ខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម បានចាត់ទុកអតីតខ្សែបម្រើអង់គ្លេស David Backham ជាកីឡាករនិមិត្តរូប(Idol)សម្រាប់ខ្លួន។ បុរសវ័យ៤៥ឆ្នាំរូបនេះ ក៏ជាបុគ្គលដែលធ្វើឲ្យរូបគេចូលចិត្តពាក់អាវលេខ៧ ជាជាងលេខផ្សេងៗផងដែរ។
ក្នុងកម្មវិធីសំណួរ-ចំឡើយ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អ្នកគាំទ្រ បានសួរសំណួរជាច្រើនទៅកាន់កីឡាករ ប្រាក់ មុន្នីឧត្តម ពាក់ព័ន្ធការប្រឡូកក្នុងវិស័យបាល់ទាត់។ ក្នុងនោះ មានអ្នកគាំទ្រមួយចំនួនបានសួរខ្សែប្រយុទ្ធរូបនេះ ពីកីឡាករបរទេសដែលជា Idol និងមូលហេតុដែលជំរុញឲ្យរូបគេជ្រើសរើសលេខ៧ ធ្វើជាលេខសម្គាល់ប្រចាំឯកសណ្ឋាន។
ឆ្លើយនឹងសំណួររបស់ទំព័រហ្វេសប៊ុកឈ្មោះ Le Ak ដែលសួរពីកីឡាករបរទេស ដែលជានិមិត្តរូប កីឡាករ ប្រាក់ មុន្នីឧត្តម បានឆ្លើយដូច្នេះថា៖«សម្រាប់ Idol ខ្ញុំ តាំងពីខ្ញុំចេះលេងបាល់ទាត់ គឺកីឡាករ David Backham គាត់ជាជនជាតិអង់គ្លេស។ ដឹងព្រោះអីអត់? ខ្ញុំចូលចិត្តគាត់តាំងពីដើម»។ ប៉ុន្តែនៅក្នុងក្របខណ្ឌ La Liga ឧត្តម ចូលចិត្តកីឡាករ Lionel Messi ហើយនៅក្នុងតំបន់អាស៊ីរូបគេចូលចិត្តខ្សែប្រយុទ្ធកូរ៉េខងត្បូង Son Heung-Min។
អតីតខ្សែបម្រើ David Backham ក៏ជាដើមចមធ្វើឲ្យកីឡាករ ប្រាក់ មុន្នីឧត្តម ចូលចិត្តពាក់អាវលេខ៧ និងជំរុញឲ្យរូបគេពូកែខាងទាត់បាល់ Free Kick ផងដែរ។
«ខ្ញុំចូលចិត្តទាត់បាល់ Free Kick ដោយសារខ្ញុំស្រលាញ់កីឡាករ David Backham ហើយខ្ញុំចង់រៀនតាមគាត់ ដែលជាហេតុធ្វើឲ្យខ្ញុំអាចទាត់បាល់កោងនិងព្យាយាមហ្វឹកហាត់បានល្អ។ និយាយរួមទៅលេខ៧ខ្ញុំស្រលាញ់តាំងពីក្មេង ហើយណាមួយដោយសារខ្ញុំស្គាល់កីឡាករ David Backham ទើបធ្វើឲ្យខ្ញុំស្រលាញ់លេខ៧ និងចង់ពាក់អាវលេខ៧ ព្រោះចង់ធ្វើយ៉ាងម៉េចឲ្យដូចគាត់»។ នេះជាការលើកឡើងរបស់កីឡាករ ប្រាក់ មុន្នីឧត្តម។
ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះ បានចែករំលែកបទពិសោធន៍មួយចំនួនដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យមានសមត្ថភាពខ្លាំង និងក្លាយជាកីឡាករអាជីព។ សម្រាប់ ឧត្តម ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាកីឡាករអាជីពមានសមត្ថភាពខ្លាំងពូកែ កីឡាករគ្រប់រូបមានការតាំងចិត្ត និងព្យាយាមហ្វឹកហាត់ រួមជាមួយការស្រលាញ់អាជីពមួយនេះ។
ទន្ទឹមនឹងនេះ អតីតកីឡាករធ្លាប់លេងឲ្យក្លិបក្របខណ្ឌកំពូលម៉ាឡេស៊ី Negeri Sembilan កាលពីឆ្នាំ២០១៨ រូបនេះ ក៏បានទម្លាយពីភាពឈឺចាប់ក្នុងអាជីពបាល់ទាត់ផងដែរ។ រូបគេ អះអាងថា រឿងដែលធ្វើឲ្យគេឈឺចាប់ និងចង់ចាំមិនភ្លេចនោះ គឺពេលដែលខ្លួនហ្វឹកហាត់ ហើយមិនបានចូលលេង។ បញ្ហានេះ ក៏ជាមូលហេតុមួយដែលធ្វើឲ្យរូបគេគិតចង់បោះបង់អាជីពនេះម្តងៗផងដែរ។
គិតមកដល់បច្ចុប្បន្នមានរយៈពេល១៦ឆ្នាំ ហើយដែលកីឡាករ ប្រាក់ មុន្នីឧត្តម បានចូលប្រឡូកក្នុងវិស័យកីឡាបាល់ទាត់។ រូបគេ បានចូលប្រឡូកក្នុងវិស័យកីឡាបាល់ទាត់នៅអាយុ១៣ឆ្នាំដោយធ្វើជាយុវជនរបស់ក្លិបកងរាជអាវុធហត្ថលើផ្ទៃប្រទេស(ព្រះខ័នរាជស្វាយរៀង)។
កីឡាករកម្ពស់១.៧៣ម៉ែត្ររូបនេះ ត្រូវបានដំឡើងពីឈុតយុវជនឲ្យមកលេងក្នុងក្រុមឈុតធំនៅឆ្នាំ២០១០ ក្រោយប្រឡូកបានរយៈពេល៥ឆ្នាំ។ រូបគេ បានចេញទៅប្រកបអាជីពនៅក្រៅប្រទេសលើកដំបូងនៅឆ្នាំ២០១៨ ជាមួយក្លិបក្របខណ្ឌកំពូលម៉ាឡេស៊ី Negeri Sembilan។ ក្រោយលេងបានពាក់កណ្តាលរដូវកាល រូបគេ ក៏បានចែកផ្លូវជាមួយក្លិបនេះ ហើយបានវិលត្រឡប់មកចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀងវិញឆ្នាំដដែល រហូតមកដល់បច្ចុប្បន្ន។
កីឡាករ ប្រាក់ មុន្នីឧត្តម បានក្លាយជាសមាជិកក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំនៅអំឡុងឆ្នាំ២០០៩ និងជាសមាជិកក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ, ២៣ឆ្នាំ និងក្រុមជម្រើសជាតិឈុតធំនៅអំឡុងឆ្នាំ២០១១៕