ជាតិ
សង្គមជាតិ
សម្តេ​ច ស ខេង ហាម​មន្ត្រី​ទៅធ្វើ​ការ​ក្នុង​បរិវេណ​ទីស្តីការ​ក្រសួងមហាផ្ទៃ​ជា​បណ្តោះអាសន្ន​
07, Dec 2020 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ  បាន​ផ្អាក​មន្ត្រី​របស់ខ្លួន​មិន​ឱ្យមក​ចូល​បំពេញការងារ​ប្រចាំ​ថ្ងៃជា​បណ្តោះអាសន្ន នៅក្នុង​បរិវេណ​ទីស្តីការ​ក្រសួងមហាផ្ទៃ ចាប់ពី​ថ្ងៃទី​៧​ធ្នូ​នេះ​តទៅ​។ ការផ្អាក​មន្ត្រី​នៅក្នុង​ក្រសួងមហាផ្ទៃ​មិន​ឱ្យមក​បំពេញការងារ​នៅក្នុង​បរិវេណ​ទីស្តីការ​នោះ គឺមាន​ទាំង​ថ្នាក់​ដឹក មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ មន្ត្រី​ពន្ធនាគារ នៅតាម​អគ្គនាយកដ្ឋាន និង​អង្គភាព​នានា​។

 
​បើតាម​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ការផ្អាក​មន្ត្រី​មិន​ឱ្យមក​បំពេញការងារ​ជា​បណ្តោះអាសន្ន​នេះ គឺធ្វើឡើង​តែ​នៅក្នុង​បរិវេណ​ទីស្តីការក្រសួង​ប៉ុណ្ណោះ ដោយ​តម្រូវឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងនោះ ត្រូវ​បំពេញការងារ​ប្រចាំថ្ងៃ​ពី​ចម្ងាយ ឬ​ពី​ផ្ទះ​(​ធ្វើការ​ងារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​) ខណៈ​ទីកន្លែង​ការងារ​ផ្សេងៗ​នៃ​ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យ​មន្ត្រី​មក​បំពេញការងារ​ប្រចាំថ្ងៃ​ដដែល​។ 
 
​ការផ្អាក​មន្ត្រី​មិន​ឱ្យមក​បំពេញការងារ​នៅក្នុង​បរិវេណ​ទី​ស្តី​ក្រសួងមហាផ្ទៃ​ជា​បណ្តោះអាសន្ន​នេះ គឺ​ដើម្បីឱ្យ​មន្ត្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល​មក​បាញ់ថ្នាំ​សម្លាប់​មេរោគ​កូ​វីដ​-១៩​។ នេះ​ជាការ​លើកឡើង​របស់លោក ខៀវ សុភ័គ ដោយ​បន្ត​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មន្ត្រី​ទាំងអស់​ដែល​ស្ថិតក្នុង​អំឡុងពេល​នៃ​ការផ្អាក​ការចេញ​-​ចូលមក​បំពេញការងា​រ​នៅ​ទីស្តីការក្រសួង​ជា​បណ្តោះអាសន្ន​នេះ គឺត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​រយៈពេល​១៤​ថ្ងៃ​ឱ្យបាន​ត្រឹមត្រូវ​បំផុត​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​។​
 
​យ៉ាងណាមិញ លោក ខៀវ សុភ័គ មិនទាន់​អាច​បញ្ជាក់​បានឡើយ នូវ​ពេលវេលា​ណាមួយ​ច្បាស់លាស់ ក្នុងការ​អនុញ្ញាតឱ្យ​មន្ត្រី​នានា​មក​បំពេញការងារ​ជាធម្មតា​ឡើងវិញ នៅក្នុង​បរិវេណ​ទីស្តីការក្រសួង​មហាផ្ទៃ​នេះ​។ 
​នា​ថ្ងៃទី​៧​ធ្នូ​នេះ នៅក្នុង​បរិវេណ​ក្រសួងមហាផ្ទៃ មាន​មនុស្ស​យ៉ាងច្រើន​កកកុញ​ទៅ​តម្រង់​ជួរ​គ្នា ដើម្បី​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩ លើក​ទី​២ ។ អ្វី​ដែលជា​កង្វល់​នោះ គឺ​ក្រុម​អ្នក​តម្រង់​ជួរ មិនបាន​រក្សា​គម្លាត​សុវត្ថិភាព​ត្រឹមត្រូវ​នោះឡើយ ដែល​កំពុង​បង្កក្តី​បារម្ភ​យ៉ាង​ធំ​ក្នុងការ​ចម្លង​មេរោគ​នេះ​យ៉ាង​ឆាប់រហ័ស ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់​។​
 
​គិត​ត្រឹម​ថ្ងៃទី​៧​ធ្នូ​នេះ អ្នក​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា បាន​កើន​ឡើងដល់​៣២​នាក់ ខណៈ​ការធ្វើ​តេស្ត​មាន​ចំនួន​១១,៣០៥​សំណាក​ហើយ​។ ដោយឡែក សម្រាប់​នៅ​កម្ពុជា​ទាំងមូល មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ឡើងដល់​៣៤៨​នាក់​។  ក្នុងនោះ​មាន​៣០៦​នាក់ ជាសះស្បើយ និង​អ្នកជំងឺ​មាន​៤២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ​៕
 
 
 
 

Tag:
 COVID-19
  សម្ត​ច ស ខេង​
© រក្សាសិទ្ធិដោយ thmeythmey.com