សង្គមអន្តរជាតិ​
អន្តរជាតិ
បង់​ក្លា​ដែ​ស បរិច្ចាគ​៥០​ម៉ឺន​ដុល្លារ​ឲ្យ​ហ្គំ​ប៊ី​សម្រាប់​តតាំង​ក្តី​ឲ្យ​រ៉ូ​ហ៊ីង​យ៉ា​នៅ ICJ
07, Dec 2020 , 9:29 am        
រូបភាព
ដោយ:
​ប្រទេស​បង់​ក្លា​ដែ​ស បាន​បរិច្ចាគ​មូលនិធិ​ប្រមាណ ៥០​ម៉ឺន​ដុល្លារ​អាមេរិក ទៅ​ឲ្យ​ហ្គំ​ប៊ី ដើម្បី​ជា​ផ្នែក​មួយ​ក្នុង​ការគាំទ្រ​ហ្គំ​ប៊ី ក្នុង​កិច្ចដំណើរការ​ស្វែងរក​យុត្តិធម៌​ជូន​ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ របស់​អង្គការសហប្រជាជាតិ​។

 
​តាមរយៈ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​លើក​ទី​៤៧ របស់​អង្គការ​សហប្រតិបត្តិកា​រ​ឥស្លាម នាពេល​ថ្មីៗ​នេះ តំណាង​អចិន្ត្រៃយ៍​បង់​ក្លា​ដែ​ស​ប្រចាំ​អង្គការ​សហប្រតិបត្តិកា​រ​ឥស្លាម លោក Mohammad Javed Patwary បាន​អះអាងថា បង់​ក្លា​ដែ​ស បាន​បរិច្ចាគ​ថវិកា​រួចរាល់​ហើយ​ដើម្បី​គាំទ្រ​ហ្គំ​ប៊ី​ក្នុង​សមរភូមិ​ផ្នែក​ច្បាប់​សម្រាប់​ជនរងគ្រោះ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន Anadolu Agency​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល ហ្គំ​ប៊ី ធ្លាប់បាន​អះអាងថា ក្នុង​ដំណើរ​ក្តីក្តាំ​នេះ ហ្គំ​ប៊ី ត្រូវការ​ចំណាយ​ប្រមាណ ៥ លាន​ដុល្លារ ហើយក៏​បាន​ទទូច​ឲ្យ​រដ្ឋ​សមាជិក​របស់​អង្គការ​រដ្ឋ​ឥស្លាម​ចូលរួម​បរិច្ចាគ​ដោយ​ស្ម័គ្រចិត្ត​។ កន្លងមក តួ​ក​គី នី​ហ្សេ​រី​យ៉ា និង​បណ្តា​ប្រទេស​មួយចំនួន​ផ្សេងទៀត ក៏បានផ្តល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​ជ្រោមជ្រែង​ហ្គំ​ប៊ី ក្នុងពេល​ដំណើរការ​សវ​នា​សំណុំរឿង​រ៉ូ​ហ៊ីង​យ៉ា​ប្រឆាំង​មី​យ៉ាន់​ម៉ា​កាលពី​ឆ្នាំមុន​។​
 
​គួរ​រម្លឹក​បន្តិច​ថា ចាប់ពី​ឆ្នាំ​២០១៧​មក មាន​ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​រាប់សិប​ម៉ឺន​នាក់ បាន​ភៀសខ្លួន​ចេញពី​មី​យ៉ាន់​ម៉ា​ទៅកាន់​បង់​ក្លា​ដែ​ស ដោយ​បង្ខំ​។ ពួកគេ ត្រូវបាន​រាយការណ៍​ថា រង​ការគំរាមកំហែង និង​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ​ជា​លក្ខណៈ​ប្រព័ន្ធ និង​ក្នុង​រូបភាព​យ៉ាង​យង់ឃ្នង​។ មកទល់ពេលនេះ ពួកគេ នៅតែ​បន្ត​រស់នៅក្នុង​ជំរំ​បណ្តោះអាសន្ន​ក្នុង​ទឹកដី​បង់​ក្លា​ដែ​ស​។​
 
​ដោយ​មើលឃើញ​ពី​ភាពអយុត្តិធម៌​សម្រាប់​ជនរងគ្រោះ ហ្គំ​ប៊ី ដោយ​មានការ​ជ្រោមជ្រែង​ពី​ប្រទេស​រដ្ឋ​ឥស្លាម នៅ​ឆ្នាំ​២០១៩ បានដាក់​បណ្តឹង​ប្រឆាំងនឹង​មី​យ៉ាន់​ម៉ា​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៃ​អង្គការសហប្រជាជាតិ ជាមួយ​បទ​ចោទ​មី​យ៉ាន់​ម៉ា​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​។ 
 
​ជា​លទ្ធផល​តុល​ការ នៅ​ដើមឆ្នាំ​២០២០ តុលាការ បានចេញ​សេចក្តី​បង្គាប់បញ្ជា​មួយ​តាម​បណ្តឹង​របស់​ប្រទេស​ហ្គំ​ប៊ី​ដោយបាន​ឲ្យ​មី​យ៉ាន់​ម៉ា​បញ្ឈប់​សកម្មភាព​ពាក់​ព័ន្ធ​ការ​ធ្វើទុក្ខបុកម្នេញ​ប្រឆាំងនឹង​ជន​ជាត​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា និង​រក្សា​វត្ថុតាង​ផ្សេងៗ​នៅក្នុង​កន្លែងកើតហេតុ​កុំ​ឲ្យ​បាត់បង់ ក៏ដូចជា​ធ្វើ​របាយការណ៍​វិវត្តន៍​នៅក្នុង​តំបន់​មាន​បញ្ហា​ជាប្រចាំ​ទៅកាន់​តុលាការ​ពិភពលោក​មួយ​នេះ​ផង​៕
 

Tag:
 មី​យ៉ាន់​ម៉ា​
  បង់​ក្លា​ដែ​ស​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com