COVID-19
អន្តរជាតិ
វៀតណាម នឹង​សាកល្បង​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ស្រុកលើ​មនុស្ស​នៅ​ថ្ងៃទី​១០ ធ្នូ
07, Dec 2020 , 4:08 pm        
រូបភាព
អ្នកស្រាវជ្រាវវ៉ាក់សាំង យកសំណាកពីសត្វកណ្តុរ ដើម្បីស្រាវជ្រាវលើវ៉ាក់សាំងប្រឆាំងកូវីដ-១៩។ រូបភាព៖ Vabiotech
អ្នកស្រាវជ្រាវវ៉ាក់សាំង យកសំណាកពីសត្វកណ្តុរ ដើម្បីស្រាវជ្រាវលើវ៉ាក់សាំងប្រឆាំងកូវីដ-១៩។ រូបភាព៖ Vabiotech
​ក្រុមហ៊ុន​ឱសថ​វៀតណាម Nanogen នឹង​សាកល្បង​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ នៅ​ដំណាក់កាល​មួយ នៅ​ថ្ងៃទី​១០ ខែធ្នូ ខាងមុខ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Vietnam Express នៅ​ថ្ងៃទី​៦ ខែធ្នូ​។

 
​វៀតណាម មាន​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ចំនួន ៤ ដែល​អភិវឌ្ឍ​ក្នុងស្រុក​ផ្ទាល់​ដូចជា​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Nanogen, ក្រុមហ៊ុន Vabiotech, ក្រុមហ៊ុន Polyvac និង​វ៉ាក់សាំង​របស់​វិទ្យាស្ថាន​វ៉ាក់សាំង និង​វេជ្ជសាស្ត្រ (IVAC)​។ ក្នុងចំណោម​បេក្ខភាព​វ៉ាក់សាំង​ទាំង ៤​នេះ មានតែ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Nanogen ប៉ុណ្ណោះ ដែល​ឈានដល់​ដំណាក់កាល​សាកល្បង​លើ​មនុស្ស​។ 
 
​តាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម លោក Nguyen Thanh Long  ក្រុមហ៊ុន​ថ្នាំពេទ្យ Nanogen នឹង​សហការ​ជាមួយ បណ្ឌិត្យសភា​វេជ្ជសាស្ត្រ​យោធា​វៀតណាម ដើម្បី​ចាប់ផ្តើម​រើស​អ្នកស្ម័គ្រចិត្ត​ក្នុងការ​សាកល្បង​វ៉ាក់សាំង​នេះ​។ បន្ទាប់ពី​រើស​រួច អ្នក​ទាំងនោះ នឹងត្រូវ​ចាក់​វ៉ាក់សាំង​ជា​លើកដំបូង នៅពេល​ខ្លី​ខាងមុខ​តែម្ដង​។ ក្នុងការ​សាកល្បង​លើ​មនុស្ស​លើកដំបូង​នេះ វៀតណាម នឹង​រើស​មនុស្ស​ប្រមាណ ២០​នាក់​ប៉ុណ្ណោះ ដែលមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ រហូតដល់ ៤០​ឆ្នាំ​។ 
 
«​យើង​ត្រូវតែ​សកម្ម និង​រក​ឲ្យ​ឃើញ​វ៉ាក់សាំង​កូ​វីដ​-១៩ ឲ្យ​បាន​ឆាប់​បំផុត​»​។ លោក​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា ក្រសួងសុខាភិបាល នឹង​ព​ន្លឿ​ន​នីតិវិធី​នេះ តាមរយៈ​ការសម្រួល​លក្ខ​ខណៈ​មួយចំនួន​សម្រាប់​ស្ថាប័ន​ផលិត​វ៉ាក់សាំង​ដូចជា​ការកាត់បន្ថយ​នីតិវិធី​រដ្ឋបាល ការ​ព​ន្លឿ​ន​ការចុះបញ្ជី និង​ការផ្តល់​អាជ្ញាប័ណ្ណ​លើ​វ៉ាក់សាំង​ជាដើម​។ 
 
​បេក្ខភាព​វ៉ាក់សាំង​ផ្សេងទៀត​របស់​វៀតណាម ដូចជា វ៉ាក់សាំង​របស់​វិទ្យាស្ថាន​IVAC និង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Vabiotech បានបញ្ចប់​នីតិវិធី​លើ​ការស្រាវជ្រាវ និង​ពិសោធន៍​លើ​សត្វ​រួចហើយ និង​កំពុងស្ថិត​នៅក្នុង​ការវាយតម្លៃ​លើ​សុវត្ថិភាព និង​ភាពស៊ាំ​។ លើសពីនេះ ក្រសួងសុខាភិបាល​វៀត​ណា​ម ក៏បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ផលិត​ថ្នាំ​វៀតណាម Polyvac សហការ​ជាមួយ​រុស្ស៊ី និង​ចិន លើ​វ៉ាក់សាំង​ផងដែរ​។​
 
​គិត​មក​ត្រឹម​ថ្ងៃទី​៦ ខែធ្នូ វៀតណាម មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​ចំនួន ១៣៦៥​ករណី ខណៈ​អ្នក​ស្លាប់មាន​ចំនួន ៣៥​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ១២២០​នាក់​។ ករណី​ផ្ទុះ​នៅក្នុង​ទីក្រុង​ហូជីមិញ ដែល​កើតចេញពី​អ្នកបម្រើ​ការ​លើ​យន្តហោះ​ម្នាក់​ក្នុងពេល​ថ្មីៗ​នេះ ត្រូវបាន​អាជ្ញាធរ អះអាងថា ស្ថិតនៅក្រោម​ការគ្រប់គ្រង​បាន​ហើយ​។ ការគ្រប់គ្រង​បាន​នេះ កើតចេញពី​វិធានការ​ដ៏​តឹង​រ៉ឺ​ង​របស់​រដ្ឋាភិបាល​ដូចជា ការផ្អាក​ការហោះហើរ​ចូលមក​ក្នុងស្រុក​បណ្តោះអាសន្ន និង​ការព្រមាន​ពី​ការបញ្ឈប់​ក្រុមហ៊ុន​អាកាសចរណ៍​ជាដើម​៕
 
 

Tag:
 ​វៀតណាម​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com