រកស៊ី«ដីធ្លី»មិនចំណេញស្រួលដូចគេថាទេ លោកព្រះ!
ជាតិ
ពីនេះ ពីនោះ
រកស៊ី«ដីធ្លី»មិនចំណេញស្រួលដូចគេថាទេ លោកព្រះ!
07, Dec 2020 , 9:35 am        
រូបភាព
ដោយ: ថ្មីៗ
សុធីរ និងសំណាង ខានជួបគ្នាយូរគួរសមដែរ ព្រោះក្លើរទាំងពីររវល់នឹងកិច្ចការរៀងៗខ្លួន និងម្យ៉ាងទៀត រឿងកូវីដនេះ ក៏ធ្វើឲ្យបុរសទាំងពីរឃ្លាតឆ្ងាយពីគ្នាបន្តិចដែរ។ តែទោះជាយ៉ាងណា ពួកគេទាំងពីរនៅបន្តទាក់ទងគ្នាដើម្បីតាមដានសភាពការណ៍សង្គមដដែល។

 
សុធីរ៖ អាឡូ អា សំណាង! បាត់មុខបាត់មាត់អ្ហែងទៅណ៎ា ទៅណីហើយ លឺសូរតែសំឡេង? 
 
សំណាង៖ អញគ្មានទៅណ៎ាទេ។ អញខ្លាចកូវីដ ដូច្នេះ អញនៅផ្ទះ! ចុះអ្ហែងវិញ? 
 
សុធីរ៖ កូវីដ អញមិនខ្លាចទេ។ អញខ្លាច តែកូរពោះ…! 
 
សំណាង៖ អើ! កុំឡូយពេក ប្រយ័ត្នបន្តិចទៅ អា សម្លាញ់! 
 
សុធីរ៖ អញនិយាយលេងទេ។ អញក៏ខ្លាចដែរ។ អញដូរប្រធានបទបន្តិច។ អញលឺមិត្តភក្តិយើងថា អ្ហែងឈប់ធ្វើការ ហើយចង់ទៅរកស៊ីដីធ្លី(អចលនទ្រព្យ)វិញម្តង មែនអត់? 
 
សំណាង៖ អាណាថា? គេច្រឡំទេ។ មិនមែនអញទេ។ តាមពិត មិត្តភក្តិអញច្រើនគ្នាណាស់ដែលចាកចេញពីការងារផ្សេងៗរបស់គេ ហើយហក់ចូលវិស័យអចលនទ្រព្យ។ អ្នកខ្លះធ្លាប់ធ្វើការនៅវិស័យឯកជន រដ្ឋ និងអង្គការ ក្រោយមកក៏ឈប់ ឬសម្រាកពីវិស័យទាំងនោះ រួចហក់ចូលជំនួញដីធ្លីតែម្តង។ 
 
សុធីរ៖ ពេលហក់ចូលទៅក្នុងវិស័យនោះ តើពួកគេរកលុយបានច្រើនឬទេ? 
 
សំណាង៖ បើតាមអញមើល គឺអន់ជាងមុខរបរចាស់ទៅទៀត។ 
 
សុធីរ៖ ហេតុអីទៅ?    
 
សំណាង៖ ទី១ ពួកគេគ្មានជំនាញអចលនទ្រព្យ និងទី២ គឺដោយសារកូវីដសម្លាប់វិស័យដីធ្លីតែម្តង។ 
 
សុធីរ៖ អ៊ីចឹង មិនមែនដូចគេថា ជំនួញដីធ្លីស្រួលរកលុយទេ? 
 
សំណាង៖ បើលុយស្រួលរក គ្មានឡើយអ្នកក្រ អា សុធីរ! អ្នករកស៊ីដីធ្លីខ្លះជោគជ័យមែន តែអ្នកបរាជ័យអាចមានច្រើនជាងអ្នកជោគជ័យ។ អញប្រាប់អ្ហែងយកបុណ្យមួយទៅចុះ អា សុធីរ! ចូរធ្វើជំនួញពីជំនាញខ្លួនឯងទៅ វាប្រសើរជាងការរត់ឆ្លេឆ្លាខុសជំនាញឲ្យសោះ! 
 

© រក្សាសិទ្ធិដោយ thmeythmey.com