ជាតិ
​ប្រាសាទត្រពាំងប្រាសាទ​ខាងត្បូង​នៅ​ឧ​ត្ត​រ​មានជ័យ សាងសង់​នៅមុន​សម័យអង្គរ​
07, Dec 2020 , 7:59 am        
រូបភាព
​ដោយ​៖​ស៊ុ​ល រ៉​វី​

​ប្រាសាទត្រពាំងប្រាសាទ​ខាងត្បូង ជា​ប្រាសាទបុរាណ​មួយ ក្នុងចំណោម​ប្រាសាទបុរាណ​ចំនួន ២៩​ផ្សេងទៀត ក្នុង​បញ្ជី​ស្ថានីយ​បុរាណ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​បានចេញ​ផ្សាយ​ឆ្នាំ​២០១០​។ ប្រាសាទ​ដែលមាន​តួ​ប៉ម​៣​នេះ មាន​សភាព​ស្ងាត់ជ្រងំ និង​មាន​ភាព​ទ្រុឌទ្រោម ហើយ​ថ្ម​បាក់ ធ្លាក់​ចេញពី​តួ​ប្រាសាទ នៃ​តួ​ប៉ម​ពីរ​សងខាង​។ ចំណែក​តួ​ប៉ម​នៅ​កណ្ដាល នៅតែ​រក្សា​រូបរាង​ល្អ​គួរ​ជាទី​ចាប់អារម្មណ៍​នៅឡើយ​។



​ប្រាសាទត្រពាំងប្រាសាទ​ខាងត្បូង ត្រូវបាន​កសាងឡើង​មុន​សម័យអង្គរ សម្រាប់​ជាទី​សក្ការៈបូជា ឧទ្ទិស​ដល់​ព្រះ​សិវៈ​។ ប្រាសាទ​នេះ មាន​ទីតាំង​ស្ថិតនៅ ភូមិ​ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ មាន​ចម្ងាយ​ប្រមាណ ៥០០​ម៉ែត្រ ខាងជើង​រង្វង់​មូល ទី​រួម​ខេត្ត​ស្រុក​ត្រពាំង​ប្រាសាទ​។ 
 
​ប្រាសាទ​នេះ មាន​តួ​ប៉ម​៣ សង់​នៅលើ​ខឿន​តែមួយ ធ្វើ​ពី​ថ្មបាយក្រៀម កសាង​បែរ​ទៅ​ទិសខាងកើត មាន​ប្លង់​រាង​បួន​ជ្រុង​ស្មើ ធ្វើ​ពី​ឥដ្ឋ​រត់​ជា​ជួរ ពី​ជើង​ទៅ​ត្បូង និង​មាន​ស៊ុមទ្វារ​ពីរ នៅ​ផ្នែក​ខាងលិច នៃ​តួ​ប៉ម​កណ្ដាល​ធ្វើ​ពី​ថ្មភក់​។ ចំណែក​ទ្វា​៣​ទៀត ជា​ទ្វារបញ្ឆោត​ធ្វើ​ពី​ឥដ្ឋ​។ នេះ​បើតាម​មន្ទីរ​ទេសចរណ៍​ខេត្តឧត្ដរមានជ័យ​។​
 
​ក្រៅពី​សំណល់​ប្រាសាទបុរាណ​ចំណាស់​នេះ ក៏មាន​ដាន​ស្នាម​កសិន​(​គូ​ទឹក​)​បុរាណ ព​ទ្ធ័​ជុំវិញ​ប្រាសាទ ហើយ​មាន​ត្រពាំង​បុរាណ​មួយ​នៅ​ចំ​កណ្ដាល​ពីមុខ​ប្រាសាទ ពី​កើ​តទៅ​លិច មាន​ចម្ងាយ ២០០​ម៉ែត្រ​។ ប៉ុន្តែ​ត្រពាំង​នេះ រីក​ស្ងួត​ទឹក​នៅ​ខែប្រាំង​។ នេះ​បើតាម​មន្ទីរ​ទេសចរណ៍​ខេត្តឧត្ដរមានជ័យ​។​
 
​លោក ហុង យឿន ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ថ្លែងប្រាប់​សារព័ត៌មាន Thmey Thmey25 ថា​ប្រហែល​ប្រមាណ​៣​ឆ្នាំមុន ប្រាសាទបុរាណ​មួយ​នេះ បាន​ជួបប្រទះ​នឹង​ការ​បាក់បែក ហើយ​ត្រូវបាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជួសជុល​ដាក់​ជើង​ទប់​ប្រាសាទ​នេះ​ជាបន្ទាន់​។ តាម​លោក ហុង យឿន បន្ទាប់ពី​ជួសជុល​រួច ប្រាសាទ​នេះ ក៏​មិនមាន​ការបែកបាក់​អ្វី​ទៀត​ដែរ ហើយ​ដោយសារ​ស្ថានភាព​ប្រា​សា​ស្ថិតនៅ​ដដែល ក្រសួង​ក៏​ពុំទាន់​មាន គម្រោង​ជួសជុល​នៅឡើយ ប៉ុន្តែ​មាន​ផែនការ​រៀបចំ​អភិវឌ្ឍន៍​តំបន់​នេះ ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍​។​
 
​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍន៍​ប្រាសាទ​នេះ​ជា​តំបន់​ទេសចរណ៍ លោក ផុស ជា​កុស​ល្យ ដែលជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​មានជ័យ​បាន​ប្រាប់ Thmeythmey25 ថា ការរៀបចំ​អភិវឌ្ឍន៍​នេះ​កំពុង​ចាប់ផ្ដើម​ហើយ​។ 
 
​លោក ផុស ជា​កុស​ល្យ រៀបរាប់​បន្ត​៖«​ការរៀបចំ​អភិវឌ្ឍន៍​តំបន់​ប្រាសាទ​ជា​តំបន់​ទេសចរណ៍​មួយ​នេះ គឺ​រៀបចំ​ឲ្យ​មាន​កន្លែង​កម្សាន្ត​ផ្សេងៗ​ជាច្រើន សម្រាប់​ទាក់ទាញ​អ្នក​ទេសចរណ៍​ដូចជា ការកសាង​សួរ​ច្បារ​សារ​ធារ​ណៈ ចំ​ពីមុខ សួន​កុមារ ផ្លូវ​ព័ទ្ធជំវិញ​ប្រាសាទ និង​ដាក់​អំពូល​ភ្លើង​ជុំវិញ​ស្រះ មុខ​ប្រាសាទ​ជាដើម​»​។​
 
​ដ្បិត​ការរៀបចំ​តំបន់​ប្រាសាទ​នេះ ពុំទាន់​រួចរាល់​ជា​ស្ថាពរ​ក៏ដោយ ប៉ុន្តែ​លោក ជា​លុស​ល្យ បាន​កត់សម្គាល់ថា មាន​ប្រជា​ពលរ​ដ្ធ​មួយចំនួន បាន​ទៅ​ទស្សនា ក៏ដូចជា​មក​ហាត់ប្រាណ​ជាដើម​នៅ​ទីតាំង​នេះ​ទៅហើយ​។ សមាជិក​ក្រុម​បឹ​ក្សា​ស្រុក​ត្រពាំង​ប្រាសាទ​រូបនេះ រំពឹងថា ប្រាសាទបុរាណ​មួយ​នេះ នឹង​ក្លាយជា​ទីតាំង​ទាក់ទាញ​ទេសចរណ៍​មួយ​បន្ថែមទៀត​នៅក្នុង​តំបន់​របស់ខ្លួន​។​
 
​មិន​ខុសគ្នា​ដែរ អ្នកស្រី ធិ​ន​នី មុន្នី​រស្មី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តឧត្ដរមានជ័យ ក៏​រំពឹងទុក​ដែរ​ថា ប្រាសាទបុរាណ​នេះ នឹង​ក្លាយជា​សក្ដានុពល​ទេសចរណ៍​មួយទៀត សម្រាប់​ស្រុក​ត្រពាំង​ប្រាសាទ បន្ថែម​ពីលើ​តំបន់​ទេសចរណ៍ធម្មជាតិ​ផ្សេងៗ​ទៀត ដែលមាន​វត្តមាន​ក្នុងស្រុក​មួយ​នេះ​។​
 
​គួរ​បញ្ជាក់ថា  ក្រៅពី​ប្រាសាទត្រពាំងប្រាសាទ​ខាងត្បូង ក៏មាន​ប្រាសាទ​មួយទៀត​ដែរ គឺ​ប្រាសាទត្រពាំងប្រាសាទ​ខាងជើង ដែល​សង់​ពី​ថ្មបាយក្រៀម និង​ថ្មភក់ និង​មាន​ចម្ងាយ​ប្រមាណ ៣០០​ម៉ែត្រ ពី​ប្រាសាទត្រពាំងប្រាសាទ​ខាងត្បូង​៕
 

Tag:
 ​ទេសចរណ៍​
  ខេត្តឧត្ដរមានជ័យ​
  ប្រាសាទត្រពាំងប្រាសាទ​
© រក្សាសិទ្ធិដោយ thmeythmey.com