COVID-19
អន្តរជាតិ
កូ​វីដ​-១៩៖ លោក​ឌូ​ទើ​តេ ថា គ្មាន​រណា​ម្នា​ក់មាន​សុវត្ថិភាព​នោះទេ បើ​គ្រប់គ្នា​មិនត្រូវ​បាន​ធានា​សុវត្ថិភាព​នោះ​
06, Dec 2020 , 10:59 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
ដោយ:
​ប្រមុខ​ដឹកនាំ​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ទទូច និង​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ធានា​ឲ្យ​បាន​ភាពស្មើគ្នា និង​សមធម៌​រវាង​បណ្តា​ប្រទេស​របស់​ពិភពលោក​ក្នុងការ​ទទួលបាន​វ៉ាក់សាំង​ការពារ​វីរុស Covid-19​។ សម្រាប់​ប្រមុខ​ដឹកនាំ​ហ្វីលីពីន ប្រសិនបើ​ពិភពលោក មិនអាច​ធានាបាន​ការទទួលបាន​ការការពារ​នេះ​ទេ នឹង​បង្កើតជា​អយុត្តិធម៌​សកល ហើយ​ពិភពលោក ក៏​គ្មាន​សុវត្ថិភាព​ដូចគ្នា​ផងដែរ​។​

 
​ចំពោះមុខ​មេដឹកនាំ​ពិភពលោក លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​លើកឡើងថា​ប្រសិន​ប្រទេស​កំពុងអភិវឌ្ឍន៍ ឬ​ប្រទេស​ក្រីក្រ មិន​ត្រូវបាន​ផ្តល់ឱកាស និង​ទុក​ដោយឡែក​សម្រាប់​ព្រឹ​ត្ត​ការណ៍​ក្រោយ​នៃ​វិបត្តិ​រាតត្បាត Covid-19 នោះ​នឹង​បង្ក​ឲ្យ​មាន​ភាពអយុត្តិធម៌ ដែល​បញ្ហា​នេះ លោក បានស្នើ​ឲ្យ​មានការ​ធានា​ឲ្យ​បាន​នូវ​ការទទួល​វ៉ាក់សាំង Covid-19 ជាស​កល​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Rappler ក្នុង​សុន្ទរកថា​ដដែល​ដែលជា​វេទិកា​របស់​មហាសន្និបាត​អង្គភាព​អង្គការសហប្រជាជាតិ លោក​ប្រធានាធិបតី អះអាងថា នៅពេល​ប្រទេស​ក្រីក្រ​ដែល​រង​ភាព​ខ្លោចផ្សារ​ដោយ​ការមិនអាច​មានលទ្ធភាព​ក្នុងការ​ទទួលបាន​វ៉ាក់សាំង វា​នឹង​បំផ្លាញ​គុណ​តម្លៃ​របស់​អង្គការសហប្រជាជាតិ ដែល​ត្រូវបាន​បង្កើត​ក្នុង​គោលដៅ​បម្រើ​ផលប្រយោជន៍​មនុស្សជាតិ​ទូទៅ​នោះ​។ 
 
​ប្រមុខ​ដឹកនាំ​ហ្វីលីពីន បាន​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ​មិនគួរ​ឲ្យ​ហេតុការណ៍​នេះ​កើតឡើង​នោះទេ​។ លោក សង្កត់ធ្ងន់ មិនមាន​នរណាម្នាក់​អាចមាន​សុវត្ថិភាព​នោះទេ ប្រសិន​មនុស្ស​ទាំងអស់ មិន​ទទួលបាន​ការការពារ​គ្រប់គ្នា​ផង​នោះ​។ លោក ប្រកាសថា​ហ្វីលីពីន នឹង​ជួយ​ប្រទេស​ដទៃ​ផ្សេងទៀត​ក្នុងការ​គ្រប់គ្រង​វិបត្តិ​រាតត្បាត​របស់​ពួកគេ ដោយ​គ្មាន​លក្ខខណ្ឌ​ឡើយ​។​
 
​ក្នុងនាម​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ផងដែរ​នោះ លោក ប្រកាស​គាំទ្រ Covax ដែលជា​គំនិត​ផ្តួចផ្តើម​មួយ​សម្រាប់​ជួយ​ជ្រោមជ្រែង​ធនធាន​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​សង្គ្រោះ​ការផ្គត់ផ្គង់​វ៉ាក់សាំង​ពី​ប្រទេស​មានការ​អភិវឌ្ឍន៍​។ ហ្វីលីពីន ក៏​ជា​ប្រទេសមួយ​របស់​ពិភពលោក និង​តំបន់ ដែល​រង​ការគំរាមកំហែង​ខ្លាំង​ពី Covid-19​។ យ៉ាងហោចណាស់ មាន​ប្រជាជន​ហ្វីលីពីន បាន​ឆ្លង Covid-19 ជាង​៤៣ ម៉ឺន​ករណី និង​បាន​បាត់បង់​ជីវិត​ជាង ៨​ពាន់ ករណី​ផងដែរ ៕
 
 

Tag:
 ហ្វីលីពីន​
  Covid19
© រក្សាសិទ្ធិដោយ thmeythmey.com