ជាតិ
សង្គមជាតិ
ជនជាតិ​ចិន​៣​នាក់​នៅ​ព្រះសីហនុ ត្រូវ​ចាប់ខ្លួន ក្រោម​ការសង្ស័យថា សម្លាប់​ជនជាតិ​ចិន​ដូចគ្នា​
04, Dec 2020 , 10:59 pm        
រូបភាព
​កម្លាំង​សមត្ថកិច្ច បាន​ចាប់​ជនជាតិ​ចិន​៣​នាក់ (​ស្រី​ម្នាក់​) ដោយ​សង្ស័យថា ពួកគេ ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​លើ​បុរស​ម្នាក់​ជា​ជនជាតិ​ដូចគ្នា​។ អំពើ​ឃាត​កម្មនេះ កើតឡើង​ក្នុង​កាស៊ីណូ​ជៀ​ឡុង​ជូរ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​៤ ក្រុងព្រះសីហនុ កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២០​។


​ជនជាតិ​ចិន​ជា​ជនសង្ស័យ​ទាំង​៣​នាក់​នោះ គឺ ឈ្មោះ Li Feng អាយុ​៣៥​ឆ្នាំ ជា​សន្ដិសុខ​កាស៊ីណូ ឈ្មោះ Yu YanLong អាយុ​៣៥​ឆ្នាំ ជា​សន្ដិសុខ​កាស៊ីណូ​ដែរ និង ឈ្មោះ Tu Lin (​ស្រី​) អាយុ​៤៣​ឆ្នាំ ជា​អ្នកគ្រប់គ្រង​បុគ្គលិក​កាស៊ីណូ​។ ពួកគេ​ទាំង​៣​នាក់ សុទ្ធតែ​ស្នាក់​នៅក្នុង​កាស៊ីណូ​ជៀ​ឡុង​ជូរ​នោះ​។  
 
​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចុះផ្សាយ​ចុះផ្សាយ​នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា ឈ្មោះ Li Feng ជា​ចារី (​អ្នកផ្តើមគំនិត​និង​ជា​អ្នកប្រព្រឹត្ត​) ឈ្មោះ Yu Yanlong ជាស​ហការី (​អ្នកចូលរួម​ប្រព្រឹត្ត​) និង ឈ្មោះ Tu Lin ជា​អ្នកសមគំនិត​។ នគរបាលជាតិ អះអាងថា​៖«​បច្ចុប្បន្ន ជនសង្ស័យ រួមទាំង​សម្ភារ​វត្ថុតាង សមត្ថកិច្ច​ជំនាញ កំពុង​បំពេញ​នីតិវិធី ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ដ​ព្រះសីហនុ ចាត់ការ​បន្ដ​តាមផ្លូវ​ច្បាប់​»​។ 
 
​នគរបាលជាតិ រៀបរាប់​ហេតុការណ៍​ថា កាលពី​២៩ ខែវិច្ឆិកា កម្លាំង​សមត្ថកិច្ច បានទទួល​ព័ត៌មាន​ពី​ករណី​ឃើញ​សាកសព​ក្នុង​រថយន្ដ Highlander ពណ៌​ស ដែល​ចត​ទុកចោល​នៅ​បណ្ដោយ​វិថី​លេខ​៨៣៥ ស្ថិត​ក្នុងភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។ ជនសង្ស័យ​ឈ្មោះ Li Feng  ប្រាប់​សមត្ថកិច្ច​ថា រូបគេ និង​បក្ខពួក បាន​យក​សាកសព​ចុះ​ពី​ជាន់​លើ​នៃ​កាស៊ីណូ ហើយ​យកទៅដាក់​ក្នុង​រថយន្ដ High lander ពណ៌​ស​។ 
 
​ក្រោយ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ សមត្ថកិច្ច បានដឹងថា សាកសព​នោះ គឺជា​ជនជាតិ​ចិន ភេទ​ប្រុស ដែល​ស្លាប់​ដោយ​អំពើ​ឃាតកម្ម (​បាក់ក​ស្លាប់​)​។ ប៉ុន្តែ សមត្ថកិច្ច មិនទាន់​ស្គាល់​អត្ដ​សញ្ញាណ​នៃ​សព​នោះទេ​។ 
 
​បើតាម​នគរបាលជាតិ​ដដែល សម្ភារ​វត្ថុតាង ដែល​សមត្ថកិច្ច​ដកហូត​ក្នុង​សំណុំរឿង​ឃាតកម្ម​នេះ មានដូចជា រថយន្ដ Highlander ពណ៌​ស​១​គ្រឿង រថយន្ត​ស្ដា​រិ​ក​ពណ៌​ខ្មៅ​១​គ្រឿង ទូរស័ព្ទដៃ​៣​គ្រឿង លិខិតឆ្លងដែន​២​ក្បាល កាបូបស្ពាយ​ពណ៌​ខ្មៅ​១ ជាដើម​៕ 

Tag:
 ចាប់​ជនជាតិ​ចិន​
  អំពើ​ឃាតកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com