កីឡាអន្តរជាតិ
អន្តរជាតិ
Arteta បន្ទោសតារាៗរបស់ Arsenal ដែលនាំឲ្យចាញ់ Spurs ២-០
07, Dec 2020 , 11:09 am        
រូបភាព
លោក Mikel Arteta បានស្តីបន្ទោសតារាៗរបស់ក្រុម Arsenal ដែលបង្កកំហុសចំពោះការចាញ់ Tottenham Hotspur ២-០ ក្នុងជំនួប London Derby ដែលមានអ្នកគាំទ្រ២ពាន់នាក់ នៅរាត្រីថ្ងៃទី៦ ខែធ្នូ។ Spurs ត្រឡប់ទៅកំពូលតារាងជាថ្មី ខណៈម្ចាស់ការពារជើងឯក Liverpool តាមពីក្រោយ។


 
គ្រាប់បាល់ស៊ុតបញ្ចូលទីដ៏អស្ចារ្យរបស់ Son Heung-min និង Harry Kane ដោយបញ្ជូនបាល់ឲ្យគ្នាទៅវិញទៅមក (assist) បានជួយឲ្យក្រុមលោក Jose Mourinho ទទួលបាន៣ពិន្ទុបន្ថែមពីការក្រកួត Premier League សប្តាហ៍ទី១១ ខណៈដែល Spurs បានផ្តល់បរាជ័យឲ្យ Arsenal ជាលើកទី៦ រដូវកាលនេះ។ តាមរយៈជ័យជម្នះនេះ ក្រុមរហស្សនាមមាន់ខ្នាយមាសបានឡើងទៅកំពូលតារាងលីគកំពូលអង់គ្លេសជាថ្មី ដោយរកបាន២៤ពិន្ទុ។
 
បើទោះក្រុមកាំភ្លើងធំមានការគ្រប់គ្រងបាល់ច្រើនរហូតដល់ចំនួន ៦៩,២ ភាគរយ ទល់ ៣០,៨ ភាគរយ និងឱកាសរកគ្រាប់ច្រើនក្តី ប៉ុន្តែខ្សែប្រយុទ្ធឆ្នើមពីររូប Pierre-Emerick Aubameyang និង Alexandre Lacazette មិនអាចទម្លុះសំណាញ់ទីរបស់ Spurs ឡើយ។ ផ្ទុយទៅវិញ ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង និង Kane ជាប្រធានក្រុម បានសម្រេចទីម្នាក់១គ្រាប់ដែលកើតឡើងដោយការវាយបក។ 
 
ក្រោយចប់ការប្រកួត Arteta បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ «មើលពីស្ថិតិប្រកួតរបស់ពួកគេអ្នកពិតជាពេញចិត្តនឹងយើង ប៉ុន្តែនៅចុងបញ្ចប់នៃការប្រកួតយើងគ្មានគ្រាប់បាល់ឡើយ។ យើងមានឱកាស តែតារាប្រយុទ្ធឆ្នើមរបស់យើងមិនអាចធ្វើអ្វីបាន។ យើងអាចរកបានច្រើនគ្រាប់ចជាងប្រកួតណាៗទាំងអស់ក្នុងរដូវកាលនេះ ប៉ុន្តែយើងគ្មាលទ្ធផលរាប់»។
 
Arsenal រកបាន១៣ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី១៥ ក្នុងតារាងលីគកំពូល ក្រោយការប្រកួត១១លើកឈ្នះ៤ ស្មើ១ និងចាញ់៦លើក តាមពីក្រោយក្រុមកំពូលតារាង Spurs ដល់ទៅ១១ពិន្ទុ។
ក្រុមការពារជើងឯក Liverpool ស្ថិតនៅលេខរៀងទី២ មាន២៤ពិន្ទុស្មើ Spurs (ចាញ់សំណល់គ្រាប់ស៊ុត) បន្ទាប់ពីយកឈ្នះ Wolverhampton Wanderers ក្នុងលទ្ធផល ៤-០។ ៤គ្រាប់របស់ហង្សក្រហមធ្វើបានដោយ Mohamed Salah, Georginio Wijnaldum, Joel Matip និង Nelson Semedo (ចូលទីខ្លួនឯង)។
 
Chelsea រកបាន២២ពិន្ទុ និង Leicester City មាន២១ពិន្ទុ នៅចំណាត់ថ្នាក់ទី៣ និងទី៤ តាមពីក្រោយដោយ Manchester United ដែលរកបាន១៩ពិន្ទុ និង Manchester City រកបាន១៨ពិន្ទុ ប៉ុន្តែក្រុមក្នុងក្រុង Manchester ទាំងពីរទើបប្រកួត១០លើកប៉ុណ្ណោះ។
Burnley, West Bromwich Albion និង Sheffield United ស្ថិតនៅតំបន់ត្រូវកាត់ចោល៕
 

Tag:
 Premier League
  Mikel Arteta
© រក្សាសិទ្ធិដោយ thmeythmey.com