ជាតិ
លោក បេន ដេ​វី​ស ជនបរទេស​ដែល​ដាក់ចិត្ត​ដាក់​កាយ​ការពារ​ធនធានធម្មជាតិ​ខ្មែរ​
05, Dec 2020 , 12:59 pm        
រូបភាព
លោក បេន ដេ​វី​ស ជា​ជនជាតិ​អាម​រិ​ក បាន​ចូលរួម​ការពារ​ធម្មជាតិ​កម្ពុជា​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ក្នុង​តំបន់​ព្រៃ​ឡង់ ខេត្តព្រះវិហារ អស់​រយៈពេល​៨​ឆ្នាំ​។
លោក បេន ដេ​វី​ស ជា​ជនជាតិ​អាម​រិ​ក បាន​ចូលរួម​ការពារ​ធម្មជាតិ​កម្ពុជា​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ក្នុង​តំបន់​ព្រៃ​ឡង់ ខេត្តព្រះវិហារ អស់​រយៈពេល​៨​ឆ្នាំ​។
​ការសោកស្តាយ​ជាខ្លាំង​នូវ​បាត់បង់​សត្វព្រៃ​និង​ព្រៃឈើ​ដែលជា​ធនធានធម្មជាតិ​ដ៏​ល្អ និង​សំខាន់​សម្រាប់​កម្ពុជា បាន​ជំរុញ​ចិត្ត​របស់លោក បេន ដេ​វី​ស (Ben Davis) ជា​ជនជាតិ​អាម​រិ​ក ចូលរួម​យ៉ាងសកម្ម ហើយ​ព្រមទាំង​ហ៊ាន​ប្រថុយ​ជីវិត​ក្នុងការ​ការពារ​ធនធាន​ធម្មជាតិ​ដែល​នៅ​សេសសល់​។ បេន បាន​ចូលរួម​ការពារ​ធម្មជាតិ​កម្ពុជា​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ក្នុង​តំបន់​ព្រៃ​ឡង់ ខេត្តព្រះវិហារ អស់​រយៈពេល​៨​ឆ្នាំ​មកហើយ​ ដោយបច្ចុប្បន្ន បេន ទទួលបានការគាំទ្រពីគម្រោង USAID ព្រៃឡង់បៃតង។​

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកទស្សនា​វីដេអូ​របស់លោក Ben Davis ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ ដូច​ទៅ​ត​៖

 
​ការសម្រេចចិត្ត​រស់នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ក្នុង​រយៈពេល​៨​ឆ្នាំ​មកនេះ  លោក បេន កុំ​ថា​ហ៊ាន​ចាក​ចេញពី​ដែន​ជម្រក​នេះ​ទៅ​ជួប​ឪពុកម្តាយ បងប្អូន នៅឯ​សហរដ្ឋអាមេរិក សូម្បីតែ​ទៅ​ដំណើរ​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ​ត្រឹម​១​ឬ​២​ថ្ងៃ ក៏ បេន មិន​ហ៊ាន​ចាកចេញ​ដែរ ព្រោះ​តែមាន​ជនល្មើស​ចាំ​លួច​កាប់​ព្រៃ និង​បាញ់​សត្វព្រៃ​ប្រចាំ​។ 
 
«​តាំងពី​ខ្ញុំ​មកដល់​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក​នេះ ខ្ញុំ​អត់​ហ៊ាន​ចេញពី​ក្រៅ​ផ្ទះ​ទេ គឺ​អត់​ហ៊ាន​ទេ​»​។ បើតាម​លោក បេន មូលហេតុ​ដែល​មិន​ហ៊ាន​ចេញពី​ដែនជម្រកសត្វព្រៃ​នេះ គឺ​ព្រោះ​មាន​ជនខិលខូច ចាំតែ​បង្ក​បទល្មើស​ធនធានធម្មជាតិ​។ លោក​និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​៖«​ជាការ​ពិត អ្នក​ចង់​បំផ្លាញ​សត្វព្រៃ គេ​ចាំតែ​មើល​យើង​ចេញទៅ​ភ្នំពេញ គឺ​គេ​ចូលមក​បំផ្លាញ​យ៉ាង​លឿន​បំផុត​។ បើ​យើង​អត់​នៅផ្ទះ​ទេ គឺ​គេ​ទៅ​ក្បែរៗ​ផ្ទះ​យើង​ដើម្បី​សម្លាប់​សត្វព្រៃ​ដែល​យើង​លែង​នៅ​ជុំវិញ​ផ្ទះ​យើង​ក្នុងព្រៃ​ហ្នឹង​។ ហើយ​ឈើប្រណិត នាងនួន ធ្នុង​ធំៗ​អី ដែលមាន​ចម្ងាយ​ពី​ផ្ទះ​ខ្ញុំ​១-២​គីឡូម៉ែត្រ​នោះ បើ​ខ្ញុំ​មិន​នៅផ្ទះ ឬ​ក្នុង​ដែន​ជម្រក​នេះ​ទេ គឺ​គេ​ឆ្លៀតពេល​ហ្នឹង​មក​កាប់​ហើយ​»​។ 
 
​កន្លងមក បុរស​ជនជាតិ​អាមេរិក​វ័យ​៥៤​ឆ្នាំ​រូបនេះ និង​ក្រុមការងារ  ក៏​ធ្លាប់​ប្រឈម​នឹង​ការ​គំរាម​គំហែង​ដល់​អាយុជីវិត​ជា​ញឹកញាប់ ពី​សំណាក់​ជនល្មើស​បាញ់សម្លាប់​សត្វព្រៃ និង​ព្រៃឈើ នៅក្នុង​បរិវេណ​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក​នេះ​ផងដែរ​៕ 









Tag:
 ធនធានធម្មជាតិ​
  ព្រៃឈើ​
  សត្វព្រៃ​
  លោក Davis Ben
© រក្សាសិទ្ធិដោយ thmeythmey.com