COVID-19
អន្តរជាតិ
អាហ្សង់ទីន នឹងយកពន្ធពីអ្នកមានដើម្បីជួយអ្នកក្រដែលរងគ្រោះដោយសារកូវីដ-១៩ ស្រ្តីអាហ្សង់ទីនពាក់ម៉ាស់ក្នុងរដ្ឋធានីប៊ុយណូស៊ែ។ រូបភាព Xinhua
× ព្រឹទ្ធសភាអាហ្សង់ទីន នៅថ្ងៃទី៥ ខែធ្នូ បានអនុម័តសេចក្ដីស្នើច្បាប់មួយដែលនឹងបើកផ្លូវដល់ការយកពន្ធពីអ្នកមានប្រទេស ក្នុងគោលបំណងប្រមូលលុយដើម្បីជួយអ្នកក្រីក្រ និងអាជីវកម្មដែលរងគ្រោះដោយសារជំងឺកូវីដ-១៩ ។ ក្រុមបក្សប្រឆាំងបានជំទាស់ការចេញច្បាប់បែបនេះ ប៉ុន្តែរដ្ឋាភិបាលទីក្រុងប៊ុយណូស៊ែ ដាក់គោលដៅប្រមូលលុយឲ្យបានចំនួនជិត៤ពាន់លានដុល្លារដើម្បីយកទៅដោះស្រាយចំពោះមុខ។
ដោយសំឡេង៤២ទល់នឹង២៦ ព្រឹទ្ធសភាអាហ្សង់ទីន បានអនុម័តសេចក្ដីស្នើច្បាប់សាមគ្គីភាព និងការចូលរួមពិសេស ឬក៏ត្រូវបានហៅថា ច្បាប់ពន្ធមហាសេដ្ឋី។ នេះជាការផ្ដល់ភ្លើងបៃតងចុងក្រោយលើសេចក្ដីស្នើច្បាប់នេះ ក្រោយរដ្ឋសភាអាហ្សង់ទីន បានយល់ព្រមរួចហើយ។
ក្រោមច្បាប់ថ្មី ប្រជាជនអាហ្សង់ទីនដែលមានទ្រព្យសម្បត្តិលើស២,៤៥លានដុល្លារ នឹងត្រូវជាប់កាត្វកិច្ចពន្ធយ៉ាងតិច២ភាគរយ ហើយដែលត្រូវបង់តែម្ដងប៉ុណ្ណោះ។ រដ្ឋាភិបាលអាហ្សង់ទីន ដាក់គោលដៅប្រមូលឲ្យបាន៣,៧ពាន់លានដុល្លារដើម្បីប្រើប្រាស់លើការជួយអ្នកក្រីក្រ អាជីវកម្មដែលរងប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងការចំណាយផ្សេងទៀតលើការប្រយុទ្ធប្រឆាំងជំងនេះ ខណៈសេដ្ឋកិច្ចរបស់ប្រទេសរីកចម្រើនទីបីរបស់អាមេរិកឡាទីន រងផលប៉ះពាល់ខ្លាំង។
នាយកទីភ្នាក់ងារពន្ធអាហ្សង់ទីន លោក Mercedes Marcó del Pont លើកឡើងថា មនុស្សយ៉ាងហោចណាស់១២០០០នាក់ នឹងជាប់កាតព្វកិច្ចក្រោមច្បាប់ថ្មី។
ច្បាប់ដែលរៀបចំដោយបក្សកាន់អំណាចរបស់ប្រធានាធិបតី Alberto Fernandez រងការរិះគន់ពីសំណាក់ក្រុមប្រឆាំងខ្លាំងដែរ។ លោក Daniel Pelegrina ប្រធានអង្គការសង្គមជនបទអាហ្សង់ទីន ដែលជាអង្គការដ៏មានឥទ្ធិពលមួយ រិះគន់ថា អ្នកសរសេរច្បាប់ គឺលោក Carlos Heller ចង់បង្ហាញថា ច្បាប់នេះជាការចូលរួមវិភាគទានរបស់អ្នកមាន តែការពិត ច្បាប់នេះ នឹងស្ថិតនៅរហូត មិនមែនត្រូវបង់តែម្ដងឡើយ។
អាហ្សង់ទីន មានអ្នកឆ្លងប្រមាណជិត១លាន៥សែននាក់ និងស្លាប់ជិត៤ម៉ឺននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com