អន្តរជាតិ
រដ្ឋមន្ត្រី​អប់រំ​សិង្ហ​បុរី​៖ សិង្ហ​បុរី នឹងមិន​យក​ការប្រលង​និង​លទ្ធផល ជា​គោល​ក្នុង​ប្រព័ន្ធ​អ​បំ​រំ​ទៀតឡើយ​
06, Dec 2020 , 5:09 pm        
រូបភាព
រូបភាព​ The Straits Times
រូបភាព​ The Straits Times
ដោយ:
​ជាគោលការណ៍​សកល​ការប្រលង និង​លទ្ធផល​របស់​វា គឺជា​សមាសធាតុ​មូលដ្ឋាន​មួយ​ដែល​ប្រទេស​ទូទៅ​ប្រើប្រាស់​សម្រាប់​វាយតម្លៃ​ការសិក្សា និង​ប្រព័ន្ធ​អប់រំ​។ ក៏ប៉ុន្តែ​សម្រាប់​សិង្ហ​បុរី គោលការណ៍​នេះ នាពេលខាងមុខ​ដ៏​ខ្លី នឹងមិន​ត្រូវបាន​យកមកប្រើ​ប្រាស់​សម្រាប់​វាយតម្លៃ​លើ​ប្រព័ន្ធ​អប់រំ និង​គុណភាព​ទៀតឡើយ​។   រដ្ឋាភិបាល​សិង្ហ​បុរី​យល់ឃើញ ថា ការសិក្សា​ក្នុង​គោលជំហរ​ខ្លួនឯង សំខាន់​ជាង​ការសិក្សា​ដើម្បី​ប្រលង ឬ​លទ្ធផល​ល្អប្រសើរ​។

 
​រដ្ឋមន្ត្រី​អប់រំ​សិង្ហ​បុរី ឡ​រ៉ែ​ន វ៉ង់ (Lawrence Wong) នៅ​ថ្ងៃទី​៤ ធ្នូ កន្លងទៅ តាមរយៈ​សុន្ទរកថា​ស្តីពី​ខួប​បង្កើត​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី បាន​អះអាងថា សិង្ហ​បុរី បាន​ដល់ពេល និង​ចំណុច​មួយ ដែល​ត្រូវ​ផ្លាស់ប្តូរ​ប្រព័ន្ធ​អប់រំ​មួយ​ដែល​សមស្រប​ទៅនឹង​បរិការណ៍​ថ្មី​របស់​សង្គម​ជាក់ស្តែង បន្ទាប់ពី​បាន​អនុវត្ត​ប្រព័ន្ធ​អប់រំ​ដែល​ផ្តោត​ខ្លាំង​លើ​ការប្រលង និង​លទ្ធផល​របស់​វា​ជាច្រើន​ឆ្នាំ​មកហើយ​នោះ​។ 
 
​តាម​ចុះផ្សាយ​របស់​សារព័ត៌មាន Today Online ប្រព័ន្ធ​អប់រំ​ថ្មី​ដែល​លោក​រដ្ឋមន្ត្រី អះអាង​នឹងត្រូវ​យកមកអនុវត្ត​នាពេលខាងមុខ​នោះ​គឺ​ប្រព័ន្ធ​អប់រំ ដែល​ផ្តោត​តិចតួច​បំផុត​លើ​ការប្រលង​។ លោក ថ្លែងថា សិស្ស និស្សិត គួរតែមាន​តុល្យភាព​រវាង​ការសិក្សា និង​ឱកាស​រៀនសូត្រ​។ សម្រាប់​ជំហរ​របស់​រដ្ឋាភិបាល មិន​ចង់ឃើញ សិស្ស និស្សិត រៀន​ដើម្បី​តែ​ប្រលង​នោះទេ តែ​រដ្ឋាភិបាល ក៏​មិន​បោះបង់​ទាំងស្រុង​លើ​ការប្រលង​វាស់​ស្ទង់​សមត្ថភាព​ដែរ​។​
 
​ភ្ជាប់​នឹង​ការត្រៀម​អនុវត្ត​ប្រព័ន្ធ​សិក្សា​ដែល​ផ្តល់​លទ្ធភាព​ឲ្យ​សិស្ស និស្សិត ផ្តោតលើ​ជំហរ​រៀន​សូត​ដោយ​ខ្លួនឯង រដ្ឋាភិបាល​សិង្ហ​បុរី ក៏​នឹងធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​សាលា​បណ្តុះបណ្តាល​ជំនាញ ក៏ដូចជា​ក្រុមហ៊ុន និង​រោងចក្រ​ផ្សេងៗ ដើម្បី​ផ្តល់ឱកាស​ឲ្យ​ពួកគេ​អាច​ពិសោធន៍ និង​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែម​លើ​ការសិក្សា​ផងដែរ​។​
 
​គួរ​ជម្រាប​ផងដែរ​ថា ការអភិវឌ្ឍ​ធនធានមនុស្ស គឺជា​ការងារ​អាទិភាព​របស់​សិង្ហ​បុរី​តាំងពី​សិង្ហ​បុរី ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ក្រីក្រ​របស់​ពិភពលោក​មកម្ល៉េះ​។ មកដល់ពេលនេះ  សាលា និង​សាកលវិទ្យាល័យ​របស់​សិ​ង្ហ​បុរី ក៏​ស្ថិតនៅ​ក្នុងចំណោម​សាលា និង​សាកលវិទ្យាល័យ ដែលមាន​ប្រព័ន្ធ និង​គុណភាព​អប់រំ​របស់​ពិភពលោក​ផងដែរ​៕ 
 
 
 

Tag:
 សិង្ហ​បុរី​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com