ពីនេះ ពីនោះ
សុខភាព
តើ​អ្នក​កំពុងមាន​សញ្ញា​របស់​ជំងឺគ្រុនឈាម​ឬ​?
05, Dec 2020 , 6:59 pm        
រូបភាព
​ជំងឺគ្រុនឈាម​គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ​ដែល​បង្កឡើង​ដោយសារ​មូស​ខាំ​។ សភាព​ជំងឺ​របស់​វា​មាន​លក្ខណៈ​ដូចជា​ជំងឺ​ផ្តាសាយធំ​ដែរ ប៉ុន្តែ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​។ ចំពោះ​វី​រ៉ុ​សប​ង្ក​ជំងឺគ្រុនឈាម​មាន​បួន​ប្រភេទ​ខុសៗ​គ្នា ហើយ​សុទ្ធសឹងតែ​បង្កឡើង​ដោយ​មូស​មួយ​ប្រភេទ​ទាំងអស់​។ ជំងឺគ្រុនឈាម​អាចមាន​លក្ខណៈ​ពី​ស្រាល​ទៅ​ធ្ងន់ ហើយ​ទម្រ​ង​ដែល​ធ្ងន់ធ្ងរ​ជាងគេ​គឺ គ្រុនឈាម​ស្យុ​ក និង​គ្រុនឈាម​ប្រភេទ Dengue Hemorrhagic Fever (DHF)​។ អ្នកជំងឺ​ដែលមាន​ជំងឺគ្រុនឈាម​ទម្រ​ង​ធ្ងន់ធ្ងរ តែងតែ​ត្រូវការ​សម្រាក​ក្នុង​មន្ទីរពេទ្យ​។​

 
​មនុស្ស​ភាគច្រើន ជាពិសេស​កូនក្មេង និង​មនុ​ស្សវ័យ​ជំទង់​ប្រហែលជា​មិន​ធ្លាប់មាន​រោគសញ្ញា​អ្វី​ឡើង​នៅពេល​មាន​អាកា​រៈ​ជំងឺគ្រុនឈាម​ទម្រ​ង​ស្រាល​។ នៅពេល​រោគសញ្ញា​ពិតជា​កើតមាន​មែន វា​ច្រើនតែ​ចាប់ផ្តើម​រយៈពេល​ពី ៤ ទៅ​១០​ថ្ងៃ​ក្រោយពី​មូស​បង្ក​រោគ​ខាំ​រួច​។​
​ដូច្នេះ​ដើម្បី​ជួយ​ជា​អំណះអំណាង​បញ្ជាក់ថា​អ្នក​កំពុង​តែមាន​រោគសញ្ញា​ជំងឺគ្រុនឈាម​ឬក៏​អត់ សញ្ញា​ខាងក្រោម​នេះ​ប្រហែលជា​អាចជួយ​អ្នក​បាន​៖
 
​ក្តៅខ្លួន​ខ្លាំង​រហូតដល់ ៤១​អង់ស្សា​
​ឈឺក្បាល​
​ឈឺ​សាច់ដុំ​, ឆ្អឹង និង​សន្លាក់​
​ឈឺ​នៅ​ខាងក្រោយ​ភ្នែក​
​ក​ន្ទ្រួ​ល​ពេញ​ស្បែក​
​ក្អួត និង​ចង្អោ​
​ហូរឈាម​តិចៗ​តាម​អញ្ចាញធ្មេញ ឬ​ច្រមុះ​
​មនុស្ស​ភាគច្រើន​អាចជា​មកវិញ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ប៉ុន្តែ​មាន​ករណីខ្លះ​រោគសញ្ញា​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ និង​អាច​គម្រាម​គំហែង​ដល់​ជីវិត​អ្នកជំងឺ​បាន​។ ពេលនោះ​សរសៃឈាម​ច្រើនតែ​ខូចខាត និង​ហូរឈាម​ចេញ​ក្រោម​ស្បែក ព្រមទាំង​ថយ​ចំនួន​របស់​កោសិកា​គ្រាប់​ឈាម​សម្រាប់​ធ្វើអោយ​ឈាមកក ដែល​វា​ជាហេតុ​ធ្វើអោយមាន​បញ្ហា​ដូចជា​៖
 
​ហូរឈាម​តាម​ច្រមុះ និង​មាត់​
​ឈឺពោះ​ខ្លាំង​
​ក្អួត​មិន​ឈប់​
​ហូរឈាម​ក្រោម​ស្បែក ដែល​មើលទៅ​មាន​សភាព​ដូចជា​ស្នាម​ជាំ​
​មាន​បញ្ហា​ជាច្រើន​ទៀត​នៅក្នុង​សួត​, ថ្លើម និង​បេះដូង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com