាស​ផ្អាក​ដំណើរការ​រោងភាពយន្ត រោង​សម្តែង និង​សារមន្ទីរ​ទូទាំងប្រទេស​ផង​។ គិត​ត្រឹម​ថ្ងៃទី​៤ ខែធ្នូ​នេះ កម្ពុ​ជាមាន​ឆ្លង​កូ​វីដ​-១៩ ចំនួន​៣៣៥​នាក់ ដោយ​សះស្បើយ​៣០៤​នាក់​។ អ្នកជំងឺ​២៦​នាក់​កំពុង​ព្យាបាល​នៅ​ពេទ្យ​ខ្មែរ​សូ​វៀត និង​៥​នាក់​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​៕ 
 
 
 
 
 

Tag:
 កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com