សង្គមអន្តរជាតិ​
អន្តរជាតិ
របាយការណ៍​៖ ក្រុមហ៊ុន​អាមេរិក និង​ចិន នៅតែ​គ្របដណ្តប់​ទីផ្សា​អាវុធ​ក្នុង​ឆ្នាំ​២០១៩
07, Dec 2020 , 9:39 pm        
រូបភាព
ក្រុមហ៊ុនផលិតអាវុធ Lockheed Martin របស់អាមេរិក ឈរលើលេខមួយលើតារាងក្រុមហ៊ុនសព្វាវុធរបស់ពិភពលោក។ រូបភាព AFP
ក្រុមហ៊ុនផលិតអាវុធ Lockheed Martin របស់អាមេរិក ឈរលើលេខមួយលើតារាងក្រុមហ៊ុនសព្វាវុធរបស់ពិភពលោក។ រូបភាព AFP
ដោយ:
​ក្រុមហ៊ុន​អាមេរិក និង​ចិន បន្ត​គ្របដណ្តប់​ទីផ្សា​លក់​អាវុធ​ក្នុង​ឆ្នាំ​២០១៩​។ នេះ​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​វិទ្យាស្ថាន​ស៊ុយអែត​។ ជា​លើកដំបូង ក្រុមហ៊ុន​អាវុធ​មកពី​មជ្ឈិមបូព៌ា​បង្ហាញខ្លួន ក្នុងចំណោម​ក្រុមហ៊ុន​កំពូលៗ​ចំនួន​២៥ ។  ការនាំចេញ​អាវុធ​ក្នុង​ឆ្នាំ​២០១៩ មាន​ចំនួន​៣៦១​ពាន់​លាន​ដុល្លារ ដែលជា​ការកើនឡើង​ចំនួន​៨,៥​ភាគរយ​ធៀប​ឆ្នាំ​កន្លងទៅ​។​

 
​ការលក់​អាវុធ​ដោយ​ក្រុមហ៊ុន​អាមេរិក តំណាង​ឲ្យ​៦១​ភាគរយ​នៃ​ការលក់​អាវុធ​ក្នុង​ពិភពលោក​ដោយ​ក្រុមហ៊ុន​កំពូលៗ​ចំនួន​២៥ ចំណែក​ការនាំចេញ​របស់​ក្រុមហ៊ុន​ចិន មាន​ចំនួន​១៥,៧​ភាគរយ​។ នេះ​យោងតាម​របាយការណ៍រ​បស់​វិទ្យាស្ថាន​អន្តរជាតិ​ស្កុ​ក​ខុល​ស្តីពី​ការស្រាវជ្រាវ​សន្តិភាព (SIPRI) ចេញផ្សាយ​ថ្ងៃទី​៧ ខែធ្នូ​។​
 
​ទំហំ​នៃ​ការលក់​អាវុធ​ដោយ​ក្រុមហ៊ុន​កំពូលៗ​ទាំង​២៥ កើនឡើង​ចំនួន​៨,៥​ភាគរយ ជាមួយ​ទំហំ​សរុប​៣៦១​ពាន់​លាន​ដុល្លារ​។ តួលេខ​នេះ គឺ​ច្រើនជាង​៥០​ដង​នៃ​ថវិកា​ចំណាយ​លើ​កង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​។​
 
«​ចិន និង​អាមេរិក ជា​ប្រទេស​ពីរ​ធំ​បំផុត​លើ​ពិភពលោក​ក្នុង​វិស័យ​ជួញដូរ​អាវុធ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី Lucie Beraud-Sudreau នាយ​កម្មវិធី​ចំណាយ​ផ្នែក​អាវុធ និង​យោធា​របស់ SIPRI ដោយ​បន្ថែមថា ក្រុមហ៊ុន​អាមេរិក​ចំនួន​៦ និង​ចិន​ចំនួន​៣ ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​កំពូលៗ​ទាំង​១០​។​
 
​ក្រុមហ៊ុន​អាមេរិក​ដូចជា Lockheed Martin, Boeing, Northrop Grumman, Raytheon និង General Dynamics បន្ត​ស្ថិតក្នុង​លំដាប់​កំពូល​ទាំង​៥ រីឯ​ក្រុមហ៊ុន AVIC, CETC និង Norinco របស់​ចិន​ស្ថិតក្នុង​លំដាប់​ទី​៦ ៨ និង​៩​។ ក្រុមហ៊ុន​បច្ចេកវិទ្យា L3Harris របស់​អាមេរិក​ស្ថិតក្នុង​លំដាប់​ទី​១០ ខណៈ​លំដាប់​ទី​៧ បាន​ទៅលើ​ក្រុមហ៊ុន BAE System របស់​អង់គ្លេស​។​
 
​តាមពិតទៅ អាមេរិក គ្រប់គ្រង​ទីផ្សា​លក់​អាវុធ​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ការនាំចេញ​របស់​ក្រុមហ៊ុន​ចិន ក៏មាន​កំណើន​៥​ភាគរយ​ផងដែរ​។ កំណើន​របស់​ចិន កើត​ទន្ទឹមគ្នា​ទៅនឹង​ការអនុវត្ត​ផែនការ​ទំនើបកម្ម និង​កំណែទម្រង់កងទ័ព​រំដោះ​ប្រជាជន​ចិន​តាំងតែ​ពី​ឆ្នាំ​២០១៥​មក​។​
 
​លំដាប់ថ្នាក់​របស់​ក្រុមហ៊ុន​អឺរ៉ុប រប៉ាត់រប៉ាយ​xjlH ប៉ុន្តែ​បើ​បញ្ចូល​ក្រុមហ៊ុន​អឺរ៉ុប​ចូលគ្នា គេ​នឹង​ទទួលបាន​ក្រុមហ៊ុន​មួយ​ដែលមាន​ទំហំ​ស្មើ​ក្រុមហ៊ុន​អាមេរិក និង​ចិន​។ ជាក់ស្តែង ក្រុមហ៊ុន Airbus របស់​អឺរ៉ុប​ស្ថិតក្នុង​លំដាប់ថ្នាក់​ទី​១៣ ទី​ឯ Thales របស់​បារាំង​ស្ថិតក្នុង​លំដាប់ថ្នាក់​ទី​១៤​។ របាយការណ៍ SIPRI កត់សម្គាល់ថា ក្រុមហ៊ុន Dassault របស់​បារាំង​ហក់​ពី​លំដាប់ថ្នាក់​ទី​៣៨ មក​ទី​១៧ ដោយសារ​ការនាំចេញ​យ​ន្ត​ហោះ​ចម្បាំង Rafale​។ លោកស្រី Beraud-Sudreau លើកឡើងថា ក្រុមហ៊ុន​អឺរ៉ុប​មាន​លក្ខណៈ​អន្តរជាតិ​ច្រើនជាង​ក្រុមហ៊ុន​ប្រទេស​ផ្សេងៗ​។​
 
​សម្រាប់​ឆ្នាំ​២០១៩ ក្រុមហ៊ុន EDGE របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ឈរ​នៅ​លំដាប់ថ្នាក់​ទី​២២ ដែលជា​លើកទីមួយ​ក្រុមហ៊ុន​មកពី​មជ្ឈិមបូព៌ា​មានមុខ​ក្នុង​ក្រុមហ៊ុន​កំពូលៗ​ទាំង​២៥​។ ក្រុមហ៊ុន EDGE ជា​ការច្របាច់បញ្ចូលគ្នា​របស់​ក្រុមហ៊ុន​ក្នុងស្រុក​របស់​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ចំនួន​២៥​។ លោក Pieter Wezeman អ្នកស្រាវជ្រាវ​របស់ SIPRI អះអាង វត្តមាន​របស់ EDGE បង្ហាញថា កញ្ចប់​ថវិកា​យោធា​ខ្ពស់ រួមជាមួយ​នឹង​បំណង​មាន​ឯករាជ្យភាព​ពី​បរទេស​លើ​ការផ្គត់ផ្គង់​អាវុធ ជាហេតុ​នាំ​មានការ​កើនឡើង​ចំនួន​ក្រុមហ៊ុន​ផលិត​អាវុធ​នៅ​មជ្ឈិមបូព៌ា​៕
 
 

Tag:
 អាមេរិក​
 ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com