COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
ក្រុងមូស្គូ ចង់​ចាក់​វ៉ាក់សាំង​លើ​ប្រជាជន​៧​លាន​នាក់ ខណៈ​ករណី​កូ​វីដ​-១៩ ហក់​ឡើង​ខ្ពស់
07, Dec 2020 , 3:02 pm        
រូបភាព
អភិបាលក្រុងមូស្គូ លោក Sergei Sobyanin ឈរក្បែរប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ។ រូបពី AFP
អភិបាលក្រុងមូស្គូ លោក Sergei Sobyanin ឈរក្បែរប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ។ រូបពី AFP
ដោយ:
​អាជ្ញាធរ​ក្រុង មូ​ស្គូ ចង់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដល់​មនុស្ស​រហូតដល់​៧​លាន​នាក់​ក្នុងចំណោម​ប្រជាជន​សរុប​ខ្លួន​ជាង​១២​លាន​នាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​អភិបាលក្រុង​នេះ នៅ​ថ្ងៃទី ៦ ខែធ្នូ ខណៈ​ករណី​ឆ្លង​នៅ​ទូទាំងប្រទេស​បន្ត​ហក់​ឡើង​ខ្ពស់​។

 
​រដ្ឋធានី​មូ​ស្គូ​របស់​រុស្ស៊ី បានចាប់ផ្ដើម​ចែកចាយ​ថ្នាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ផលិត​ក្នុងស្រុក «Sputnik V» ទៅ​ឲ្យ​មណ្ឌល​សុខភាព ៧០​ទីតាំង កាលពី​ថ្ងៃទី ៥ ខែធ្នូ​។ គោលដៅ​ចម្បង​គឺ​ដើម្បី​ចាក់​វ៉ាក់សាំង​នេះ​ដល់​ក្រុមមនុស្ស​រងគ្រោះ​ខ្លាំង ដែលជា​ផ្នែក​មួយ​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ដំបូង​របស់​រុស្ស៊ី​ប្រឆាំង​ជំ​ងី​កូ​វីដ​-១៩​។​
 
«​ក្នុង​ទស្សន​វិស័យនេះ យើង​ត្រូវតែ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដល់​មនុស្ស​ពី​៦ ទៅ ៧ លាន​នាក់​» ។ លោក Sergei Sobyanin អភិបាលក្រុង​មូ​ស្គូ បញ្ជាក់​បែបនេះ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​រដ្ឋ Rossiya-1 ដែល​ចាក់ផ្សាយ​កាលពី​ថ្ងៃទី ៦ ខែធ្នូ​។ 
 
​កាលពីដើម​សប្ដាហ៍​មុន លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បានដាក់​បញ្ជា​ឲ្យ​បើក​ដំណើរការ​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដោយ​ស្ម័គ្រចិត្ត​ទ្រង់ទ្រាយ​ធំ នៅ​ទូទាំងប្រទេស​រុស្ស៊ី ។ បើតាម​មេដឹកនាំ​រូបនេះ គ្រូបង្រៀន និង​វេជ្ជបណ្ឌិត គួរ​ជា​ក្រុមមនុស្ស​អាទិភាព​ដើម្បី​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ផលិត​ដោយ​រុស្ស៊ី​ផ្ទាល់​។​
 
​រដ្ឋាភិបាល​រុស្ស៊ី ធ្លាប់​អះអាង​កាលពី​ខែ​មុន​ថា យោងតាម​លទ្ធផល​បឋម វ៉ាក់សាំង «Sputnik V» មាន​ប្រសិទ្ធភាព​បង្ការ​កូ​វីដ​-១៩ រហូតដល់ ៩២​ភាគរយ​។ ក្នុងជំនួប​តាម​អន​ឡាញ​ជាមួយ​រដ្ឋមន្ត្រី​លោក​នៅ​ថ្ងៃទី ២ ខែវិច្ឆិកា លោក​ប្រធានាធិបតី ពូ​ទីន អះអាងថា រុស្ស៊ី នឹង​ផលិត​ថ្នាំ​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​នេះ ចំនួន​២​លាន​ដូ​ស​ក្នុងពេល​២​ឬ​៣​ថ្ងៃ​ខាងមុខនេះ​។​
 
​គួរ​បញ្ជាក់ដែរថា រុស្ស៊ី  នៅ​ថ្ងៃទី ៦ ខែធ្នូ បាន​រាយការណ៍​ករណី​ឆ្លង​ប្រចាំថ្ងៃ​រហូតដល់ ២៩ ០៣៩ ករណី ដែល​ធ្វើ​ករណី​ឆ្លង​សរុប​ឡើងដល់​ជាង​២,៤​លាន​ករណី ខណៈ​ករណី​ស្លាប់​សរុប​កើន​ដល់ ៤៣ ១៤១​។ រុស្ស៊ី​ដែលមាន​មាន​ករណី​ឆ្លង​កូ​វីដ​-១៩​ខ្ពស់​លំដាប់​ទី​៤​លើ​ពិភពលោក មាន​ក្តីសង្ឃឹម​ខ្ពស់​លើ​វ៉ាក់សាំង​ខ្លួន តែ​អ្នកវិទ្យាសាស្ត្រ​ខ្លះ ក៏បាន​លើក​ក្តីកង្វល់​ជុំវិញ​សុវត្ថិភាព​របស់​វ៉ាក់សាំង​នេះ​។ 
 
​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ «Sputnik V» ជា​វ៉ាក់សាំង​មួយ​ក្នុងចំណោម​ដែល​ផលិត​ដោយ​រុស្ស៊ី​ចំនួន​២ ទទួលបាន​ការអនុម័ត​ក្នុងស្រុក ទោះបីជា​ការពិសោធ (Clinical Trails) ពុំទាន់​បញ្ចប់​ជោគជ័យ​នៅឡើយ​ក្តី​។ បេក្ខភាព​វ៉ាក់សាំង​ទី ៣ របស់​រុស្ស៊ី ក៏​កំពុង​ស្ថិតក្នុង​ដំណើរការ​ផងដែរ​៕
 
 
 

Tag:
 រុស្ស៊ី​
  វ៉ាក់សាំង​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com