ជាតិ
អ្នក​ចិញ្ចឹម​អន្ទង់​នៅ​ស្រុក​ក​ញ្ជៀ​ច ខេត្តព្រៃវែង ចែករំលែក​បច្ចេកទេស​ចិញ្ចឹម​ក្នុង​អាង​
06, Dec 2020 , 9:59 am        
រូបភាព
ដោយ:
​លោក អុក សំណាង ជា​អ្នក​ចិញ្ចឹម​អន្ទង់  នៅ​ភូមិ​ជើង​ទឹក ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ។ កសិករ​វ័យ ៤១​ឆ្នាំ​រូបនេះ មានបទពិសោធន៍​ចិញ្ចឹម​អន្ទង់​ច្រើន​ឆ្នាំ​មកហើយ​។ ដោយ​មើលឃើញថា ទីផ្សារ​អន្ទង់​មាន​តម្រូវការ​ច្រើន តម្លៃ​សមរម្យ ប៉ុន្តែ​ការផ្គត់ផ្គង់​នៅមានកម្រិត​នៅឡើយ​នោះ កសិករ​រូបនេះ រីករាយ​នឹង​ចែករំលែក​បច្ចេកទេស​ចិញ្ចឹម​អន្ទង់​ឲ្យ​បាន​ផល​ខ្ពស់​ទៅ​កសិករ​ផ្សេងទៀត តាមរយៈ​សារព័ត៌មាន​ThmeyThmey25​។​

 
​បើតាម​លោក អុក សំណាង កូន​អន្ទង់​ដែល​យកមក​ចិញ្ចឹម គឺអាច​ទិញ​ពី​អ្នកនេសាទ ឬ​អ្នក​ចិញ្ចឹម​មុនៗ​បាន​។ ចំពោះ​ការចិញ្ចឹម​អន្ទង់ ត្រូវការ​ពេល​យូរ​ជាង​ចិញ្ចឹម​ត្រី ពោលគឺ​យ៉ាងតិច​ចាប់ពី ៦​ខែ​ឡើងទៅ ទើប​ធំ​ល្មម​អាច​ចាប់​លក់បាន​។​អន្ទង់​មានតម្លៃ ពី ៣​ម៉ឺន​រៀល ទៅ ៤​ម៉ឺន​រៀល នៅតាម​តំបន់ និង​រដូវ​នីមួយៗ​។​


 
​ដើម្បី​ចិញ្ចឹម​អន្ទង់​ក្នុង​អាង ទទួលបាន​ទិន្នផល​ខ្ពស់ ត្រូវ​រៀបចំ​អាង​ឲ្យ​បាន​ត្រឹមត្រូវ បើសិន​អាង​មាន​ទំហំ ១​ម៉ែត្រការ៉េ អាចដាក់​កូន​អន្ទង់ ពី ២៥០​ក្បាល ទៅ ៣០០​ក្បាល ឬ​អាង ៤​ម៉ែត្រការ៉េ អាចដាក់​កូន​អន្ទង់ ចន្លោះ ៤០​គីឡូ ទៅ​៥០​គីឡូក្រាម ។ ម្យ៉ាងទៀត ត្រូវ​គិតពី​កត្តា​មួយចំនួន​ដូចជា ដើមទុន ទឹក ចំណី ការថែទាំ និង​ជំងឺ​លើ​សត្វ​អន្ទង់​។​
 
​ទឹក​៖ ដោយ​អន្ទង់ ជា​សត្វ​រស់នៅក្នុង​ទឹក ដូច្នេះ​បើ​ទឹក​មិនល្អ គឺ​មិនអាច​ចិញ្ចឹម​បានទេ ។ ទឹក​ដែល​ល្អ​បំផុត គឺជា​ទឹក​ដែល​បាន​ពី​ប្រភព​ដូចជា ទន្លេ ស្ទឹង អូរ បឹង ឬ​ត្រពាំង ព្រោះ​ទាំង​កម្រិត PH និង​កម្រិត​អំបិល​គ្រប់គ្រាន់ សម្រាប់​ការចិញ្ចឹម​អន្ទង់​។ យើង​ក៏​អាច​ប្រើ​ទឹក​អណ្តូង​បានដែរ បើ​ទឹក​នោះ​មិនមាន​ជាតិពុល ដូចជា អា​សេ​និក ឬ​ជាតិ​កំបោរ​ជាដើម​។​
 
​ប្រភព​ចំណី និង​របៀប​ដាក់​ចំណី​៖ យើង​អាច​យក ត្រី​ស្រស់ ឬ​ត្រី ទើប​ងាប់​មិនទាន់​ស្អុយ ធ្វើជា​ចំណី​អន្ទង់​បាន​។ អន្ទង់​ជាស​ត្វ​ដែល​ស៊ីសាច់ បើ​ចំណី​មិន​គ្រប់គ្រាន់ វា​នឹងមិន​ធំធាត់​ល្អ​នោះទេ ។ យើង​អាច​កិន​ត្រី​ធំ ឬ​កូន​ត្រី លាយ​ជាមួយ​ចំណី​គ្រាប់ ដែលមាន​ប្រូតេអ៊ីន​ខ្ពស់ តែ​ត្រូវមាន​ធាតុ​ផ្សំ​ពី​ត្រី​យ៉ាងតិច ៧០​ភាគរយ ។ ដោយ​ក្នុង ១​ថ្ងៃ ផ្ដល់​ចំណី​អន្ទង់​ម្តង ( នៅពេល​ល្ងាច ឬ​ពេលយប់​)​។ ការដាក់​ចំណី មិនត្រូវ​ដាក់ចូល​ក្នុង​ទឹក ឬ​ក្នុង​អាង​ចិញ្ចឹម​ទេ គឺ​ត្រូវដាក់​ក្នុង​កញ្ច្រែង ដែល​ចង​ព្យួរ​ប៉ប្រះ​ផ្ទៃ​ទឹក​ទុក​ឲ្យ​វា​ស៊ី ។ ក្រោយពេល​ដាក់​ចំណី​បាន​ប្រហែល​២​ម៉ោង ត្រូវ​លើក​កញ្ច្រែង​នោះ​ចេញ និង​ត្រូវ​សំអាត​ចំណី​ដែល​ធ្លាក់​ទៅ​បាត​អាង​ឲ្យ​អស់ ដើម្បី​កុំ​ឲ្យ​ទឹក​ឆាប់​ស្អុយ​។ 


រូបភាពពីលោក អុក សំណាង 

​ការថែទាំ​៖ ការចិញ្ចឹម​អន្ទង់ មិន​ងាយស្រួល​ដូច​ចិញ្ចឹម​ត្រី​ទេ ព្រោះ​ត្រូវការ​ផ្លាស់ប្តូរ​ទឹក​ឲ្យ​បាន​ទៀងទាត់​។ ត្រូវ​ប្ដូរ​ទឹក ២​ថ្ងៃ​ម្ដង​។ ត្រូវ​សម្អាត​ស្លែ​ចេញ ពី​ក្នុង​អាង​ចិញ្ចឹម ក៏​ជាការ​ចាំបាច់​ដែរ និង​ត្រូវ​សម្អាត​រាល់ ១០​ថ្ងៃ​ម្ដង ដើម្បី​បង្ការ កុំ​ឲ្យ​កើតមាន​មេរោគ ចេញពី​ស្លែ​នៅក្នុង​អាង​ចិញ្ចឹម ប៉ះពាល់​ដល់​សុខភាព​របស់​អន្ទង់​បាន ។​
 
​ជំងឺ​៖ ជាទូទៅ​ជំងឺ​ដែល​កើតមាន​នៅលើ​សត្វ​អន្ទង់​គឺ ជំងឺ​ហើមពោះ ដែល​បណ្តាលមកពី​ចំណី​មាន​មេរោគ ចំណី​មាន​ក្លិនស្អុយ​។ រីឯ​ជំងឺ​រលាក​ស្បែក វា​បណ្តាលមកពី​ការ​ដាច់​រលាត់ស្បែក ឬ​សាច់​របស់​វា​ដោយសារ​ផ្ទៃ​អាង មិន​ស្អាត មិន​រលោង​ជាដើម​៕
 
 

Tag:
 ​កសិកម្ម​
 ​វារីវប្បកម្ម​
 ​អន្ទង់​
 ​ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com