ជាតិ
រកឃើញ​ផូស៊ីល​ដើមឈើ​ប្រវែង​១៧​ម៉ែត្រ មាន​អាយុ​រាប់លាន​ឆ្នាំ នៅ​ដែនជម្រកសត្វព្រៃ​លំផាត់ ខេត្តរតនគិរី​
06, Dec 2020 , 10:29 pm        
រូបភាព
រូបភាពពី ហ្វេសប៊ុក លោក លឹម វណ្ណច័ន្ទ
រូបភាពពី ហ្វេសប៊ុក លោក លឹម វណ្ណច័ន្ទ
​ក្រុម​អ្នកជំនាញ​នៃ​ក្រសួងបរិស្ថាន បាន​រកឃើញ ផូស៊ីល​ដើមឈើ​ប្រវែង​១៧​ម៉ែត្រ នៅ​ចំណុច​ដែនជម្រកសត្វព្រៃ​លំផាត់ ស្រុក​លំផាត់ ខេត្តរតនគិរី​។  លោក លឹម វណ្ណ​ច័ន្ទ ក្រុមការងារ​សិក្សា​ផូស៊ីល បានឱ្យដឹងថា  បើតាម​ការសន្និដ្ឋាន​ផូស៊ីល​ដើមឈើ​នេះ ស្ថិតក្នុង​សម័យកាល Premian នៃ​ស័ក​ទី​២ ដែលមាន​អាយុកាល​១​រយ​លាន​ឆ្នាំ​។


​លោក លឹម វណ្ណ​ច័ន្ទ ក្រុមការងារ​សិក្សា​ផូស៊ីល​នៃ​នាយកដ្ឋាន​តំបន់​បេ​តិ​ភណ្ឌ អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន នៃ​ក្រសួងបរិស្ថាន បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​ថា កាលពី​ឆ្នាំ​២០១៩ ក្រុម​អ្នកជំនាញ​បានធ្វើ​កំណាយ​លើ​ផូស៊ីល​នេះ​ម្ដង​ហើយ ហើយ​នៅ​ដើមខែ​ធ្នូ​ឆ្នាំ​២០២០​នេះ ជាការ​ធ្វើ​កំណាយ​លើក​ទី​ពីរ ដោយ​ក្រុម​អ្នកជំនាញ​បាន​ប្រទះឃើញ ផូស៊ីល​មាន​ប្រវែង​១៧​ម៉ែត្រ មាន​ឫស ស្លឹក និង​សំបក​។​
 
«​ឆ្នាំមុន​យើង​បាន​រកឃើញ ហើយ​យើង​បាន​កាយ​លើក​ទី​១ ឆ្នាំនេះ​យើង​បន្ត​កាយ​កន្លែង​ដដែល​លើក​ទី​២ ដោយសារ​ឆ្នាំមុន​យើង​ធ្វើ​អត់​ទាន់​ចប់ អីចឹង​យើង​បន្ត​កំណាយ​ម្ដងទៀត ដើម្បី​សិក្សា​ពី​ដើមឈើ​ហ្នឹង​»​។ នេះ​ជាការ​អះអាង​របស់លោក លឹម វណ្ណ​ច័ន្ទ ដែល​បន្តថា នៅ​ទីតាំង​នេះ មាន​ផូស៊ីល​ដើមឈើ​ជាច្រើន​ដើម ប៉ុន្តែ​ក្រុម​ជំនាញ​យក​ផូស៊ីល​ដើមឈើ​ប្រវែង​១៧​ម៉ែត្រ​នេះ ជា​កំណាយ​សាកល្បង​ដំបូង​គេ​។ 
 
​គួរ​បញ្ជាក់ថា ក្រុមការងារ​សិក្សា​ផូស៊ីល នៃ​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ បានចាប់ផ្ដើម​ប្រតិបត្តិការ​របស់ខ្លួន រយៈពេល​២​ឆ្នាំ​មកហើយ ដោយ​កន្លងមក​ក្រុមមន្ត្រី​ជំនាញ បាន​រកឃើញ​ផូស៊ីល​ខ្យ​ង់ ផូស៊ីល​ត្រី និង​សត្វ​ផ្សេងៗ​ទៀត​៕ 

Tag:
 ផូស៊ីល​
 ​ដើមឈើ​
 ​រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com