ជាតិ
រដ្ឋមន្ត្រីកសិកម្ម៖ ការចិញ្ចឹមសត្វក្នុងឆ្នាំ២០២០ កើនឡើង ១៧ភាគរយ រូបភាពពីលោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម
× ផលិតកម្មចិញ្ចឹមសត្វ គោ ក្របី ជ្រូក និងបក្សី ជាលក្ខណៈគ្រួសារ និងឧស្សាហកម្មនៅកម្ពុជា នាឆ្នាំ២០២០នេះ មានការកើនឡើង ១៧.៦០ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ នេះបើតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលបានសរសេរនៅគណនីហ្វេសប៊ុករបស់ខ្លួន។
បើតាមលោករដ្ឋមន្ត្រី គិតត្រឹមថ្ងៃទី២ ខែធ្នូ ការចិញ្ចឹមសត្វនៅកម្ពុជា មាន ប្រមាណ ៤៩លានក្បាល ខណៈរយៈពេលដូចគ្នានៅឆ្នាំ២០១៩ មានត្រឹមតែ៤២លានក្បាលប៉ុណ្ណោះ។ របាយការណ៍ដែលផ្សព្វផ្សាយដោយ លោក វេង សាខុន បានលម្អិតទៀតថា ក្នុងឆ្នាំ២០២០នេះ មានកសិដ្ឋានចិញ្ចឹមសត្វចំនួនសរុប ១,២៣២កន្លែង ក្នុងនោះកសិដ្ឋានចិញ្ចឹមបក្សីមានចំនួន ៦៨១កន្លែង និងមានបក្សីសរុប ១៧,១៣៤,៥៨៨ក្បាល។ រីឯកសិដ្ឋានចិញ្ចឹមជ្រូកមានចំនួន ៥៤៧កន្លែង និងមានជ្រូកចំនួន ១,៣៣៩,២១០ក្បាល ខណៈកសិដ្ឋានចិញ្ចឹមគោ ក្របី មានចំនួន៥៤កន្លែង ដែលមានសត្វចំនួន ១២,៩៧៤ក្បាល។
សម្រាប់លោករដ្ឋមន្ត្រី វេង សាខុន កំណើនផលិតកម្មចិញ្ចឹមសត្វ ក្នុងឆ្នាំនេះ ក៏ព្រោះចំនួនអ្នកចិញ្ចឹមមានការកើនឡើង ស្របពេលមានវិបត្តិកូវីដ-១៩ និងម្យ៉ាងក៏ដោយសារមានការជំរុញ និងលើកទឹកចិត្តជាបន្តបន្ទាប់ ពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម ទាំងការផ្ដល់បច្ចេកទេស និងពូជដល់កសិករ៕
© រក្សាសិទ្ធិដោយ thmeythmey.com