ជាតិ
មហោស្រព​បង្ហើរខ្លែង​ខ្មែរ លើក​ទៅធ្វើ​នៅ​ថ្ងៃ​២៣​ខែធ្នូ​វិញ​
05, Dec 2020 , 10:59 pm        
រូបភាព
រូបពី​ហ្វេសប៊ុក នាយកដ្ឋាន អភិវឌ្ឍន៍វប្បធម៌
រូបពី​ហ្វេសប៊ុក នាយកដ្ឋាន អភិវឌ្ឍន៍វប្បធម៌
​ភ្នំពេញ​៖ ដោយសារ​ការផ្ទុះ​ឡើងជា​ថ្មី នៃ​មេរោគ​កូ​វីដ​-១៩ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើក​ការរៀបចំ​មហោស្រព​បង្ហើរខ្លែង​ខ្មែរ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ពីថ្ងៃ​ទី​១០ ខែធ្នូ ទៅធ្វើ​នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ វិញ ដោយ​ត្រូវ​ប្រារព្ធ​នៅ​ខេត្តបាត់ដំបង លើ​វិញ្ញាសា​ខ្លែងឯក ឬ​ខ្លែង​ព្នង ដដែល​។ នេះ​បើតាម​លោក រឿង សារ៉េត ប្រធានស្ដីទី​នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌​។​


​រឿង សារ៉េត បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មហោស្រព​បង្ហើរខ្លែង​ខ្មែរ ត្រូវ​លើក​ថ្ងៃ​ប្រារព្ធ ទៅធ្វើ​នៅ​ថ្ងៃ​២៣​ខែធ្នូ​វិញ ដោយសារតែ​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ប្រធានស្ដីទី​នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌​រូបនេះ បាន​ពន្យល់​បន្ថែម​ដូច្នេះ​ថា​៖«​យើង​បានទទួល​ការណែនាំ​ពី​លោកជំទាវ​រដ្ឋមន្ត្រី [​រដ្ឋ​ក្រសួង​វប្បធម៌​] ហើយ លោក [​ជំទាវ​] ថាឱ្យ​លើក​ទៅ​ថ្ងៃទី​២៣​វិញ តែ​ក្នុង​ខែ [​ធ្នូ​នេះ​] ដដែល​»​។ 
 
​សូមបញ្ជាក់ថា មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវ​ជ្រើសរើស​សម្រិតសម្រាំង​បេក្ខជន​២​រូប ដែលមាន​ទេពកោសល្យ​ផលិត «​ខ្លែង​មាន​លក្ខណៈ​វិចិត្រកម្ម​» ខ្លែង​មាន​បណ្ដោយ​ស្លាប​ប្រវែង​២​ម៉ែត្រ ដល់​២,២​ម៉ែត្រ ពាស​ដោយ​ក្រដាស​យ៉ាង​ល្អ​ស្អាត មាន​គូររូប​តំណាងឱ្យ​រាជធានី​-​ខេត្ត​តាម​រចនាប័ទ្ម​ខ្មែរ និង​ត្រូវ​តាម​ខ្នាត​ដែល​បានកំណត់​។ សំឡេង​ឯក​ត្រូវតែ​ពីរោះ​រណ្ដំ សោភ័ណ​ភាពល្អ (​វិចិត្រកម្ម​) បង្ហើរ​ឡើង​និង​ដាក់ចុះ​បានល្អ​។ ចំណែក​ខ្លែង​ច្នៃប្រឌិត​ផ្សេងៗ ត្រូវមាន​ទម្រង់ និង​បច្ចេកទេស​ផលិត​ល្អ សោភ័ណ​ភាពល្អ បង្ហើរ​ឡើង​និង​ដាក់ចុះ​បានល្អ​។​
 
​ខ្លែងឯក​ឬ​ខ្លែង​ព្នង របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​-​ខេត្ត នឹងត្រូវ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ លេខ​២ និង លេខ​៣ ប្រចាំឆ្នាំ​២០២០​។ ចំណែក ខ្លែង​ច្នៃប្រឌិត​របស់​បេក្ខជនស្វៃរិន ត្រូវ​ទទួលបាន​ចំណាត់ថ្នាក់ លេខ​១ លេខ​២ និង លេខ​៣ ប្រចាំឆ្នាំ​២០២០២៕

Tag:
 ខ្លែង​
 ​មហោស្រព​
 ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com