សៀមរាប៖ របរលក់ចេកល័ក្ត លក់ផ្លែក្រឡាញ់ ផ្លែគូលែនព្រៃ ព្រមទាំងផ្លែឈើព្រៃផ្សេងទៀត ទៅតាមរដូវកាល ដើរដកផ្សិតក្នុងព្រៃ និងស៊ីឈ្នួលសម្អាតស្មៅក្នុងចម្ការឱ្យគេជាដើម គឺជាប្រភពប្រាក់ចំណូល របស់ស្ត្រីភាគច្រើនដែលមានទីលំនៅលើភ្នំគូលែន។ ប្រកបរបរច្រើនមុខក៏ពិតមែន ប៉ុន្តែពួកគេអាចរកចំណូលបានតិចតួចប៉ុណ្ណោះ។ ស្របពេលវិបត្តិកូវីដ១៩ ដូចសព្វថ្ងៃនេះផង មុខរបរលក់ចេកល័ក្ត នៅតាមផ្លូវឡើងទៅរមណីយដ្ឋានភ្នំគូលែន មិនអាចដោះស្រាយជីវភាពរបស់អ្នកប្រកបរបរនេះបានឡើយ។
តទៅនេះសូមប្រិយមិត្តអញ្ជើញស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដោយមេត្រីភាព៖
នៅតាមផ្លូវទៅកំពូលភ្នំគូលែន ដែលមានតម្កល់ពុទ្ធបដិមាព្រះអង្គធំ និងមានស្ទឹងលឹងមួយពាន់ដ៏ល្បីល្បាញ គេឃើញមានរោងលក់ចេកល័ក្តទ្រង់ទ្រាយធំល្មមប្រមាណ៣កន្លែង ខ្លះប្រក់ស័ង្កសី ហើយខ្លះប្រក់ស្លឹកឃុនមា ដោយមានសសរឈើរឹងមាំ។ រោងទាំងនេះមានដាក់តាំងផ្លែចេកទាំងស្ទងៗ មានទាំងចេកល័ក្ត និងចេកពងមាន់ដ៏ថ្លោសគួរឱ្យឆ្ងាញ់ មានផ្លែក្រឡាញ់ចងជាចង្កោម និងមានលក់ដើមចេកល័ក្តផងដែរ។ ក្រៅពីនោះ មានរោងតូចៗជាច្រើនទៀត រាយបណ្ដាក់គ្នាជាហូរហែរតាមផ្លូវនៅចង្កេះភ្នំគូលែន ដោយភាគច្រើនប្រក់ស្លឹកឃុនមា ប៉ុន្តែមិនមានលក់អ្វីឡើយ។
ចេកល័ក្តដែលគេព្យួរលក់តាមផ្លូវឡើងទៅភ្នំគូលែន
អ្នកលក់ចេកនៅទីនេះភាគច្រើនជាស្ត្រី។ អ្នកលក់ទាំងឡាយ ដែលមានទាំងចាស់និងក្មេងនោះ ខំសម្លឹកមើលទៅអ្នកដំណើរ ដែលបើកឡានឬម៉ូតូឆ្លងកាត់ មិនហ៊ានដាក់ភ្នែកចុះឡើយ។ អ្នកលក់ខ្លះ ខំស្រែហៅភ្ញៀវដោយភាសារួសរាយ ដើម្បីឱ្យគេជួយទិញទំនិញរបស់ខ្លួន។
កញ្ញា ហួត សំ វ័យ៣០ឆ្នាំ ពាក់អាវពណ៌រមៀតដៃវែង ស្លៀកខោពណ៌ឈាមជ្រូកស្រាល គឺជាអ្នកលក់ចេកល័ក្តមួយរូបនៅចង្កេះភ្នំគូលែន។ រស់ក្នុងភូមិតាហាន ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប នារីរូបស្រស់រូបនេះ ត្រូវទៅទិញចេកពីចម្ការអ្នកភូមិផ្សេង យកមកលក់បន្តនៅទីនេះ ក្នុងម្ដងរង្វង់៨ស្ទង៖«លើកមកពីគេយកតែអាចាស់មកទេ ហើយយើងហ៊ុមអាវ ហ៊ុមកំណាត់ ឬហ៊ុមតង់ទៅវានឹងទុំហើយ។ តម្លៃលើកពីគេ គឺគេគិតជាស្និត ក្នុងមួយស្និត៦ពាន់រៀល ជួន៥ពាន់រៀល អាស្រ័យតាមតូចឬធំ។ ចេកនេះគេហៅចេកល័ក្ដ ចេកគេដាំតាមចម្ការធម្មតា។ គេដាំតែចេកនេះ ហើយនឹងចេកពងមាន់ ប៉ុន្តែចេកពងមាន់វាមិនសូវកើតទេ(មិនសូវបានផល) ដល់ពេលរដូវលំហើយវាបាក់កអស់។ ចេកពងមាន់យកពីគេក្នុងមួយស្និតតម្លៃ២ពាន់រៀល ហើយលក់ចេញវិញបានតម្លៃពី៤ពាន់រៀលទៅ៥ពាន់រៀល។ បើចេកល័ក្ដ លក់ចេញបាន៧ពាន់ទៅ៨ពាន់រៀលក្នុងមួយស្និត»។
កញ្ញា ហួត សំ អ្នកលក់ចេក នៅតាមចង្កេះភ្នំគូលែន
ចាប់ផ្ដើមលក់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៤រសៀល ទើបត្រឡប់ទៅផ្ទះវិញ នារីសម្បុរសសម្ដីស្រាលរូបនេះ ត្អូញត្អែរពីការធ្លាក់ចុះចំណូល ចាប់តាំងពីមានជំងឺកូវីដ១៩៖«មុនកើតកូរ៉ូណាស្រួលលក់ ប៉ុន្តែក្រោយកើតជំងឺនេះ មិនសូវមានភ្ញៀវឡើង ខ្ញុំក៏លក់មិនសូវដាច់ដែរ។ ខ្ញុំលក់បានតិចជាងគេ ថ្ងៃនេះលក់បាន២ស្និតទេ។ ឥឡូវនេះលក់បានតិចៗសឹងរាល់ថ្ងៃទៅហើយ។ បើកាលពីមុន(មុនពេលមានកូវីដ១៩)លក់បានច្រើន ក្នុងមួយថ្ងៃបានប្រហែល១០ស្និត។ ឥឡូវនេះ ជួនកាលមានមនុស្សដែរ ប៉ុន្តែគេមិនសូវទិញតែម្ដង»។
មានផ្ទះនៅក្នុងព្រៃ ចម្ងាយប្រមាណ៣០០ម៉ែត្រពីកន្លែងលក់ កញ្ញា ហួត សំ មិនបានប្រមូលចេកដែលលក់សល់ត្រឡប់ទៅផ្ទះវិញឡើយ គឺនាងព្យួរវាទុកនៅក្នុងរោងលក់នេះតែម្ដង ដោយគ្រាន់តែយកស្បៃមកហំព័ទ្ធកុំឱ្យសត្វល្អិតចោះប៉ុណ្ណោះ។ ចំពោះបញ្ហាមនុស្សលួច កញ្ញា សំ បញ្ជាក់ដូច្នេះ៖«ចេកខ្ញុំទុកនៅទីនេះតែម្ដង ខ្ញុំមិនយកទៅផ្ទះទេ។ នៅទីនេះមិនសូវមានអ្នកយកទេ ជួនមានក្មេងក្នុងភូមិខ្លះ គេឃ្លានគេយកទៅហូបខ្លះទៅ ជួនយកមួយស្និតប៉ុណ្ណោះឯង។ ពិបាករែកទៅរែកមក ដូច្នេះខ្ញុំទុកនៅទីនេះតែម្ដង»។
ចំណែកអ្នកស្រី ឈឿន ពេជ ដែលមានកូនច្បងអាយុ៧ឆ្នាំ ហើយកូនទី២ពរនៅចង្កេះ ក៏ត្អូញត្អែរពីបញ្ហាលក់ចេកមិនដាច់ដូចគ្នា ក្នុងពេលវិបត្តិកូវីដ១៩នេះ៖«អ្នកនៅទីនេះរកស៊ីយ៉ាប់ណាស់។ បើពីមុនកាលសម្បូរឡានមក យើងលក់ដាច់ច្រើន បានមួយស្និត១ម៉ឺនរៀល។ ទិញគេមួយស្និត៨ពាន់រៀល លក់ចេញវិញ បានចំណេញ២ពាន់រៀលដែរ។ បើកាលពីសម្បូរបារាំងមក ខ្ញុំលក់បានមួយស្និត៣ដុល្លារអាមេរិក បានចំណេញក្រែលគ្រាន់ដែរ។ បើអត់មានភ្ញៀវបែបនេះ បានតែ៨ពាន់រៀលប៉ុណ្ណោះឯង គ្រាន់ទិញអង្ករហូប។ ប្ដីរបស់ខ្ញុំដើរដាក់អន្ទាក់ ដាក់សន្ទូច ដាក់មងយកត្រីនៅតាមស្ទឹង»។
អ្នកស្រី ឈឿន ពេជ អ្នកលក់ចេកនៅតាមចង្កេះភ្នំគូលែន
រីឯ អ្នកស្រី ថេង ចេង អាយុ៣៣ឆ្នាំ លក់ចេកល័ក្ត ផ្លែក្រឡាញ់ និងដើមចេកល័ក្តតូចៗល្មម។ មិនខុសពីអ្នកលក់ទាំងពីរខាងលើឡើយ មុខរបរនេះបានចំណូលមិនទៀងទេ សម្រាប់អ្នកស្រី ថេង ចេង។ អង្គុយបកសម្បកផ្លែក្រឡាញ់ នៅក្នុងរោងលក់ចេក ជាមួយម្ដាយវ័យជាង៧០ឆ្នាំ និងមានអ្នកលក់ដូចគ្នាអង្គុយនៅជិតនោះផង អ្នកស្រី ចេង ប្រាប់ពីមុខរបររបស់ខ្លួនដូច្នេះ៖«លក់ថ្ងៃខ្លះក៏អត់ ថ្ងៃខ្លះក៏បាន៣ទៅ៥ចង្កោមទៅណា។ ផ្លែក្រឡាញ់នេះ មួយចង្កោម៣ពាន់រៀល ហើយពីរចង្កោម៥ពាន់រៀល។ ចេកលក់មិនសូវដាច់ទេ ថ្ងៃនេះបានលក់ដាច់មួយស្ទង ថ្ងៃខ្លះបានដាច់ពីរស្ទង ហើយថ្ងៃខ្លះទៀត ដាច់តែមួយស្និតឬក៏ពីរស្និតអីហ្នឹង។ ពេលខ្លះលក់មិនដាច់ត្រូវខូច ហើយខាតលុយដែរ។ បើលើកពីគេមកតិចបែបនេះ ខាត៣ទៅ៤ម៉ឺនរៀលទៅណា ជួនកាលលើកច្រើន ប្រហែល១០ស្ទង បើខាតក៏ចូល១០ម៉ឺនអីដែរ»។
អ្នកស្រី ថេង ចេង អ្នកលក់ចេក និងផ្លែក្រឡាញ់ នៅតាមផ្លូវចង្កេះភ្នំគូលែន
ត្រឡប់ទៅអ្នកស្រី ឈឿន ពេជ ដែលមានកូនច្បងមានជំងឺប្រកាច់ព្យាបាលមិនជាតាំងពី២ឆ្នាំមុន នៅតែតស៊ូលក់ចេកនេះបន្ត បើទោះបីជាវាផ្ដល់ចំណូលឱ្យគាត់តិចតួចក៏ដោយចុះ។ ពរកូនតូចនៅជាប់ចង្កេះ ស្ត្រីរស់ក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប រូបនេះ ចាប់របរលក់ចេកល័ក្ត តាំងពីប្រហែល៣០ឆ្នាំមុន៖«បានប្រាក់បន្តិចបន្តួច ថ្ងៃខ្លះទៅក៏បាន២ម៉ឺនឬ៣ម៉ឺនរៀល ចំណែកថ្ងៃនេះបាន២ម៉ឺន៥ពាន់រៀល ហើយលក់បាននេះទាំងថ្លៃដើម មិនទាន់កាត់ប្រាក់ចំណេញចេញទេ។ ខ្ញុំទិញពីគេក្នុងមួយស្និតតម្លៃ៧ពាន់រៀល ហើយលក់ចេញទៅវិញតម្លៃ៨ពាន់រៀល។ បើលក់ពេលបុណ្យ បានមួយស្និត១ម៉ឺន ដល់អត់មានឡានបែបនេះ ជួនកាលលក់៦ពាន់ទៅវិញក៏មាន ខាតដើម ឱ្យតែបានដាច់ខ្លះ»។
ក្រៅពីលក់ចេក អ្នកស្រី ពេជ ដែលមានរូបរាងស្គម សម្បុរស្រអែមហើយស្រអាប់ ក៏ចូលទៅក្នុងព្រៃជ្រៅ ដើម្បីដកផ្សិតឈើយកទៅលក់ដែរ ហើយនេះគឺជាប្រភពប្រាក់ចំណូលបន្តិចបន្ទួចទៀត ជួយជីវភាពគ្រួសារមួយនេះ៖«ក្រៅពីរបរនេះខ្ញុំមិនមានរបរអ្វីផ្សេងទេ ព្រោះគេមិនឱ្យកាប់ចម្ការទេ គឺខាងបរិស្ថានគេមិនឱ្យកាប់។ ចេកនេះខ្ញុំទិញពីគេនៅភូមិខាងណោះ។ ភូមិខាងណោះ គេអត់មានខាងបរិស្ថានចុះទេ តែភូមិខ្ញុំនេះ គេចង់ចូលក្របខ័ណ្ឌហើយ អ៊ីចឹងខាងបរិស្ថានគេមិនឱ្យកាប់ព្រៃឈើទេ។ លក់៤ទៅ៥ថ្ងៃហើយ ខំសន្សំទៅ បានទិញអង្ករមួយបេរ ខ្ញុំទិញម្សិលមិញ។ ម្ហូបគេមកលក់នៅលើនេះឯង ទិញគេខ្លះ ហើយខ្ញុំដាក់អង្គប់កណ្ដុរកៀនផ្ទះខ្លះ»។
ចេកដែលព្យួរលក់តាមផ្លូវចង្កេះភ្នំគូលែន
មិនខុសគ្នាប៉ុន្មាន អ្នកស្រី ថេង ចេង សម្ដីស្រួយ រាងតូចស្ដើង ពាក់អាវក្រឡាការ៉ូពណ៌ក្រហមលាយសខ្មៅ ស្លៀកសារ៉ុងមានផ្កានិងស្លឹកឈើពណ៌បៃតង មានមុខរបរច្រើន ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ៖«ឆ្នាំនេះដោយសារមានទឹកភ្លៀងទេ ទើបមានក្រឡាញ់ និងចេក កើតច្រើន បើថាឆ្នាំមុនៗមិនសូវមានទឹកភ្លៀង ក៏អត់មានចេកដែរ។ អត់មានអីលក់ ខ្ញុំទៅស៊ីឈ្នួលគេ ជម្រះស្មៅ ជួនកាលបេះផ្សិត ខែនេះមានផ្សិតឈើដុះ ក៏ដើរបេះលក់។ ក្នុងព្រៃមានផ្សិតឈើ មានផ្លែគុយ ផ្លែគូលែន ឱ្យតែខែផ្លែឈើ វាផ្លាស់ប្ដូរគ្នា។ ខ្ញុំជិះម៉ូតូទៅបេះផ្លែឈើព្រៃ នៅសហគមន៍អន្លង់ធំ។ នៅទីនេះមានផ្លែឈើព្រៃដែរ តែមានដើមតិច ប៉ុន្តែបើទៅខាងនោះ(ភូមិនៅឆ្ងាយ) មានដើមច្រើន»។
អ្នកស្រី ចេង ប្រាប់ពីការទៅបេះផ្លែឈើព្រៃនៅតាមរដូវកាល ក៏ដូចជាប្រាប់ពីការងាររបស់ប្ដីគាត់ ទាំងសម្ដីលាយសំណើចផង៖«ខែផ្លែគូលែន គឺនៅខែផល្គុន ហើយផ្លែគុយក៏មានក្នុងខែផល្គុន និងខែចេត្រដូចគ្នា។ ជិះម៉ូតូទៅបេះ ល្ងាចត្រឡប់មកវិញ មិនសូវឆ្ងាយដែរ ប្រហែល១០គីឡូម៉ែត្រអីហ្នឹង។ ប្ដីរបស់ខ្ញុំជាសន្តិសុខយាមនៅតាមផ្លូវ គាត់ជាសន្និសុខភូមិ។ គាត់មើលនិងការពារនៅតាមផ្លូវ ខ្លាចឡានខូច ម៉ូតូខូច គាត់អាចនៅយាមបាន ដើម្បីកុំឱ្យភ្ញៀវទេសចរណ៍គាត់ភិតភ័យ»។
មានកូនស្រីមួយអាយុ៣ឆ្នាំ ស្ត្រីរស់ក្នុងភូមិវីរៈកាត់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលប្រកបរបរលក់ចេក ប្រហែល២០ឆ្នាំមកហើយនេះ ពន្យល់បន្ថែមពីការងាររបស់ប្ដី ដែលទីពឹងចំណូលបានពីទឹកចិត្តភ្ញៀវទេសចរណ៍ចុះឡើងភ្នំដូច្នេះ៖«តាមផ្លូវនេះ មានម៉ូតូឡាន ឧស្សាហ៍ខូចដែរ បើមិនមានសន្តិសុខយាម ទុកឡានចោល មិនកើតទេ។ បើមានសន្តិសុខ ពេលភ្ញៀវមកដើរលេង គាត់កក់ក្ដៅដែរ។ ថវិកាបានតែពីភ្ញៀវដែលគាត់មកលេង គាត់អាណិត គាត់ឱ្យខ្លះ ជួនកាលគេឱ្យសារុង កន្សែង មី អង្គរ។ ថ្ងៃខ្លះភ្ញៀវឱ្យបាន១ម៉ឺន ឬ២ម៉ឺនរៀល ថ្ងៃខ្លះក៏បាន៤ឬ៥ពាន់រៀល។ បើមានបុណ្យ អាចបាន១០ទៅ២០ម៉ឺនរៀល គ្រាន់បានដោះទាល់ជីវភាពតិចៗដែរ»៕