កីឡាជាតិ
ជាតិ
ក្រោយ​ចូលរួម​ជាមួយ​វិសាខា ធា​រី ចន្ថា​ប៊ី​ន ចង់​ផ្តោត​ខ្លាំង​លើ​ក្លិប ជាង​កៅអី​ជម្រើសជាតិ​
07, Dec 2020 , 1:36 pm        
រូបភាព
កីឡាករ_ធារី_ចន្ថាប៊ីន_ចូលរួមជាមួយវិសាខា,_រូបភាពពីក្លិបវិសាខា
កីឡាករ_ធារី_ចន្ថាប៊ីន_ចូលរួមជាមួយវិសាខា,_រូបភាពពីក្លិបវិសាខា
ដោយ:
​កីឡាករ ធា​រី ចន្ថា​ប៊ី​ន រំពឹងថា ខ្លួន​នឹង​អាច​បង្ហាញខ្លួន​ជាមួយ​ក្រុម​ជម្រើសជាតិ​ឡើងវិញ ក្រោយ​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​វិសាខា នៅ​រដូវ​កាល​ក្រោយ​។ ដ្បិត​រំពឹង​បែបនេះ​ក្តី ប៉ុន្តែ​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ បានដាក់​គោលដៅ​ជួយ​ក្លិប​ច្រើនជាង​តំណែង​ជម្រើសជាតិ​។​

 
​ខ្សែបម្រើ​ខ្មែរ​-​បារាំង ធា​រី ចន្ថា​ប៊ី​ន មិនទាន់​ចង់​ផ្តោតលើ​កៅអី​ជម្រើសជាតិ​នោះទេ ដោយ​ចង់យក​ពេល​ផ្តោតអារម្មណ៍​ជាមួយ​ក្លិប​វិសាខា ដែល​ខ្លួន​បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០​។ សម្រាប់ ចន្ថា​ប៊ី​ន កៅអី​ជម្រើសជាតិ​នឹង​កើតឡើង​ចំពោះ​កីឡាករ ដែលមាន​ទម្រង់​លេង​ល្អ​។ 
 
​នៅពេល​សួរ​សំនួរ​ពាក់ព័ន្ធ​កៅអី​ជម្រើសជាតិ អតីត​កីឡាករ​ភ្នំពេញ​ក្រោ​ន​រូបនេះ​បាន​និយាយ​ដូច្នេះ​ថា​៖«​ឆ្នាំក្រោយ​២០២១ រឿង​ជម្រើសជាតិ ខ្ញុំ​អត់​សូវ​គិត​លើ​វា​សិន ខ្ញុំ​ចង់​ប្រមូល​អារម្មណ៍​ជាមួយ​ក្លិប​ថ្មី​។ ដឹង​ហើយ ឧទាហរណ៍​យើង​លេង​ល្អ​ជាមួយ​ក្លិប​ថ្មី ដឹង​តែ​យើង​មានឱកាស​បង្ហាញខ្លួន ដើម្បី​ជាប់​ជម្រើសជាតិ​»​។ 
 
​តែ​យ៉ាងណា កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​រំពឹងថា រូបគេ​នឹង​អាច​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឡើងវិញ ក្រោយ​ខកខាន​ជាច្រើនលើក​កន្លងមកនេះ​។ អតីត​កីឡាករ​លេង​ក្លិប​អគ្គិសនី​កម្ពុជា​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​កាលពី​ឆ្នាំ​២០១៧ រូបនេះ បានបង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​ចំពោះ​ការខកខាន​បង្ហាញខ្លួន​ជាមួយ​ក្រុម​ជម្រើសជាតិ និង​ក្លិប​នៅ​ម៉ាឡេស៊ី ដោយសារ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។  
 
​ខ្សែបម្រើ​រូបនេះ អះអាងថា ខ្លួន​មាន​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង ដែល​បានមក​ប្រកប​អាជីព​បាល់ទាត់​នៅ​កម្ពុជា​សាជាថ្មី ក្រោយ​ចេញទៅ​ប្រកប​អាជីព​នៅក្រៅ​ប្រទេស​បី​រដូវ​កាល​កន្លងមកនេះ​។ 
 
​កីឡាករ ធា​រី ចន្ថា​ប៊ី​ន បានមក​ប្រកប​អាជីព​បាល់ទាត់​នៅ​កម្ពុជា​លើកដំបូង​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​ក្នុងអំឡុង​ឆ្នាំ​២០១២ រហូតដល់​ឆ្នាំ​២០១៦​។ ក្នុង​រយៈពេល​៥​ឆ្នាំ​រួមរស់​ជាមួយ​ភ្នំពេញ​ក្រោ​ន រូបគេ បានរួម​ចំណែក​ជួយ​ឲ្យ​ក្លិប​នេះ​លើក​ពាន​លី​គ​កំពូល​បាន​ពីរលើក គឺ​នៅ​ឆ្នាំ​២០១៤ និង ២០១៥​។ 
 
​នៅ​ឆ្នាំ​២០១៧ រូបគេ បាន​ចេញទៅ​ប្រកប​អាជីព​នៅ​ប្រទេស​ថៃ ដោយ​លេង​ឲ្យ​ក្លិប​ក្របខណ្ឌ​ទី​ពីរ Krabi FC​។ ក្រោយ​លេង​បាន​១​ជើង រូបគេ បាន​ផ្លាស់​មក​ចូលរួម​ជាមួយ​អគ្គិសនី​កម្ពុជា​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​ចុងឆ្នាំ​ដដែល​។ នៅ​ឆ្នាំ​២០១៨ ចន្ថា​ប៊ី​ន ចេញទៅ​ប្រកប​អាជីព​នៅ​ប្រទេស​ម៉ាឡេស៊ី​ជាមួយ​ក្លិប Terengganu រហូត​ចប់​រដូវ​កាល​ឆ្នាំ​២០១៩​។ 
 
​នៅ​ឆ្នាំ​២០២០ រូបគេ បាន​ផ្ទេរ​ទៅ​ក្លិប​ក្របខណ្ឌ​កំពូល​របស់​ម៉ាឡេស៊ី​ដូចគ្នា គឺ​ក្លិប Perak ដោយបាន​បង្ហាញខ្លួន​ជាមួយ​ក្លិប​នេះ​បាន​១០​ប្រកួត​។ សម្រាប់​រដូវ​កាល​ឆ្នាំ​២០២១-២០២២ ខ្សែបម្រើ​ខ្មែរ​-​បារាំង​រូបនេះ ត្រូវ​ជួយ​វិសាខា​ប្រជែង​ដណ្តើម​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ និង​ពាន​សម្តេច ហ៊ុន សែន ជាពិសេស​ការប្រកួត​វគ្គ​ជម្រុះ AFC Cup៕   
 
 

Tag:
 បាល់ទាត់​
  ធា​រី ចន្ថា​ប៊ី​ន​
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com