COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ EPL និង EFL ផ្តល់ជំនួយ​៣៣៦​លាន​ដុល្លារ សង្គ្រោះ​ក្លិប​តូចៗ​នៅ​អង់គ្លេស​
04, Dec 2020 , 9:29 pm        
រូបភាព
ក្របខណ្ឌ Premier League និង​លី​គ​កីឡាបាល់ទាត់​អង់គ្លេស (EFL) នៅ​ថ្ងៃទី​៣ ខែធ្នូ​បាន​ព្រមព្រៀង​លើ​កញ្ចប់​ថវិកា​សង្គ្រោះ​ចំនួន ២៥០ លាន​ផោន (៣៣៦​លាន​ដុល្លារ​អាមេរិក​) ដើម្បី​សម្រួល​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ក្លិប​នៅ​លី​គ​លំដាប់​ទាប អំឡុង​វិបត្តិ​ជំងឺ COVID-19​។​


​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្លិប​នៅ League One និង League Two ដែលជា​ក្របខណ្ឌ​លំដាប់​ទី​៣ និង​ទី​៤ របស់​អង់គ្លេស នឹង​ទទួលបាន​ជំនួយ​ក្នុង​ចំនួន​ទឹកប្រាក់ ៦៧ លាន​ដុល្លារ​អាមេរិក​។​
 
​មួយវិញទៀត ស្ថាប័ន​គ្រប់គ្រង​លី​គ​កំពូល​អង់គ្លេស ប្តេជ្ញាចិត្ត​ផ្តល់ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែមទៀត​ដើម្បី​ជួយ​ដល់ EFL ជា​ប្រាក់កម្ចី​ចំនួន ២៧០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ក្លិប​នានា​ក្នុង​ក្របខណ្ឌ​លំដាប់​ទី​២ Championship ផងដែរ​។​
 
​ការសម្រេច​ផ្តល់ប្រាក់​ជំនួយ​ក្នុង​ចំនួន​ដ៏​ច្រើ​នេះ កើតឡើង​បន្ទាប់ពី​ការចរចា​ជាច្រើន​ខែ​រវាង Premier League និង EFL ដ្បិត​ស្ថាប័ន​គ្រប់គ្រង​នៅ​អង់គ្លេស​ទាំងពីរ​ផលប៉ះពាល់​ផ្នែក​ហិរញ​ញ​វត្ថុ​លើស​ក្លិប​តូចៗ ដែល​បង្កដោយ​វិបត្តិ COVID-19​។​
 
​លោក Rick Parry ប្រធាន EFL បានលើកឡើង​ជុំវិញ​ការផ្តល់​ជំនួយ​នេះ​ថា​៖ «​គោលបំណង របស់​យើង គឺ​ដើម្បី​ធានាថា​ក្លិប​នៅ EFL ទាំងអស់​អាច​ជៀសផុត​ពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ដោយសារ​ជំងឺ​រាតត្បាត​សកល​។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ដែល​ឥឡូវនេះ​យើង​បាន​ឈានដល់​ដំណោះស្រាយ​សម្រាប់​ក្លិប​របស់​យើង​»​។​
 
​ក្រោយ COVID-19 ផ្ទុះឡើង​ខ្លាំង ក្លិប​ទាំងអស់​នៅ​អង់គ្លេស និង​នៅ​តំបន់​អឺរ៉ុប​ផ្សេងទៀត​ត្រូវបាន​ឲ្យ​ផ្អាក​ការប្រកួត​បណ្តោះអាសន្ន​នៅ​ខែមីនា មុនពេល​បើក​ឲ្យ​មានការ​ប្រកួត​វិញ​ក្រោម​លក្ខខណ្ឌ​បិទ​កីឡដ្ឋាន​រហូត​សព្វថ្ងៃ​៕

Tag:
 Premier League
  COVID-19
  EFL
© រក្សាសិទ្ធិដោយ thmeythmey.com