សៀមរាប៖ សំណង់ផ្ទះល្វែងមួយកន្លែងក្នុងក្រុងសៀមរាប ត្រូវអាជ្ញាធរសម្រេចឱ្យរុះរើវិញ បន្ទាប់ពីពិនិត្យឃើញថា សង់ខុសច្បាប់ និងប៉ះពាល់លើគម្រោងអភិវឌ្ឍន៍ផ្លូវ៣៨ខ្សែ។ ជាអគារផ្ទះល្វែង មានជាង២០ល្វែង និងសង់បានប្រមាណ៦០ភាគរយ ស្ថិតនៅបណ្ដោយផ្លូវមមាញឹក គឺផ្លូវក្រវ៉ាត់ក្រុងប៉ែកខាងលិច ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ជិតមួយសប្ដាហ៍មកហើយ ដែលសំឡេងម៉ូទ័របុកបេតុង និងកាត់ដែក លាន់ឮចេញពីអគារផ្ទះល្វែងដ៏ធំមួយកន្លែង លើផ្លូវក្រវ៉ាត់ក្រុង ជាប់ផ្លូវចូលសង្កាត់ស្វាយដង្គំ។ ជាសំណង់អគារមួយ ដែលមានការសាងសង់យ៉ាងឆាប់រហ័ស គឺបានដំណើរការសាងសង់អំឡុងដើមឆ្នាំ ២០២០។
កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តសៀមរាប បានប្រជុំសម្រេចឱ្យម្ចាស់អគារផ្ទះល្វែងខាងលើ កាត់អគាររបស់ខ្លួនជា២កំណាត់ ព្រោះផ្នែកខាងមុខប្រមាណ២ម៉ែត្រ ចូលចំណីផ្លូវសាធារណ។ ក្រុមការងារអន្ដរក្រសួង ចុះវាស់វែងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ បានចុះវាស់វែង និងរកឃើញថា អគារនេះលយចេញជាប់ចំណីផ្លូវ ដែលត្រូវរុះរើជាចាំបាច់។
ចៅសង្កាត់ស្វាយដង្គំ លោក ហ៊ា ហាវ ប្រាប់ថា ក្រុមការងារអន្ដរក្រសួងចុះវាស់វែងបានរកឃើញថា ផ្ទះល្វែងខាងលើ ធ្វើលយចូលបន្ទាត់ក្រហមដីចំណីផ្លូវសាធារណ ហើយក្នុងនាមជាអាជ្ញាធរមូលដ្ឋាន លោកបានដាក់លិខិតជូនដំណឹងដល់ម្ចាស់អគារឱ្យរុះរើហើយដែរ។ លោកបន្ត៖«...ខ្ញុំបានជូនដំណឹង២ដងទៅ៣ដង យើងប៉ះត្រឹមណា ២ម៉ែត្រឬ៣ម៉ែត្រ យើងត្រូវតែកាត់ រុះរើ តែថាឱ្យរុះទាំងអស់ គឺសង្កាត់ខ្ញុំអត់ដឹង»។
អភិបាលក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា ឆ្លើយថា ការងានេះគឺជាការសម្រេចរបស់ក្រុមការងារចម្រុះលើគម្រោងផ្លូវ៣៨ខ្សែ ហើយសំណង់ផ្ទះល្វែងដែលស្ថិតនៅភូមិគ្រួសនេះ ក៏ស្ថិតនៅក្រៅដែនសមត្ថកិច្ចការអនុញ្ញាតឱ្យសង់ដែរ។ លោកពន្យល់ថា៖« ដោយសារចំនួននេះច្រើន (ច្រើនការ៉េ) គាត់សុំ (ច្បាប់) ទៅថ្នាក់ខេត្ត លើសពី៥០០ការ៉េទៅត្រូវសុំខេត្ត។
យ៉ាងណា បើតាមការបញ្ជាក់ពីលោកអភិបាលក្រុង ដែលលោកបានចូលរួមប្រជុំលើបញ្ហាខាងលើនេះ បានប្រាប់ត្រួសៗថា ម្ចាស់អគារបានសង់ខុសគោលការណ៍ច្បាប់អនុញ្ញាត គឺសុំច្បាប់១៤ល្វែង តែសង់រហូតដល់២៣ល្វែង ហើយមួយទៀត ម្ចាស់អគារធ្វើលើសដីស្នើសុំ គឺធ្វើលយចូលចំណីផ្លូវសាធារណៈ ដែលប៉ះពាល់ដល់គម្រោងផ្លូវ៣៨ខ្សែ។
លោក នួន ពុទ្ធារ៉ា បានស្នើឱ្យអ្នកកាសែត សួរព័ត៌មានលម្អិតទៅមន្ទីរជំនាញ ថាតើអគារនោះមានកំហុសឆ្គងអ្វីខ្លះ ទើបតម្រូវឱ្យវាយចោលយ៉ាងដូច្នេះ។
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប លោក ហ៊ី សាយ បានសារព័ត៌មានថ្មីៗតាមទូរសព្ទនៅថ្ងៃទី៤ ធ្នូ ថា លោកអត់ដឹងរឿងនេះទេ។ លោក ហ៊ី សាយ និយាយខ្លីៗឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖« អត់ដឹងទេ ខ្ញុំអត់ចាំ អត់ច្បាស់ ឥឡូវខ្ញុំកំពុងនៅ(ឃុំ)ពាក់ស្នែង...ខ្ញុំអត់ចាំទេ»។ យ៉ាងណា លោកជំរុញឱ្យអ្នកសារព័ត៌មានសាកសួរទៅម្ចាស់សំណង់អគារសិន មុននឹងសុំចម្លើយពីលោក។ លោកថា៖« សួរៗ ម្ចាស់ផ្ទះគេមើល៍ សួរម្ចាស់គេសិនទៅ ចាំសួរខ្ញុំ ម្ចាស់គេប្រាប់ថាម៉េច...ទៅទីតាំងនោះតែម្ដង សួរគេមើល៍ហេតុអីធ្វើហើយរុះចឹងៗ...»។
ពលរដ្ឋមួយរូបដែលនៅក្បែរអគារនោះ ប្រាប់ថា មិនបានស្គាល់ម្ចាស់អគារនោះថាអ្នកណាទេ តែបានឮតាមគេថា ជាអ្នករកស៊ីនៅភ្នំពេញ។ ពលរដ្ឋរូបនោះដែលសុំមិនបញ្ចេញឈ្មោះប្រាប់ថា តាមឮផ្ទះល្វែងនេះ ប្រកាសលក់ក្នុងមួយល្វែងតម្លៃជិត២០ម៉ឺនដុល្លារ។
សារព័ត៌មានថ្មីៗ មិនអាចស្វែងរកទំនាក់ទំនងសុំការបំភ្លឺពីម្ចាស់អគារបានទេ ដោយសារស្លាកលក់ និងការិយាល័យលក់ ត្រូវបានដកចេញ និងពុំមានបុគ្គលិកធ្វើការ។ តាមប្រភពពីអ្នកទិញមួយរូប ដែលបានកក់លុយទិញផ្ទះល្វែងខាងលើ ប្រាប់ថា លោកបានទទួលប្រាក់កក់ចំនួន៥ម៉ឺនដុល្លារវិញហើយ ក្រោយក្រុមហ៊ុនប្រកាសថា មិនអាចដំណើរការសាងសង់បន្តទៀត៕