អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
«​អា​ដុល​ហ្វ៍ ហ៊ី​ត្លែរ​» របស់​ណា​មី​ប៊ី អត់​ចង់​ត្រួតត្រា​ពិភពលោក​ឡើយ​
05, Dec 2020 , 2:39 pm        
រូបភាព
អាដុលហ្វ៍ ហ៊ីត្លែរ អ៊ុនណា របស់ប្រទេសអាហ្វ្រិក ណាមីប៊ី និងអាដុលហ្វ៍ ហ៊ីត្លែរ មេដឹកនាំណាហ្ស៊ីអាល្លឺម៉ង់
អាដុលហ្វ៍ ហ៊ីត្លែរ អ៊ុនណា របស់ប្រទេសអាហ្វ្រិក ណាមីប៊ី និងអាដុលហ្វ៍ ហ៊ីត្លែរ មេដឹកនាំណាហ្ស៊ីអាល្លឺម៉ង់
ដោយ:
​អ្នកនយោបាយ​ណា​មី​ប៊ី​ម្នាក់ ដែលមាន​ឈ្មោះ «​អា​ដុល​ហ្វ៍ ហ៊ី​ត្លែរ​» បានប្រកាសថា លោក​គ្មាន​ផែនការ​ត្រួតត្រា​ពិភពលោក​ឡើយ​។ បុរស​ម្នាក់ បាន​ល្បី​ពេញ​អ៊ីនធឺណិត ក្រោយ​ឈ្នះ​ការបោះឆ្នោត​ថ្នាក់​តំបន់​កាលពី​ថ្មីៗ​នេះ ជាមួយនឹង​ឈ្មោះ​ដូចគ្នា​នឹង​អតីត​មេដឹកនាំ​ផ្ដាច់ការ​អាល្លឺម៉ង់​។

 
​អា​ដុល​ហ្វ៍ ហ៊ី​ត្លែរ អ៊ូ​ណូ​ណា (Adolf Hitler Uunona) បាន​ជាប់ឆ្នោត​កាលពី​សប្ដាហ៍​មុន​ជា​សមាជិកសភា​សម្រាប់​ម​ណ្ឌ​ល​ឆ្នោត​តំបន់ Ompundja ។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​កាសែត​អាល្លឺម៉ង់ Bild លោក​បាន​អះអាងថា លោក​អត់​ជាប់​ពាក់ព័ន្ធ​នឹង​មនោគមវិជ្ជា​ណា​ហ្ស៊ី (Nazi) ឡើយ​។
 
​ការដាក់​ឈ្មោះថា «​អា​ដុល​ហ្វ៍​» ដែលជា​ឈ្មោះ​ជនជាតិ​អាល្លឺម៉ង់​តែង​ប្រើ មិនមែនជា​រឿង​ចម្លែក​ឡើយ​ក្នុងប្រទេស​អាហ្វ្រិក​មួយ​នេះ ព្រោះថា​ប្រទេស​នេះ​ធ្លាប់​ស្ថិតក្រោម​អាណានិគម​របស់​អាល្លឺម៉ង់​។ អ្នកនយោបាយ អ៊ូ​ណូ​ណា បាន​សារភាពថា ឪពុក​របស់លោក បានដាក់​ឈ្មោះ​លោក​តាម មេដឹកនាំ​ណា​ហ្ស៊ី លោក ហ៊ី​ត្លែរ តែ​អះអាងថា ឪពុក​លោក​ប្រហែលជា​មិនដឹងថា អា​ដុល​ហ្វ៍ ហ៊ី​ត្លែរ បាន​ប្រព្រឹត្ត​រឿង​អ្វីខ្លះ​ទេ​កាលនោះ​។ 
 
«​កាល​នៅ​ក្មេង ខ្ញុំ​យល់ឃើញថា ឈ្មោះ​នេះ​ជា​ឈ្មោះ​ធម្មតា​ដូច​គេ​ដូច​ឯង​ប៉ុណ្ណោះ​»​។ លោក អ៊ូ​ណូ​ណា និយាយ​បែបនេះ មុននឹង​បន្ថែមថា លោក​ភ្ញាក់ខ្លួន​នៅពេល​លោកធំ​ឡើង​ហើយ​ដឹងថា បុរស​អាល្លឺម៉ង់​ម្នាក់នេះ​មាន​មហិច្ឆតា​ចង់​ត្រួតត្រា​ពិភពលោក​ទាំងមូល​។ 
 
​ទោះបីជា​មានឈ្មោះ​ដូចនឹង​មេដឹកនាំ​ណា​ហ្ស៊ី​ក៏ដោយ​ក្តី អ្នកនយោបាយ​ណា​មី​ប៊ី​រូបនេះ ប្រកាសថា លោក​អត់​ចង់​ធ្វើ​រឿង​ទាំង​នេះឡើយ​។ ទាក់ទិន​នឹង​ជីវិត​ប្រចាំថ្ងៃ លោក​បញ្ជាក់ថា ភរិយា​លោក​តែង​ហៅ​គាត់​ថា អា​ដុល​ហ្វ៍ ហើយ​ឈ្មោះ​នេះ​ក៏​ជា​ឈ្មោះ​ដែល​មនុស្ស​ទូទៅ​ហៅ​គាត់​ផងដែរ​។ ម្យ៉ាងទៀត លោក​ក៏​គ្មាន​បំណង​ប្ដូរ​ឈ្មោះ​កំណើត​ដែ​លោកឪពុក​លោក​ដាក់​ឲ្យ​នេះ​ចេញ​ផងដែរ​។ 
 
​សូមបញ្ជាក់ថា ចន្លោះ​ពី​ឆ្នាំ ១៨៨៦ និង​ឆ្នាំ​១៩១៥ ណា​មី​ប៊ី ស្ថិត​ជា​ផ្នែក​មួយ​នៃ​ដែន​គ្រប់គ្រង​របស់​អាល្លឺម៉ង់ ដែល​ហៅថា អាហ្វ្រិក​ភាគ​នីរ​តី​របស់​អាល្លឺម៉ង់ (German South West Africa)​។ អាណាចក្រ​អាល្លឺម៉ង់ បានសម្លាប់​មនុស្ស​រាប់​ពាន់​នាក់ អំឡុង​បដិវត្តន៍​ឆ្នាំ​១៩០៤-០៨ របស់​ជនជាតិ Herero​។ សម្រាប់​បដិវត្តន៍​នេះ អ្នកប្រវត្តិសាស្ត្រ​ខ្លះ បាន​ហៅថា​«​អំពើ​ប្រល័យពូជសាសន៍​ដែល​ត្រូវ​បំផ្លាញចោល​»​។​
 
​ក្រោយ​សង្គ្រាមលោកលើកទី​១ ណា​មី​ប៊ី បាន​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង ហើយ​ក្រោយមក​ទទួលបាន​ឯករាជ្យ​ក្នុង​ឆ្នាំ​១៩៩០​។ មកដល់​បច្ចុប្បន្ន ឥទ្ធិពល​របស់​អាល្លឺម៉ង់​នៅតែ​ដិត​ដាល​នៅក្នុង​ប្រទេសមួយ​នេះ ដោយ​មើលឃើញ​តាមរយៈ ការដាក់​ឈ្មោះ​កូន និង​ឈ្មោះ​ក្រុង ក៏ដូចជា​មាន​សហគម​ន៍​និយាយ​ភាសា​អាល្លឺម៉ង់​ខ្លះ​ក្នុងប្រទេស​នេះ​ផងដែរ​។ 
 
​និយាយ​ពី​មេដឹកនាំ​ណា​ហ្ស៊ី អា​ដុល​ហ្វ៍ ហ៊ី​ត្លែរ ជា​អ្នក​បញ្ឆេះ​ភ្លើង​សង្គ្រាមលោកលើកទី​២ ដោយ​ការចូល​ឈ្លានពាន​ប៉ូឡូញ ក្នុង​ខែកញ្ញា​ឆ្នាំ​១៩៣៩​។ សង្គ្រាម​នេះ​អូសបន្លាយ​៦​ឆ្នាំ​រហូតដល់​ឆ្នាំ​ខែកញ្ញា​១៩៤៥ ហើយ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចន្លោះ​ពី​៧០-៨៥​លាន​នាក់​៕ 
 

Tag:
 ណា​មី​ប៊ី​
  អា​ដុល​ហ្វ៍ ហ៊ី​ត្លែរ
© រក្សាសិទ្ធិដោយ thmeythmey.com