ជាតិ
បទសម្ភាសន៍
វីដេអូ
«ស្ទឹងតាតៃ» ជាទីតាំងស្ទូចត្រីលម្អែកាយដ៏ទាក់ទាញនៅអូរសោម
×
ដោយ៖ ជឿន ស្រីណយ និង ហុង ស្រីណា
ពោធិ៍សាត់៖«ស្ទឹងតាតៃ» ជាស្ទឹងមួយដែលស្ថិតក្នុងសហគមន៍អូរសោម ស្រុកវាលវែង បានក្លាយជាកន្លែងទីតាំងស្ទូចត្រីដ៏ទាក់ទាញមួយ សម្រាប់ទេសចរ។ ដងស្ទឹងតាតៃ មានត្រីច្រើនប្រភេទ និងជាកន្លែងដែលពោរពេញដោយទេសភាពស្រស់បំព្រង រួមនឹងខ្យល់អាកាសត្រជាក់បរិសុទ្ធ ដែលអំណោយផលដល់ទេសចរ។ នេះបើលោក នួន លីម ដែលជាមគ្គទេសក៍នៅសហគមន៍អូរសោម បានប្រាប់ Thmeythmey25។
ដើម្បីជ្រាបច្បាស់សូមទស្សនាកិច្ចសម្ភាស រវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeythmey25 និងលោក នួន លីម មគ្គទេសក៍នៅសហគមន៍អូរសោម ដូចតទៅ៖
លោក នួន លឹម ដែលជាមគ្គទេសក៍ទេសចរណ៍នៅតំបន់អូរសោម បានឲ្យដឹងថាមូលហេតុដែលភ្ញៀវទេសចរ និយមមកស្ទូចត្រីនៅស្ទឹងតាតៃ គឺដោយសារតែស្ទឹងនេះសម្បូរត្រីច្រើនប្រភេទ និងមានអំណោយផលពីអាកាសធាតុដ៏ត្រជាក់ផងនោះ។ លោក នួន លីម រៀបរាប់ទៀតថា ស្ទឹងតាតៃ ជាអាងត្រីធម្មជាតិដែលសម្បូរទៅដោយត្រីជាច្រើនប្រភេទដូចជា ត្រីខ្មៅ ត្រីទីឡាបយា ត្រីផ្ទក់ ត្រីឆ្តោ និងត្រីប៉ាសេអ៊ីជាដើម។
«ភ្ងៀវទេសចរមកស្ទូចត្រីនៅស្ទឹងតាតៃ ក្នុងតំបន់អូរសោម ក្នុងមួយថ្ងៃ ២ ទៅ ៣ ទូក ជារៀងរាល់ថ្ងៃ ដោយពួកគេស្នាក់នៅ យ៉ាងហោចណាស់ ២យប់ ៣ថ្ងៃ។ ការស្ទូចត្រីក្នុងតំបន់អូរសោម បានធ្វើឲ្យប្រជាជនក្នុងសហគមន៍ អាចរកចំណូលបានពីការជួលទូក ក្នុង១ថ្ងៃ ១០ ម៉ឺនរៀល រួមទាំងបានចូលរួមសប្បាយ ស្ទូចត្រីជាមួយភ្ញៀវផងដែរ»។ នេះជាការរៀបរាប់របស់មគ្គទេសក៍ទេសចរណ៍ដដែល។
ក្រៅពីស្ទូចត្រីកម្សាន្ត អ្នកទេសចរ ក៏អាចមានឱកាសបានឃើញសត្វព្រៃ និងសត្វស្លាបដែលមានវត្តមាននៅសហគមន៍អូរសោមដែរ រួមមានដូចជា សត្វកេងកង ស្វា សំពោច កំប្រុក ជ្រូកព្រៃ និងប្រើសជាដើម។
គួរបញ្ជាក់ផងដែរថា ទំនប់ស្ទឹងតាតៃ នៅតំបន់អូរសោម ជាទីទេសចរណ៍ថ្មីមួយក្នុងខេត្តពោធិ៍សាត់ ដែលវាជាទីតាំងល្អសម្រាប់លំហេអារម្មណ៍ និងស្ទូចត្រីលេង រួមទាំងគយគន់ទេសភាពធម្មជាតិ ព្រៃឈើ យ៉ាងស្រស់ស្អាត៕
Tag:
ស្ទូចត្រី
ទេសចរ
នួន លីម
អូរសោម
វាលវែង
ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com