COVID-19
ជាតិ
អន្តរជាតិ
កម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលសិង្ហបុរីទិញវ៉ាក់សាំងកូវីដ-១៩ ឲ្យ 
រូបភាព AFP
×![]()
សិង្ហបុរី នៅថ្ងៃទី៤ ខែធ្នូ បានប្រកាសពីការចូលរួមវិភាគទានចំនួន៥លានដុល្លារទៅក្នុងកម្មវិធីធានាវ៉ាក់សាំងសម្រាប់ប្រទេសក្រីក្រ។ កម្ពុជា ក៏ស្ថិតក្នុងចំណោមប្រទេសដែលនឹងទទួលបានវ៉ាក់សាំងដែលទិញដោយលុយរបស់សិង្ហបុរីនេះដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរួមរបស់ក្រសួងសុខាភិបាល និងក្រសួងការបរទេសសិង្ហបុរី ជោគជ័យក្នុងការអភិវឌ្ឍវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព ជាជំហានដ៏សំខាន់ក្នុងការជម្នះជំងឺកូវីដ-១៩ ។ លើសពីនេះ សាមគ្គីភាពសាកល ជាផ្នែកដ៏ចាំបាច់ក្នុងការឆ្លើយតបរបស់អន្តរជាតិដ៏មានប្រសិទ្ធភាពទៅនឹងជំងឺរាតត្បាតនេះដែរ។
«ជាផ្នែកមួយនៃការគាំទ្ររបស់យើងលើគោលការណ៍វ៉ាក់សាំងពហុភាគីនិយម និងការទទួលបាន និងការបែងចែកវ៉ាក់សាំងដោយស្មើភាព សិង្ហបុរី នឹងរួមចំណែក៥លានដុល្លារទៅក្នុងយន្តការទទួលបានមុននៃកម្មវិធីទទួលបានវ៉ាក់សាំងសាកល (COVAX) ដែលនឹងជួយប្រទេសមានចំណូលទាប និងចំណូលមធ្យមកម្រិតទាបចំនួន៩២ ឲ្យទទួលបានវ៉ាក់សាំងតាមរយៈ COVAX។» ក្រសួងទាំងពីរបញ្ជាក់បែបនេះក្នុងសេចក្ដីប្រកាសរួមថ្ងៃទី៤ ខែធ្នូ។
បើតាមទូរទស្សន៍ CNA នៅតំបន់អាស៊ាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី នឹងទទួលបានវ៉ាក់សាំងក្រោមថវិកាចំណាយរបស់សិង្ហបុរី។
COVAX ជាគំនិតផ្ដួចផ្ដើមរបស់អង្គការសុខភាពពិភពលោក (WHO) និងដៃគូ ដែលមានគោលដៅធានាការចែកចាយវ៉ាក់សាំងសម្រាប់ប្រទេសក្រីក្រ។ គោលដៅចម្បង គឺការចែកចាយវ៉ាក់សាំងចំនួន២ពាន់លានដូសនៅត្រឹមដំណាច់ឆ្នាំ២០២១។ សិង្ហបុរី ស្ថិតក្នុងចំណោមប្រទេស៩៧ផ្សេងទៀតដែលជាសមាជិករបស់ COVAX តែនឹងមិនប្រើប្រាស់លុយរបស់កម្មវិធីនេះក្នុងការប្រើប្រាស់វ៉ាក់សាំងឡើយ ដោយចំណាយលុយផ្ទាល់ខ្លួន។
តាមពិតទៅ ខណៈវ៉ាក់សាំងប្រឆាំងកូវីដ-១៩ លេចជាពន្លឺសន្សឹមៗហើយនោះ ក្ដីបារម្ភក៏លេចជារូបរាងដែរ។ WHO បារម្ភថា ប្រទេសក្រីក្រីដែលមិនសូវមានធនធាន នឹងឈរលេខក្រោយគេក្នុងការទទួលបានវ៉ាក់សាំង ព្រោះប្រទេសបណ្ដាប្រទេសអ្នកមាននាំគ្នាបញ្ចេញលុយដើម្បីទិញវ៉ាក់សាំងសម្រាប់ពលរដ្ឋរបស់ពួកគេ។ តាមរយៈ COVAX ប្រទេសក្រីក្រ នឹងទទួលបានវ៉ាក់សាំងមួយផ្នែកដើម្បីទប់ទល់កូវីដ-១៩ នេះ៕
Tag:
កម្ពុជា
សិង្ហបុរី
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com