សង្គមអន្តរជាតិ
អន្តរជាតិ
បន្ថែមពីអ៊ីរ៉ាក់និងអាហ្វហ្កានីស្ថាន លោក ត្រាំ បញ្ជាឲ្យដកទ័ពអាមេរិកចេញពីសូម៉ាលីទៀត កងទ័ពអាមេរិកនៅសូម៉ាលី។ រូបភាពីវេបសាយទីបញ្ជាការកងទ័ពអាមេរិកប្រចាំអាហ្រ្វិក
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យដកទ័ពអាមេរិកភាគច្រើនចេញពីសូម៉ាលី ទីដែលពួកគេប្រយុទ្ធក្រុមជ្រុលនិយម Al Shabab ។ នេះបើតាមការប្រកាសរបស់មន្ទីរបញ្ចកោណនៅថ្ងៃទី៤ ខែធ្នូ។ សូម៉ាលី ជាគោលដៅដកទ័ពទីបីរបស់អាមេរិក បន្ថែមពីលើអ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថានទៅតាមអ្វីដែលលោក ត្រាំ បកស្រាយថា ជាការបញ្ចប់វត្តមានក្នុងសង្គ្រាមមិនចេះចប់នៅបរទេស ដែលមិនមានប្រយោជន៍អ្វី ក្រៅពីការខាតបង់។
បន្ថែមពីលើអ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាន ប្រធានាធិបតីជិតចប់អាណត្តិ ដូណាល់ ត្រាំ ក៏ចេញបញ្ជាឲ្យដកទ័ពអាមេរិកចេញពីប្រតិបត្តិការនៅសូម៉ាលីទៀត ដែលជាការអនុវត្តតាមសន្យាពេលលោកឃោសនាក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ ។ ដូចប្រទេសមជ្ឈិមបូព៌ាទាំងពីរដែរ អាមេរិកនឹងដកទ័ពភាគច្រើន និងសព្វាវុធចេញពីសូម៉ាលីដែលនៅតែរួមរឹតទៅដោយអំពើហិង្សាបង្កដោយក្រុមភេរជន Al Shabab ។
បើតាមការប្រកាសរបស់មន្ទីរបញ្ចកោណ លោកប្រធានាធិបតី ត្រាំ បានបញ្ជាឲ្យក្រសួងការពារជាតិ និងទីបញ្ជាការកងទ័ពអាមេរិកប្រចាំអាហ្វ្រិក ឲ្យរើសព្វាវុធ និងកងទ័ពភាគច្រើនចេញពីសូម៉ាលីនៅត្រឹមដើឆ្នាំ២០២១។ ដើម្បីស្រាយមន្ទិលថា អាមេរិកដោះដៃពីទ្វីបដ៏ធំនេះ ក្រសួងការពារជាតិអាមេរិកសង្កត់ធ្ងន់ថា អាមេរិក មិនមែនកំពុងដកខ្លួនលែងចូលរួមពីអាហ្វ្រិកឡើយ។
«យើងនឹងបន្តធ្វើប្រតិបត្តិការប្រឆាំងអង្គការជ្រុលនិយមហិង្សាដែលបង្កការគំរាមដល់សន្តិសុខយើង ជាមួយនឹងការធានាថា នឹងរក្សាគុណប្រយោជន៍យុទ្ធសាស្ត្រក្នុងការប្រកួតប្រជែងរបស់អំណាច។» នេះជាការបញ្ជាក់របស់មន្ទីរបញ្ចកោណដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ។
ទីបញ្ជាការកងទ័ពអាមេរិកប្រចាំអាហ្វ្រិក មានកងទ័ព៧០០នាក់នៅសូម៉ាលៅដែលមានសមាសភាពមកពីកម្លាំងប្រតិបត្តិការសន្តិសុខ និងបុគ្គលិកសន្តិសុខឯកជនផង។ ពួកគេធ្វើប្រតិបត្តិការប្រយុទ្ធក្រុម Al Shabab ផង និងបង្វឹកកម្លាំងក្នុងស្រុកផង។ នៅសូម៉ាលី ទ័ពអាមេរិកធ្វើសកម្មភាពតាំងពីដើមឆ្នាំ២០០០មក សំដៅបោសសម្អាតក្រុមជ្រុលនិយមដែលមានទំនាក់ទំនងជាអង្គការភេរវជនធំៗដូចជាក្រុមរដ្ឋឥស្លាម និងក្រុមអាល់កៃដាជាដើម៕
Tag:
អាមេរិក
សូម៉ាលី
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com