ជាតិ
សង្គមជាតិ
ប៉ូលិស​ខេត្តបាត់ដំបង ចាប់​នារី​ថៃ​ម្នាក់ ជាមួយ​គ្រឿងញៀន​ជិត​៣០​គីឡូក្រាម​
06, Dec 2020 , 9:29 pm        
រូបភាព
​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ចាប់បាន​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ ជាមួយនឹង​រឹបអូស​គ្រឿងញៀន​៣០​ដុំ ដែល​ស្មើនឹង​២៩,៨​គីឡូក្រាម កាលពី​យប់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០​។ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ផ្សាយ​ថា គ្រឿងញៀន​ដែល​រឹបអូស​បាន​ពី​ស្ត្រី​ជនជាតិ​ថៃ​នេះ ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅថា​ម៉ា​ទឹកកក (ICE)​។​

 
​បើតាម​ការចុះផ្សាយ​រប​ស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ស្ត្រី​ជនជាតិ​ថៃ ដែល​បាន​នាំ​គ្រឿងញៀន មក​ជួញដូរ​នៅ​កម្ពុជា មាន​ឈ្មោះថា ផាត់ ភុំ​រតនា ហៅ​ហ្វា មាន​លំនៅដ្ឋាន​នៅ​ឃុំ​ណង​ប៊ុន ស្រុក​ប​រ៉ៃ ខេត្ត​ត្រាត ប្រទេស​ថៃ​។ នាង ត្រូវ​កម្លាំង​មន្ត្រី​ជំនាញ បង្ក្រាប​និង​ចាប់បាន នៅ​ស្រុក​កំរៀង ខេត្តបាត់ដំបង​។ 
 
​បច្ចុប្បន្ន​អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ និង​រៀបចំ​បញ្ជូន​នារី​ជនជាតិ​ថៃ​រូបនេះ ទៅ​តុលាការ​ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់​។​
 
 ឆមាស​ទី​១​នៃ​ឆ្នាំ​២០២០ សមត្ថកិច្ច បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាង​៥,៤​ពាន់​ករណី និង​ឃាត់ខ្លួន​មនុស្ស​បាន​ជាង​១​ម៉ឺន​នាក់ នៅ​ទូទាំងប្រទេស​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងមហាផ្ទៃ ដោយ​បញ្ជាក់ថា​បទល្មើស​គ្រឿងញៀន​ជាង​៥,៤​ពាន់​ករណីនេះ បើ​ធៀប​នឹង​ឆមាស​ទី​១ កាលពី​ឆ្នាំ​២០១៩ គឺ​កើនឡើង​ជាង​៣០​ភាគរយ ដោយ​ឆមាស​ទី​១ កាលពី​ឆ្នាំ​២០១៩ មាន​បទល្មើស​គ្រឿងញៀន​ជាង​៤,១​ពាន់​ករណី​។ រីឯ អ្នកពាក់ព័ន្ធ​គ្រឿងញៀន មាន​ជាង​១​ម៉ឺន​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២០ គឺ​កើនឡើង​ជាង​២២​ភាគរយ បើ​ធៀប​នឹង​ឆមាស​ទី​១ កាល​ឆ្នាំ​២០១៩ ដែលមាន​ជាង​៨,៩​ពាន់​នាក់​។ 
 
​ជាមួយគ្នានេះ សមត្ថកិច្ច រឹបអូស​បាន​យក​គ្រឿងញៀន​២៦១​គីឡូក្រាម ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២០ ហើយ​កាលពី​ឆមាស​ទី​១ ឆ្នាំ​២០១៩ សមត្ថកិច្ច រឹបអូស​គ្រឿងញៀន​បាន​៣៤១​គីឡូក្រាម ដោយ​ថយចុះ​៨០​គីឡូក្រាម ស្មើនឹង​២៣​ភាគរយ​៕ 
 

Tag:
 គ្រឿងញៀន​
  បាត់ដំបង​
© រក្សាសិទ្ធិដោយ thmeythmey.com